Samsung Display ក្រុមហ៊ុនផលិតបន្ទះអេក្រង់របស់កូរ៉េខាងត្បូងដែលជាផ្នែកមួយរបស់ Samsung Electronics បានសម្រេចចិត្តថា នឹងបញ្ឈប់ការផលិតបន្ទះអេក្រង់ LCD នៅក្នុងប្រទេសកូរ៉េ និងចិន នៅត្រឹមដំណាច់ឆ្នាំ2020នេះ។
ក្រុមហ៊ុនដដែលខាងលើ បានប្រកាសថា ការផ្អាកចង្វាក់ផលិតកម្ម អេក្រង់ LCD នៅក្នុងទឹកដីប្រទេសកូរ៉េខាងត្បូងរបស់ខ្លួន គឺដោយសារតម្រូវការអេក្រង់ LCD នៅលើទីផ្សារ មានការថយចុះ តាំងពីខែតុលា ឆ្នាំកន្លងទៅម្ល៉េះ។
ក្នុងសេចក្ដីថ្លែងការណ៍ Samsung Display បានបន្ថែមថា៖ “នៅមុនដំណាច់ឆ្នាំនេះ យើងនឹងបន្តផ្គត់ផ្គង់ការកុម្ម៉ង់អេក្រង់ LCD ជូនដល់អតិថិជន ដោយគ្មានបញ្ហាអ្វីឡើយ”
Samsung Display បានផលិតអេក្រង់ LCD សម្រាប់ផលិតផលដូចជា iPhone, iPad និង Mac ផងដែរ ប៉ុន្តែតម្រូវការ មានការធ្លាក់ចុះ ដោយសារ Apple និងក្រុមហ៊ុនផលិតស្មាតហ្វូនដទៃងាកទៅប្រើអេក្រង់ OLED វិញ។
អេក្រង់ OLED នេះក៏ Samsung Display ជាអ្នកផ្គត់ផ្គង់ដែរ ដោយអាចទទួលបានចំនួនកុម្ម៉ង់ទិញដ៏ធំពី Apple សម្រាប់ iPhone តម្លៃថ្លៃ និង Apple Watch ហើយ LG ក៏ទទួលបានមួយចំណែកដែរពី Apple។
ក្រុមហ៊ុន BOE អាចនឹងក្លាយជាអ្នកផ្គត់ផ្គង់អេក្រង់ OLED ឱ្យទៅ Apple មួយថ្មីផងដែរ។ នេះបើតាមការចុះផ្សាយកន្លងមកសម្រាប់ឆ្នាំ2020 ឬ 2021៕