ដំណឹងនៃការធ្លាក់ខ្លួនឈឺធ្ងន់ ម្ដាយរបស់តារាសម្ដែងកញ្ញា សូ ដានីតា ភ្លាមៗនោះ បានធ្វើឱ្យមហាជន ជាពិសេសអ្នកក្នុងចង្កោមសិល្បៈជាច្រើន បានផ្ញើសារសួរនាំ និងជូនពរឱ្យអ្នកម្ដាយរបស់នាង បានធូរស្បើយពីជំងឺ និងឆាប់ជាសះស្បើយ។
នៅលើគណនីហ្វេសប៊ុស សូ ដានីតា ក៏បានរៀបរាប់ដោយកម្សត់ ថា «ក្រោកឡើងអ្នកម្តាយ មកច្រៀងលេងទៀត ម៉ាក់ថា មើលមិនឃើញទេ ប្តូរដាក់ទូរសព្ទ័ច្រៀងវិញ មិនដាក់អោយខឹង ខឹងហើយក៏នៅតែច្រៀងទៀត ក្រោកមកម៉ាក់អើយ កូនចាំម៉ាក់ មកច្រៀង មកជេរក៏បាន កូនមិនសុំច្រើនទេ សុំត្រឹមម៉ាក់បើកភ្នែកហើយនិយាយ ទោះម៉ាក់គេងលើកន្ទេលកូនត្រូវជូតសំអាតខ្លួនម៉ាក់រហូតក៏កូនមិនត្អូញត្អែរ ក្រោកឡើងម៉ាក់ កូនរកការព្យបាលអស់ហើយ ទោះថ្លៃ រាប់ពាន់ដុល្លាក៏មិនអី ក៏កូនស៊ូ ដើម្បីម្តាយកំសត់ម្នាក់នឹងគ្រួសារមួយនេះមិនហត់ទេម៉ាក់»។
តួអ្នកនាងទី3នៅក្នុងរឿង រាជិនីភូមិគ្រិះ រូបនេះ បានបន្ដថា «កុំទៅចោលកូន កូនអត់មានអ្នកណាឱបកូន កក់ក្តៅជាងម៉ាក់ឱបកូននោះទេ ក្រោកមកម៉ាក់ កុំខ្លាចកូនហត់កូនអស់លុយច្រើនដោយសារម៉ាក់អី ជីវិត១នេះ ម៉ាក់អោយកូន កូនមិនខ្លាចរហែកសាច់ដាច់ឈាម ដោយសារតែមើលថែរម៉ាក់នោះទេ កាត់អាយុកូន5ឆ្នាំ10ឆ្នាំក៏បាន រឺរហូតចាំទៅជុំជាមួយកូនក៏បាន កូនមិនទទួលបានទេ នូវការបាត់បង់ម៉ាក់បែបនេះ ក្រោកឡើងណាម៉ាក់»។
ជាអកុសល ម្តាយបង្កើតរបស់តារាសម្តែងសូ ដានីតា បានទទួលមរណភាពហើយ នាវេលាម៉ោង5និង20នាទី ថ្ងៃទី31 មីនា 2020នេះ បន្ទាប់ពីកូនចៅបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ បើតាមគណនីហ្វេសរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានរៀបរាប់ឱ្យដឹងថា «សូមចូលរួមរំលែកទុក្ខចំពោះប្អូនស្រី So Danita ដែលបានបាត់បង់អ្នកម្តាយជាទីគោរព នាងខ្ញុំជំនួសមុខអោយប្អូនស្រី សូមគោរពអញ្ជើញ បងប្អូន ញាតិមិត្តជិតឆ្ងាយ និងមិត្តសិល្បៈទាំងអស់ សូមអញ្ជើញចូលរួមពិធីបុណ្យសពអ្នកម្តាយរបស់គាត់ឱ្យបានគ្រប់ៗគ្នាផង កម្មវិធីបុណ្យគឺ ប្រារព្ធនៅផ្ទះប្អូនស្រីផ្ទាល់ នៅក្នុងបុរី ប៉េងហួត ផ្លូវជាសុផារ៉ា ជាប់ បុរី វិមានភ្នំពេញ» ៕