ភ្នំពេញ ៖ នៅក្នុងស្ថានការណ៍ដ៏គួរឱ្យព្រួយបារម្ភបណ្ដាលមកពីការរាតត្បាតមេរោគ Covid-19 ដែលអាចធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងគំហុកនៅពេលបច្ចុប្បន្ននេះ ត្រូវបានក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចសម្លឹងឃើញថា វាជាឱកាសដ៏ល្អកម្រមានសម្រាប់អ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យ ជាពិសេសផ្នែកដីធ្លីដែលមានតម្លៃទាបជាងទីផ្សារ និងផ្ដល់លទ្ធផលល្អក្នុងការវិនិយោគ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW Sen Sok លោក សំ សុខនឿន បានបង្ហាញពីគំនិតវិជ្ជមានថា នៅឆ្នាំ២០២០ ដែលកំពុងតែស្ថិតនៅក្នុងវិបត្តិ Covid-19 គឺជាឱកាសល្អទាំងសម្រាប់អ្នកមានបំណងចង់ទិញលំនៅដ្ឋានដើម្បីស្នាក់នៅក្នុងតម្លៃទាប ក៏ដូចជាអ្នកវិនិយោគលើវិស័យដីធ្លីផងដែរ ។ លោក បានបញ្ជាក់ថា ឱកាសល្អសម្រាប់អ្នកដែលចង់ទិញលំនៅដ្ឋានបានស្អាត និងមានតម្លៃទាបនៅពេលនេះ គឺមានហេតុផលចំនួន៣ គឺទី១-អ្នកអភិវឌ្ឍបុរីជាទូទៅកំពុងតែផ្តល់លក្ខខណ្ឌបង់ប្រាក់ងាយស្រួល និងមានការបញ្ចុះតំលៃពិសេស។ ទី២- នៅក្នុងឆ្នាំ២០២០នេះ អ្នកទិញនឹងមិនត្រូវបង់ពន្ធប្រថាប់ត្រា៤ភាគរយ សំរាប់ផ្ទះតំលៃ៧ម៉ឺនដុល្លារចុះ ហើយទី៣- អ្នកទិញមានឱកាសចំនេញបានខ្ពស់ ព្រោះមេរោគ COVID-19 នឹងបាត់ទៅវិញក្រោយមានសញ្ញាណវិជ្ជមានមួយចំនួនដែលបង្ហាញថា ពិភពលោកអាចគ្រប់គ្រងស្ថានការនៃការរីករាលដាលនេះបាន។
ដោយឡែក សម្រាប់សម្រាប់អ្នកវិនិយោគអចលនវត្ថុទូទៅ គួរតែវិនិយោគដីធ្លីនៅក្នុងឆ្នាំ២០២០នេះ ដោយសារមានកត្តា៣យ៉ាងផ្តល់អំណោយផល ទី១- អ្នកទិញមានជម្រើសច្រើនក្នុងការទិញ ដោយមានអ្នកចង់លក់ច្រើន ធ្វើឱ្យអ្នកទិញ ទិញបានតម្លៃក្រោមទីផ្សារ និងមានឱកាសចំណេញបានខ្ពស់។ ទី២- ប្រមុខរាជរដ្ឋាភិបាលកំពុងមានយន្តការជំរុញ និងលើកទឹកចិត្តវិនិយោគិនក្រៅប្រទេសឱ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ទី៣-តម្រូវការក្នុងស្រុកជាក់ស្តែងនៅតែមានការកើនឡើងនៅក្នុងឆ្នាំ២០២០នេះ។
ដោយឡែកសម្រាប់ការធ្វើអាជីវកម្ម ពាណិជ្ជកម្មវិញ ស្ថិតនៅក្នុងស្ថានការណ៍ដែលកំពុងប្រឈមនៅពេលនេះ មានសហគ្រិនមួយចំនួនសួរខ្លួនឯងថា តើគួប្រើវិធានការបែបណាដែលអាចជួយការពារអាជីវកម្មរបស់ខ្លួនបានជាមួយនឹងភាពមិនច្បាស់លាស់ពីកាលកំណត់លុបបំបាត់នូវវិបត្តិនេះបាន? ប៉ុន្តែសម្រាប់សហគ្រិនដែលមានភាពរឹងមាំ នៅតែមានសុទិដ្ឋិនិយមខ្ពស់ ហើយបញ្ជាក់ថា នៅក្នុងបរិបថនៃវុបត្តិជាសាកលមួយនេះ មានឱកាសច្រើនណាស់ដែលបង្កប់ខ្លួននៅក្នុងបញ្ហា ហើយគួរតែប្រើប្រាស់ឱកាសនេះដើម្បីបង្កើនកម្លាំង និងទាញយកប្រយោជន៍។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចអន្តរជាតិបានអះអាងថា ការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ក៏ដូចជានៅក្នុងតំបន់អាចបង្កើតជាឱកាសសម្រាប់ការផ្លាស់ប្តូរទីផ្សារ។ ជាឧទាហរណ៍ ក្រោយពីមានវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ មានក្រុមហ៊ុនធំៗចំនួនពីរបានកើតឡើងគឺក្រុមហ៊ុន Airbnb និងក្រុមហ៊ុន Uber។ ក្រុមហ៊ុនទាំងពីរនេះបានរកឃើញគន្លឹះផ្លាស់ប្តូរគំរូពាណិជ្ជកម្មចាស់តាមរយៈការលើកកម្ពស់មនុស្សទូទៅឱ្យរកប្រភពចំណូល ផ្តល់គំនិតច្នៃប្រឌិត និងជម្រើសការងារ។ ចរន្តនៃការងារឯករាជ្យមានមកច្រើនឆ្នាំហើយ ប៉ុន្តែដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ចបានរុញច្រានចរន្តនេះឱ្យឡើងកាន់តែខ្ពស់។ ការងារដែលធ្វើដោយខ្លួនឯងបានក្លាយជាដំណោះស្រាយនៃបញ្ហាក្នុងក្រុមហ៊ុនជាប្រពៃណី។
បើទោះជាដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ចជាសកលបង្កើតសម្ពាធខ្លាំងលើពាណិជ្ជកម្មតូចតាច ប៉ុន្តែវាក៏បានបង្កើតជាឱកាសសម្រាប់ការចាប់ផ្តើមពាណិជ្ជកម្មថ្មីៗជាច្រើនដែលពោរពេញដោយគំនិតច្នៃប្រឌិត។ ភាពខុសគ្នាស្ថិតនៅត្រង់វិធីសាស្ត្រនៃការធ្វើពាណិជ្ជកម្ម។ សម្រាប់សហគ្រិនដែលចេះមើលចរន្តនៃដំណើរឡើងចុះនៃទីផ្សារសកលមិនមែនជាការគំរាមកំហែងទេ ប៉ុន្តែវាជាឱកាសទៅវិញ៕