អ្នកវិទ្យាសាស្ត្របានប្រើប្រាស់កម្មវិធីកុំព្យូទ័រដើម្បីធ្វើការវិភាគទៅលើដំណើារវិវឌ្ឍន៍របស់ផ្កាយភ្លោះនេះ ហើយបានរកឃើញថា ផ្កាយដែលមានទំហំធំជាងគេ បានស្រូបយកវត្ថុធាតុពីផ្កាយតូចជាងដែលកំពុងគោចរជុំវិញវា នៅក្នុងរយៈចម្ងាយខ្លី។
ក្រុមតារាវិទូនៅមជ្ឈមណ្ឌលរុករករលកទំនាញ ARC Centre of Excellence for Gravitational Wave Discovery (OzGrav) របស់ក្រុមប្រឹក្សាស្រាវជ្រាវអូស្ត្រាលី សហការជាមួយមន្ទីរស្រាវជ្រាវ Max Planck របស់អាល្លឺម៉ង់ សាកលវិទ្យាល័យ Monash របស់អូស្ត្រាលី និងសាកលវិទ្យាល័យ Birmingham នៃប្រទេសអង់គ្លេស បានធ្វើការស្វែងយល់អំពីប្រភពនៃប្រព័ន្ធផ្កាយភ្លោះ Be X-ray ដែលត្រូវបានរកឃើញនៅក្នុងកាឡាក់ស៊ី Small Magellanic Cloud ដែលនៅមិនឆ្ងាយប៉ុន្មានពីកាឡាក់ស៊ី Milky Ways របស់មនុស្សយើង។
ប្រព័ន្ធផ្កាយភ្លោះ Be X-ray គឺជាប្រព័ន្ធផ្កាយមួយ ដែលរួមមានផ្កាយនឺត្រុងមួយដែលគោចរយ៉ាងលឿនជុំវិញផ្កាយមួយទៀតដែលមានទំហំធំជាងវា។ ល្បឿននៃការគោចររបស់ផ្កាយនឺត្រុងតូច បានធ្វើឱ្យផ្កាយធំ បង្កើតបានជាកងអវកាសដ៏ធំមួយដែលពេញទៅដោយវត្ថុធាតុផ្សេងៗ។ បន្ទាប់មក ផ្កាយនឺត្រុងក៏បានបញ្ចេញកាំរស្មី X ដែលក្រុមតារាវិទូអាចសង្កេតឃើញ និងវាស់វែងបាន។
បណ្ឌិត Serena Vinciguerra ប្រធានក្រុមស្រាវជ្រាវនៅ OzGrav បានប្រើប្រាស់កម្មវិធីកុំព្យូទ័រ COMPAS ដើម្បីក្លែងបង្កើតបរិយាកាសដែលដូចទៅនឹងកាឡាក់ស៊ី Small Magellanic Cloud។ តាមរយៈការប្រៀបធៀបចំណុចពិសេសរបស់គន្លងគោចររបស់ប្រព័ន្ធផ្កាយភ្លោះ Be X-ray ដែលត្រូវបានបង្កើតឡើងក្នុងកុំព្យូទ័រ ជាមួយនឹងប្រព័ន្ធផ្កាយភ្លោះពិតនៅក្នុងអវកាសដែលត្រូវបានសង្កេតឃើញ ក្រុមតារាវិទូអាចស្វែងយល់អំពីដំណើការនៃការវិវឌ្ឍន៍របស់ផ្កាយទាំងនេះ៖
ដំបូងឡើយ ផ្កាយទាំងនេះបានកកើតក្នុងប្រព័ន្ធផ្កាយភ្លោះដែលមានគន្លងគោចររាងពងក្រពើតូចចង្អៀត។ ផ្កាយមួយដួងដែលមានទំហំធំជាងគេ មានការវិវឌ្ឍន៍លឿងជាង និងប្រែទៅជាធំជាងមុនយ៉ាងលឿន។ ដោយសារតែនៅមិនសូវឆ្ងាយពីគ្នា ផ្កាយធំជាង ក៏ស្រូបយកវត្ថុធាតុពីផ្កាយតូចជាងវាបានច្រើន។ នៅដំណាក់កាលចុងក្រោយនៃការវិវឌ្ឍន៍ ផ្កាយធំជាងគេអាចនឹងផ្ទុះឡើងក្រោមទម្រង់ supernova ហើយប្រែក្លាយជាផ្កាយនឺត្រុងតួច ប៉ុន្តែហាប់ណែន។ បើសិនជាផ្កាយទាំង2នេះនៅមានជីវិតបន្ទាប់ពីការផ្ទុះ ពួកវានឹងបង្កើតបានជាប្រព័ន្ធផ្កាយភ្លោះ Be X-ray ដោយមានផ្កាយនឺត្រុងតូចមួយ វិលជុំវិញផ្កាយយក្សធំមួយ ក្នុងល្បឿនយ៉ាងលឿន៕
ប្រភព៖ Sci Tech Daily