ខាងក្រោមនេះ ជាចម្លើយដែលនឹងឆ្លើយតប គ្រប់ចម្ងល់អំពី 5G ដែលមានអ្នកខ្លះនៅមិនទាន់ដឹងច្បាស់នៅឡើយ។
សំណួរដំបូងគេ តើអ៊ីនធើណិតនឹងកាន់តែលឿនឡើងទេ?
ចំណុចនេះ ក្នុងន័យរបស់ការប្រើ 5G ចម្លើយគឺ ប្រាកដណាស់! បើ 5G បើកឱ្យមនុស្សទូទៅដូចពួកយើងបានប្រើ អុីនធើណិតត្រូវតែលឿនស្រេចទៅហើយ ព្រោះ 1ក្នុងចំណោមគោលបំណងនៃការអភិវឌ្ឍប្រព័ន្ធ 5G នេះគឺ បង្កើនល្បឿនក្នុងការបញ្ជូនព័ត៌មាន ដោយតាមរយៈព័ត៌មានបានអះអាងថា 5G នឹងលឿនជាង 4G ដល់ទៅ 20ដង។
តើតម្លៃអ៊ីនធើណិតនឹងកាន់តែថ្លៃឡើងដែរទេ?
ប្រាកដណាស់ អ៊ីនធើណិតត្រូវតែឡើងថ្លៃ ព្រោះក្រុមហ៊ុនអ៊ីនធើណិតត្រូវបន្ថែមទុនសាងសង់បង្គោលអង់តែនភ្ជាប់សេវាកាន់តែច្រើនឡើង ដើម្បីឱ្យការប្រើប្រាស់ 5G មានប្រសិទ្ធភាពខ្ពស់បំផុត។
លឿនជាង 20ដងហ្នឹង តើលឿនខ្នាតណាទៅ?
បើឱ្យអធិប្បាយបែបងាយៗ គឺវាអាចដោនឡូតហ្គេមទំហំ 5GB ឬ File ឯកសារធំៗបានក្នុងរយៈពេលត្រឹមតែ 4-5វិនាទី មើលវីដេអូ 4K បានយ៉ាងរលូនដោយមិនភ័យរឿងរអាក់រអួល ធានាការតភ្ជាប់ចំនួនច្រើនដែលទាមទារបានចំនួន 1លានក្នុងរង្វង់ចម្ងាយ 1គីឡូម៉ែត្រដែលអាចផ្ដល់នូវល្បឿនលឿនខ្ពស់បំផុត។
កម្រិត Latency ឬកម្រិត Ping ទាបជាង 0.1វិនាទី?
មានអ្នករអ៊ូរទាំថា 4G នៅមិនទាន់ល្អខ្លាំងទេ តើត្រូវធ្វើឱ្យប្រព័ន្ធ 4G មានស្ថិរភាពសិនដឹង? ល្បឿនត្រឹមតែ 10Mbps ក៏អាចដំណើរការបានហើយ មិនចាំបាច់ដល់ 1000Mbps ទេ។ តែសូមប្រាប់ថា ការពិតទៅ ចំណុចលេចធ្លោរបស់ប្រព័ន្ធ 5G មិនមែនមានត្រឹមតែល្បឿនដែលកើនឡើននោះទេ តែវាអាចឱ្យកម្រិត Latency ដែលទាបជាង 0.1វិនាទី (កម្រិត Latency គឺកម្រិតបញ្ជូនព័ត៌មានទៅមករវាងឧបករណ៍របស់យើងនឹង Server ដែលរឹតតែតិច រឹតតែល្អ ព្រោះនឹងបានបញ្ជូនព័ត៌មានបានរហ័ស) ដូច្នេះហើយទើបវាក្លាយជាអ្វីដែលគេថា 5G នឹងផ្ដល់ស្ថិរភាពខ្លាំងជាង 4G ហ្នឹងឯង។
មិនមែនត្រឹមតែប៉ុនហ្នឹងទេ… 5G មិនមែនរចនាមកត្រឹមតែឱ្យយើងលេងហ្គេមបានរលូនស្រួលនោះទេ តែវាគឺ ឫសគល់របស់ការអភិវឌ្ឍតិចណូឡូជីថ្មីៗ ដូចជារថយន្តគ្មានអ្នកបើក ឬការជួយដល់គ្រូពេទ្យក្នុងការវះការឆ្លងប្រទេស (ពីចម្ងាយ) បាន ដោយកាលពីឆ្នាំ2019 ចិនបានប្រកាសថា អាចឱ្យគ្រូពេទ្យវះកាត់ខួរក្បាលនៅក្នុងទីកន្លែងដាច់ស្រយាលរបស់ប្រទេស តាមរយៈដៃសិប្បនិម្មិត(រ៉ូបូត) និងបណ្ដាញប្រព័ន្ធ 5G បានទៀតផង។
តើយើងត្រូវប្ដូរទូរស័ព្ទដែរឬទេ បើ 5G បើកដំណើរការ?
