តើយ៉ាងដូចម្តេចទៅវិញ បានជាតារាចម្រៀងរ៉េប និងជាម្ចាស់បទល្បី Anaconda ដូចជា Nicki Minaj ចង់សាកល្បងលេងបណ្ដាញទំនាក់ទំនងសង្គម Snapchat យ៉ាងដូច្នេះ? តែយ៉ាងណាក៏ដោយ ជាអកុសលនាងមិនអាចចុះឈ្មោះចូលទៅក្នុងគណនីរបស់នាងបានទេ ដូច្នេះហើយទើបនាងដោះស្រាយបញ្ហានេះដោយការថតរូបដាក់លើអេក្រង់ ហើយបង្ហោះសួរអ្នកគាំទ្ររបស់នាងនៅលើអ៊ីនស្ដាក្រាមតែម្ដង។
ដំណឹងបានភ្ញាក់ផ្អើលដល់អ្នកគាំទ្ររបស់នាងទាំងអស់ដែលបានដឹងថា Nicki Minaj បានចាប់ផ្ដើមលេងបណ្ដាញ Snapchat ហើយ។ នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាម Nicki បានសរសេរថា “យ៉ូ! តើអ្នកទាំងអស់គ្នាអាចជួយបង្រៀនខ្ញុំលេងកម្មវិធីនេះផងបានទេ? យ៉ាប់មែនតែម្តង ខ្ញុំពិតជាចង់បង្ហាញអ្នកទាំងអស់គ្នាថា នេះពិតជាការលេងដ៏យ៉ាប់សម្រាប់ខ្ញុំនៅគ្រាដំបូងមែន”។
ទន្ទឹមនឹងនោះ នាងបានបន្ដឆ្លងឆ្លើយអំពីការចុះឈ្មោះចូលប្រើប្រាស់គណនីជាមួយអ្នកគាំទ្របណ្ដើរៗថា “នៅពេលនេះខ្ញុំបើកលេងបានជាសាធារណៈហើយ តើខ្ញុំអាចមើលអ្នកតាមដានខ្ញុំបានយ៉ាងដូចម្ដេចទៅ? ហើយចុះបើខ្ញុំបើកឱ្យអ្នកទាំងអស់គ្នាតាមដានជាសាធារណៈវិញនោះ អ៊ីចឹងមិនដល់ 30 នាទីផងនឹងមានអ្នក Video Chart មករាប់ពាន់អ្នកហើយ អូ៎ព្រះជាម្ចាស់អ៊ើយ!”។ គួរបញ្ជាក់ផងដែរថា នៅពេលនេះ ម៉ោងនេះ Snapchat របស់តារាស្រីរ៉េបភើរ៍រូបនេះបានបើកលេងបានជាសាធារណៈហើយ៕