ការកាត់បន្ថយផលប៉ះពាល់នៃបញ្ហាប្រឈម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចអនុគ្រោះពន្ធលើប្រាក់ចំណូលរបស់សហគ្រាសឧស្សាហកម្ម ផ្នែកវាយនភណ្ឌកាត់ដេរ សម្រាប់ឆ្នាំ2020 ដែលរងផលប៉ះពាល់ដោយសារការដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែអាវុធ (EBA)» របស់សហភាពអឺរ៉ុប។ នេះបើតាមប្រកាសរបស់ក្រសួង។
បើយោងតាមប្រកាស ស្តីពីវិធានការផ្នែកពន្ធដារ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃបញ្ហាប្រឈមលើសហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ រដ្ឋាភិបាលបានសម្រេចធ្វើការអនុ គ្រោះពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំនេះដល់សហគ្រាសវាយនភណ្ឌផលិតសម្លៀកបំពាក់ ស្បែក ជើង កាបូបយួរដៃ កាបូបដៃ និងមួក ក្នុងរយៈពេល 6ខែសម្រាប់សហគ្រាសដែលរងផលប៉ះពាល់ក្នុងកម្រិតពី 20% ទៅ 39% ត្រូវបានលើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ 50%នៃប្រាក់ពន្ធត្រូវបង់សរុប។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ឱ្យដឹង ថា ចំណែកសហគ្រាសដែលរងផលប៉ះពាល់ពី 40% ទៅ 100% ភាគរយ ត្រូវបានលើកលែងពន្ធលើប្រាក់ចំណូល 100% នៃប្រាក់ពន្ធដែលត្រូវបង់សរុប។
ប្រកាសដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមាន 7ប្រការ បានបង្ហាញថា មានវិសាលភាពអនុវត្តន៍ចំពោះសហគ្រាសឧស្សាហកម្ម ផ្នែកវាយនភណ្ឌកាត់ដេរនៅកម្ពុជា។ ដើម្បីទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលនេះ សហគ្រាសត្រូវដាក់ឯកសារបញ្ជាក់ពីទំហំផលប៉ះពាល់ជាក់ស្តែងពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ក្នុងអំឡុងពេលប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។
ការសម្រេចព្យួរ EBA ដោយគណៈកម្មការអឺរ៉ុប សម្រាប់ទំនិញនាំចូលទីផ្សារអឺរ៉ុប 1/5 នៃប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែអាវុធ (EBA)» ដែលមានទឹកប្រាក់សរុបប្រមាណជាង 1ពាន់លានដុលា្លរ 1ឆ្នាំ។
សមាគមរោងចក្រកាត់ដេរ (GMAC) បានលើកឡើងថា ស្របពេលអ្នកបញ្ជាទិញធំៗមួយចំនួន បានសម្រេចផ្អាកការបញ្ជាទិញពីកម្ពុជា ដោយសារការរាលដាលនៃជំងឺកូវីដ-19 ការលើកលែងពន្ធលើប្រាក់ចំណូលនេះ ហាក់មិនបានជួយសម្រាលបន្ទុកច្រើនប៉ុន្មានទេដល់វិស័យឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា។
លោក កាំង ម៉ូនីកា អគ្គលេខាធិការ GMAC ថ្លែងថា៖ «យើងមិនរំពឹងថា ឆ្នាំនេះសហគ្រាសវាយនភណ្ឌកាត់ដេរនៅកម្ពុជា ទទួលបានប្រាក់ចំណេញទេ។ អ្វីដែលជាបញ្ហាប្រឈមធំរបស់រោងចក្រពេលនេះ និងពេលខ្លីខាងមុខ គឺបញ្ហាលំហូរសាច់ប្រាក់ (Cash flow) ព្រោះយើងមិនអាចដឹកទំនិញទៅឱ្យអ្នកបញ្ជាទិញបាន យើងក៏អត់បានការទូទាត់សាច់ប្រាក់ដែរ ដូច្នេះរោងចក្រអត់មានលុយសម្រាប់បើកប្រាក់ខែឱ្យកម្មករនិយោជិតនោះទេ»។
សហភាពការងារកម្ពុជា (CLC) ក៏បានលើកឡើងដែរថា ទោះបីយ៉ាងណា វិស័យនេះកំពុង និងមានកង្វះទីផ្សារ ដោយសារតែការផ្អាកពីអ្នកបញ្ជាទិញ។ វិធានការលើកលែងពន្ធលើប្រាក់ចំណេញនេះ នឹងជួយប៉ះប៉ូវបានមួយផ្នែកដល់ឧស្សាហកម្មវាយនភណ្ឌកាត់ដេរនៅកម្ពុជា។ ព្រោះ បើមិនមានទីផ្សារលក់ទេ យើងមិនដឹងផលិតយកទៅណាទេ មិនយូរមិនឆាប់បញ្ហាអត់ការងារធ្វើ នឹងកើតមាន។
សូមបញ្ជាក់ថា កម្ពុជាបាននាំចេញផលិតផលធ្វើដំណើរមានតម្លៃ 1.2ពាន់លានដុល្លារ កាល ពីឆ្នាំមុនកើនឡើង100% បើធៀបនឹងឆ្នាំ2018 ដែលមានតម្លៃ 600លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាដែលបានចេញផ្សាយ។
ផលិតផលកម្ពុជានាំចេញ រួមមានសម្លៀកបំពាក់ ស្បែកជើង អង្ករ ទោចក្រយាន និងផលិត ផលវាយនភណ្ឌផ្សេងទៀត ខណៈកម្ពុជានាំចូលមកវិញ មានប្រេងឥន្ធនៈ រថយន្ត សម្ភារសំណង់ ភេ សជ្ជៈ និងអាហារព្រមទាំងវត្ថុធាតុសម្រាប់បម្រើដល់វិស័យកម្មន្តសាលក្នុងស្រុកផងដែរ។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ការនាំចេញផលិតផលរបស់កម្ពុជាមានតម្លៃ 14.63ពាន់លានដុល្លារកាលពីឆ្នាំ2019 កើនឡើង 12.7% បើធៀបនឹងឆ្នាំ2018 ខណៈការនាំ ចូលមានតម្លៃ 22.34ពាន់លានដុល្លារកើនឡើង 18.6%៕