បើយោងតាមព័ត៌មានទូទៅ គឺត្រូវតែប្ដូរហើយ ព្រោះ Smart phone ជាច្រើនជំនាន់ក្នុងពេលបច្ចុប្បន្ននេះ មិនបាន Support ការប្រើប្រាស់ប្រព័ន្ធ 5G ទាំងអស់ទេ សូម្បីតែ iPhone 11 ក៏នៅមិនទាន់ Support 5G ដែរ លើកលែងតែ Smart phone ពួក Android ដូចជា Galaxy S10, Note 10 និង Huawei Mate 20X។
តែទម្រាំ 5G ត្រូវបាននាំមកប្រើប្រាស់សម្រាប់មនុស្សទូទៅបានមែនទែននោះ អាចនឹងត្រូវរង់ចាំប្រហែលជា 1-2ឆ្នាំទៀត ព្រោះអំឡុងពេលដំបូងៗ គេនឹងយករលកសញ្ញាណទៅប្រើការជាមួយក្រុមឧស្សាហកម្មជាមុនសិន ជាពិសេសឧស្សាហកម្មដែលត្រូវប្រើ IoT (Internet of Thing) ជាចម្បង។ ដូច្នេះហើយ មិនចាំបាច់ប្រញាប់ប្ដូរទូរស័ព្ទថ្មីទេ ងាយៗបំផុត គឺរង់ចាំឱ្យមានប្រព័ន្ធ 5G ប្រើជាទូទៅសិន និងហេតុផលមួយទៀតគឺ ទូរស័ព្ទដែលគាំទ្រ 5G នៅពេលនេះមានតម្លៃថ្លៃណាស់ បើកន្លងផុតទៅ 1ឆ្នាំទៀត ច្បាស់ជាមានទូរស័ព្ទដែលគាំទ្រប្រព័ន្ធ 5G ចេញលក់ពេញផ្សារមិនខាន។
សរុបទៅ សួរថា តើពេលនេះប្រព័ន្ធ 5G នឹងហុចផលល្អដល់យើងទេ? ចម្លើយគឺ ល្អប្រាកដណាស់! ទាំងខាងផ្នែកល្បឿន និងភាពរលូនស្រួលដែលកាន់តែខ្លាំងឡើង រួមទាំងប្រព័ន្ធ 5G ថែមទាំងជាតិចណូឡូជីសំខាន់ដែលនឹងជួយរុញច្រានឱ្យកើតមានតិចណូឡូជីថ្មីៗកាន់តែច្រើនឡើងទៀត ដែលវានឹងក្លាយជាឫសគល់សំខាន់របស់ការប្រើប្រាស់តិចណូឡូជីនាពេលអនាគត 10 ឬ 20ឆ្នាំ ខាងមុខទៀតផង៕