Skip to content

ការ​ដឹក​ជញ្ជូន​ទំនិញ​របស់​កម្ពុជា​យ៉ាង​ហោច​85​% ​ប្រើប្រាស់ផ្លូវ​ទឹក

ការ​ដឹក​បញ្ជូន​ទំនិញ​រវាង​កម្ពុជា​ជា​មួយ​អន្តរជាតិ​មាន​ច្រើន​លើស​លប់​ជា​សម្លៀក​បំពាក់​ និង​ផលិត​ផល​កសិកម្ម​ ដែល​មធ្យោបាយ​ដឹកជញ្ជូន​នោះ​គឺ​ប្រើ​ប្រាស់​ផ្លូវ​ទឹក​យ៉ាង​ហោច​ណាស់​85​%​​នៃ​ការ​ដឹកជញ្ជូន​សរុប​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា ​បាន​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ​ការ​បញ្ជូន​ទំនិញ​ខ្នាត​ធំ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​គ្មាន​មធ្យោបាយ​ណាផ្សេង​ក្រៅ​ពី​បញ្ជូន​តាម​កប៉ាល់​នោះ​ទេ ព្រោះ​ ការ​ដឹក​ជញ្ជូនតាម​ផ្លូវ​ទឹក​​មាន​តម្លៃ​ថោក​ជាង​ការ​ដឹក​ជញ្ជូន​តាម​មធ្យោបាយ​ផ្សេងៗ​ឆ្ងាយ​ណាស់​។ លោក​អះអាង​ថា ការ​បញ្ជូន​ទំនិញ​តាម​យន្ត​ហោះ​ ត្រូវ​គេ​ប្រើ​តាម​រដូវ​កាល​និង​ផលិត​ផល​ចាំ​បាច់​ខ្លះ​តែ​ប៉ុណ្ណោះ​ ដូច​ជា​ពេល​នេះ​នៅ​អឺរ៉ុប​ជិត​ដល់​ពេល​វិស្សមកាល​ ហើយ​ទំនិញ​មួយ​ចំនួន​ដើម្បី​បញ្ជូន​ទៅ​ដល់​ទីផ្សារ​បាន​ឆាប់​គឺ​ត្រូវ​ប្រើ​យន្ត​ហោះ ដោយ​សារ​ការ​បញ្ជូន​តាម​កប៉ាល​សមុទ្រ​ត្រូវ​ប្រើ​ពេល​1​ខែ​ទើប​ទៅដល់​គោល​​ដៅ។

លោកបាន​ឱ្យ​ដឹង​ទៀត​​​ថា ទំនិញ​ដែល​គេ​និយម​បញ្ជូន​តាម​យន្តហោះ​មានសម្លៀក​បំពាក់​ថ្លៃៗ របស់​របរ​​មាន​តម្លៃ​ផ្សេងៗ​ទៀត តែ​ចំពោះ​អង្ករ​ដែល​ជា​ទំនិញ​នាំ​ចេញ​សំខាន់​មួយ​របស់​កម្ពុជា​​នោះ គេ​មិនបានប្រើ​យន្តហោះ​សម្រាប់​ការ​ដឹក​ជញ្ជូន​ទេ។ លោក​លើក​ឧទាហរណ៍​ថា ទំនិញ​ទម្ងន់​10​តោន​ក្នុង​មួយកុងទីន័រ​ដឹក​ដល់​ទីផ្សារ​អាមេរិក​អស់​ថ្លៃ​សេវា​ 3,000​ដុល្លារ​តាម​កប៉ាល់​ តែ​បើ​ដឹក​តាម​យន្ត​ហោះ​អាច​អស់​លើស​3​ម៉ឺន​ដុល្លារ​។

លោកថ្លែងថា​៖ “រហូត​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​មាន​​​មធ្យោបាយ​អ្វីថ្មី​ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ជូន​ទំនិញ​ដែលធានា​ទាំង​តម្លៃ និង​សុវត្ថិភាព​ធៀប​នឹង​ការ​ដឹក​ជញ្ជូន​តាម​កប៉ាល់​នោះ​ទេ​។ យើង​​ដឹង​ពី​គម្រោង​តភ្ជាប់​របស់​ប្រទេស​ចិន​ទាក់​ទង​នឹង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុងតំបន់​ភ្ជាប់​ទៅ​អឺរ៉ុប តែ​នេះ​វា​ជា​ជម្រើស​មួយ​ស្ថិត​នៅ​ឆ្ងាយ​នៅ​ឡើយ​”។

ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​​ក៏​សង្កេត​ឃើញ​ផង​ដែរថា សម្រាប់​ការ​ដឹក​បញ្ជូន​ទំនិញ​តាម​យន្តហោះ​ក៏​មាន​ការ​រីក​ចម្រើន​ដែរ​សម្រាប់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ដោយ​សារ​មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​​សុទ្ធ​ប្រមាណ​3​ក្រុមហ៊ុន​កំពុង​ផ្តល់​សេវា​នេះ​នៅ​កម្ពុជា។ កន្លង​មក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​ធ្លាប់​បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​ផ្នែក​ឯកជន​ ដោយ​មាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា សមាគម​ដឹក​ជញ្ជូន​ទំនិញ​ផ្លូវគោក​កម្ពុជា និង​សមាគម​ដឹក​ជញ្ជូន​អ្នក​ដំណើរ​​ផ្លូវគោក​កម្ពុជា ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​ដឹក​ជញ្ជូន​ដែល​គេ​ចោទ​ប្រកាន់​ថា មាន​តម្លៃ​ខ្ពស់​ជា​ប្រទេស​ជិត​ខាង ដែល​នាំ​ទៅ​ដល់​ការ​បាត់បង់​ភាព​ប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់។ សម្រាប់​ការ​ដឹក​បញ្ជូន​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ទំនិញ​ភាគ​ច្រើន​លើស​លប់​ត្រូវ​ឆ្លង​កាត់​កំពង់ផែ​ក្រុង​ព្រះសីហនុ។

កាល​ពី​ឆ្នាំ2016 កន្លង​ទៅ​កំពង់ផែ​សមុទ្រ​មួយ​នេះ​ទទួល​បាន​ទំនិញ​ឆ្លងកាត់​សរុប​ទាំង​ចេញ​ទាំង​ចូល​ចំនួន​ 400,187 TU ដោយ​​កើន​ឡើង​2.15% បើ​​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​​ឆ្នាំ2015 ហើយ​ទំនិញ​ឆ្លង​កាត់​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ មាន​ចំនួន​​151,781 TU កើនឡើង​​4.8%​ ធៀប​នឹង​ឆ្នាំ2015។ទំនិញ​នាំ​ចូល​ឆ្លង​កាត់​កំពង់ផែ​ទាំង​ពីរ​របស់​កម្ពុជា មាន​ភាគ​ច្រើន​ជា​សម្ភារ​សំណង់ សម្លៀកបំពាក់​ អាហារ និង​ភេសជ្ជៈ ​រីឯ​ផលិតផល​នាំ​ចេញ​ មាន​សម្លៀកបំពាក់ ​ស្បែកជើង អង្ករ និង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត។

អ្នក​នាំ​ពាក្យ​​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរស៊ីវិល បាន​អះអាងថា​​ស្ថានភាព​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​​អាច​នឹង​ប្រែប្រួល​ច្រើន​នៅ​ពេល​អនាគត។ អាកាស​យានដ្ឋាន​អន្តរជាតិ​កងកេង ដែល​ស្ថិត​ក្នុង​​​ខេត្ត​ព្រះសីហនុ​ នឹង​ទទួល​បាន​កំណើន​ខ្ពស់​សម្រាប់​រយៈពេល​10-20​ឆ្នាំ​ខាងមុខ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អគ្គ​នាយករង​បច្ចេកទេស​នៃរដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិលធ្លាប់​បាន​លើក​ឡើង​ថា ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​10​ឆ្នាំ​ទៅ​20​ឆ្នាំ​ខាង​មុខ មាន​តែ​អាកាស​យានដ្ឋាន​ខេត្ត​ព្រះសីហនុ​ទេ ដែល​ធំ​ជាង​គេ​ និង​មាន​សក្តានុពល​ជាង​គេ។ ផ្អែក​តាម​គោល​នយោបាយ​ទេសចរណ៍​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ​ប៉ូល​អភិវឌ្ឍន៍​ទេសចរណ៍​សំខាន់ៗ​ចំនួន​4 គឺ​ទី​1 ភ្នំពេញ ទី2 សៀមរាប ទី​3 តំបន់​មាត់​សមុទ្រ និង​ទី​4 គឺ​តំបន់​ឦសាន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *