នៅក្នុងឱកាសនៃការថ្លែងសន្និសីទសារព័ត៌មាននៅវិមានសភាជាតិ នាព្រឹកថ្ងៃទី30 ខែមីនា ឆ្នាំ2020 សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាស ដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឱ្យអាជ្ញាធរសមត្ថកិច្ច ចាប់រឹបអូសថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ19។
ទន្ទឹមនឹងនោះ សម្តេចេតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជីវករ ដែលបំផុសការលក់ថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តរកវីរុសកូវីដ19 សូមកុំឱ្យបង្កការស្មុគស្មាញក្នុងសង្គម ព្រោះអង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់ថា ថ្នាំណាមួយ ដើម្បីព្យាបាល និងការពារជំងឺកូវីដ19 នៅឡើយទេ។
ក្នុងនោះ ក៏អង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់នូវឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ19 នោះទេ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្នាំណា ដែលថា ព្យាបាលជា ហើយឧបករណ៍ណា ដែលថា ធ្វើតេស្តឃើញវីរុសកូវីដ19 គឺសូមកុំជឿ។ រឹបអូសយកសម្ភារៈថ្នាំនោះ យកទៅកម្ទេចចោលតែម្តងទៅ។ អ្នកណា Live លក់ថ្នាំ និងសម្ភារៈទាំងនេះ សូមអាជ្ញាធរសមត្ថកិច្ច ទៅតាមចាប់ដល់ផ្ទះតែម្តង៕