គ្រាដែលរឿង «សសរកន្លោង» ជាវណ្ណកម្មទីពីររបស់ផលិតកម្ម ឥន្រ្ទានិម្មិត ជិតដល់ពេលចូលចាក់បញ្ចាំងនៅក្នុងរោងភាពយន្ដ កញ្ញា យ៉ែម ស្រីពេជ្រ ដែលជាតួឯកស្រីក្នុងរឿងនេះបានបង្ហើបប្រាប់ថា ពេលថតរឿងនេះនាងមានអារម្មណ៍ភិតភ័យជាខ្លាំង។
តើបញ្ហាអ្វីទៅដែលធ្វើឱ្យកញ្ញា យ៉ែម ស្រីពេជ្រ មានអារម្មណ៍ភ័យខ្លាចនៅពេលថតរឿង «សសរកន្លោង» នេះ? បើតាមការលើកឡើងពីតារាសិល្បៈមួយចំនួនដែលបានចូលរួមសម្ដែងនៅក្នុងរឿងនេះបានប្រាប់ថា នៅពេលថតរឿងនេះ តារាមួយចំនួនបានជួបនឹងហេតុការណ៍ចម្លែកៗពាក់ព័ន្ធទៅនឹងព្រលឹងខ្មោច ហើយទំនងជាស្រីពេជ្រក៏បានជួបហេតុការណ៍ដូច្នេះដែរហើយ បានជានាងមានអារម្មណ៍ភ័យខ្លាចបែបនេះ។
កញ្ញា យ៉ែម ស្រីពេជ្រ បានបញ្ជាក់ថា «សសរកន្លោង» ជារឿងទីមួយនៃការសម្ដែងជាតួអង្គខ្មោចរបស់នាង។ មុនពេលនាងសម្ដែងរឿងនេះនាងក៏ធ្លាប់មានចិត្ដចង់សម្ដែងជាតួអង្គខ្មោចដែរ ដើម្បីឱ្យដឹងថា តើការសម្ដែងជាតួអង្គខ្មោចនេះ វាមានការលំបាកយ៉ាងណាខ្លះ? ជាងនេះទៅទៀតនាងបានតាំងចិត្ដរួចស្រេចហើយថា នឹងមិនខ្លាចអ្វីទេ។
ទោះយ៉ាងណា តារាសម្ដែងរូបនេះបញ្ជាក់ថា ពេលនាងសម្ដែងនៅតាមកន្លែងផ្សេងៗក្នុងរឿងនេះ ពុំមានបញ្ហាអ្វីឡើយ ប៉ុន្ដែពេលមកថតនៅក្នុងផ្ទះមួយក្នុងស្រុកកៀនស្វាយក៏ស្រាប់តែមានអ្នកនិយាយថា បានឮសូរដូចជាសំឡេងចាក់ស៊ីឌីដែលជាម៉ាស៊ីនស៊េរីចាស់ទុកចោលយូរហើយ។ លុះពេលនាងចូលទៅដល់ក្នុងផ្ទះនោះក៏បានឮសូរសំឡេងដូចអ្វីដែលគេបានលើកឡើងនោះមែន ពេលនោះនាងក៏ចាប់ផ្ដើមអុចធូបភ្លាមតែម្តង។
ក្រោយពីនាងអុចធូបរួចហើយសំឡេងនោះក៏បាត់ទៅវិញដែរ។ នាងបន្ដថា៖ «មិនមែនមានរឿងហេតុតែប៉ុណ្ណឹងទេ វាក៏មានរឿងផ្សេងទៀតដែរ ដូចជាឮថាបងស្រីចាងហ្វាងផលិតកម្ម គាត់ប្រាប់ថា នៅសុខៗក៏ដូចជាមានឮសំឡេងអីមិនដឹងទេ មកបបួលគាត់ឱ្យចុះទៅក្រោមអគារផ្ទះនោះ»។
តារាសម្ដែងរូបនេះបញ្ជាក់ថា កន្លងមកនាងពុំដែលជឿលើរឿងអបិយជំនឿនេះទេ ប៉ុន្ដែក្រោយពីបានដឹងឮរឿងហេតុ និងបានជួបហេតុការណ៍ដោយខ្លួនឯង ទើបនាងចាប់ផ្ដើមជឿ។ តែទោះយ៉ាងណាកញ្ញា យ៉ែម ស្រីពេជ្រ បានបញ្ជាក់ថា៖ «ខ្ញុំអត់ខ្លាច ឬចុះចាញ់ទេ បើទោះជាជួបហេតុការណ៍បែបនេះក៏ដោយ ខ្ញុំនឹងនៅតែបន្ដទទួលយកការសម្ដែងជាតួអង្គខ្មោចទៀត ឱ្យតែមានផលិតកម្មណាហៅ ខ្ញុំនឹងថត ព្រោះខ្ញុំជឿតែលើអំពើល្អដែលបានធ្វើកន្លងមកតែប៉ុណ្ណោះ ធ្វើល្អគឺត្រូវតែបានល្អ»៕