ភ្នំពេញ ៖ ត្រឹមរយៈពេល ៣ខែដើមឆ្នាំ២០២០កន្លងទៅនេះ ជាលទ្ធផលនៃការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់បណ្តាទីផ្សារអន្តរជាតិមានកំណើនរហូតដល់ជិត ៣លានតោន បើទោះជាទីផ្សារបញ្ជាទិញនៅប្រទេសមួយចំនួនត្រូវបានប្រកាសផ្អាកក៏ដោយ។
សម្រាប់ផលិតផលកសិកម្មដែលបាននាំចេញទៅកានើទីផ្សារអន្តរជាតិទាំងអស់ខាងលើនេះរួមមានដូចជា ស្រូវ អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ សណ្តែងសៀង ស្វាយ ផ្លែចេកស្រស់ ពោត ម្រេច រួមជាមួយនឹងផលិតផលកសិផលបន្ទាប់បន្សំមួយចំនួន ដែលក្នុងនោះសម្រាប់តែអង្ករមានចំនួនរហូតដល់ទៅ ២៣០ ៩៤៨ តោន ដោយត្រូវបែងចែកនៅតាមទីផ្សារផ្សេងគ្នា ដូចជាទីផ្សារប្រទេសមានចំនួន ១០១ ៣៤៥តោន ទីផ្សារអឺរ៉ុបចំនួន ៧០ ០៤០តោន ទីផ្សារអាស៊ានចំនួន២៨ ៧៩៩តោន រួមជាមួយបណ្តាទីផ្សារដទៃទៀសសរុបចំនួន ៣០៧៦៤តោន ។
នៅក្នុងខែមីនា ឆ្នាំ២០២០ ការនាំចេញអង្កររបស់ប្រទេសកម្ពុជា មានបរិមាណចំនួន ៩៤ ៤៤៩ តោន គឺមានកំណើនជិត ១០ភាគរយ ធៀបទៅនឹងខែកុម្ភៈ ឆ្នាំ២០២។ ហើយបើប្រៀបធៀបទៅនឹងខែមីនា ដូចគ្នា ក្នុងឆ្នាំ២០១៩ វិញ ឃើញថា មានកំណើននាំចេញរហូតដល់ ៦២ ភាគរយ ស្របពេលដែលខែមីនា ឆ្នាំ២០១៩ បាននាំចេញត្រឹមតែ ៥៨ ៣៣៥ តោនតែប៉ុណ្ណោះ។ សម្រាប់ត្រីមាសទី១ នៃដើមឆ្នាំ២០២០នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករជាផ្លូវការរបស់ខ្លួនប្រមាណជា ២៣០ ៩៤៨ តោន ដែលមានកំណើននាំចេញជាង ៣៥ ភាគរយ ក្នុងនោះទិសដៅនាំចេញមានទៅកាន់ ប្រទេសចិន ៤៤ ភាគរយ ស្មើនឹង ១០១ ៣៤៥ តោន សហគមន៍អឺរ៉ុប ជាង ៣០ភាគរយ ស្មើនឹង ៧០ ០៤០ តោន ប្រទេសនៅក្នុងអាស៊ាន ជាង ១២ ភាគរយ ស្មើនឹង ២៨ ៧៩៩ តោន ហើយនិងនៅតាមបណ្តាប្រទេសផ្សេងទៀតបាននាំចេញជិត១៤ភាគរយ ស្មើនឹង ៣០៧៦៤ តោន។
សម្រាប់ការនាំចេញផលិតផលកសិផលនៅក្នុងត្រីមាសទី២ ត្រូវបានគេព្យាករណ៍ថា អាចនឹងមានថមថយ ដោយរដ្ឋាភិបាលសម្រេចផ្អាកនាំចេញអង្ករសទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេលខ្លី ក្នុងពេលដែលមានការរាតត្បាតជំងឺឆ្លងវិបត្តិនៃជំងឺ Covid-19 ដែលពិភពលោកកំពុងប្រឈម៕