ភ្នំពេញ៖ ដើម្បីបង្ខិតសេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋជាម្ចាស់យានយន្ត ក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្ពោធដាក់ឱ្យប្រើប្រាស់នូវមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(សាខាបឹងស្នោ) នៅព្រឹកថ្ងៃអង្គារ ទី2៥ ខែកក្កដា ឆ្នាំ2017នេះ នៅក្នុងទីតាំងមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (សាខាបឹងស្នោ) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ1 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហួសបុរីប៉េងហួតបឹងស្នោប្រហែល 1គីឡូម៉ែត្រ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តសាខាថ្មីនេះឡើង គឺដើម្បីពង្រីក និងបង្ខិតសេវាសាធារណៈឱ្យកាន់តែជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងការចំណាយផ្សេងៗរបស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌច្បារអំពៅ និងខណ្ឌដែលនៅជាប់ៗនោះអាចយកយានយន្តរបស់ខ្លូនមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅទីតាំងថ្មីនេះបាន។
សូមជម្រាបថា មកទល់ឆ្នាំ 2017នេះ ប្រទេសកម្ពុជាមានមជ្ឈមណ្ឌលត្រួតពិនិត្យយានយន្តចំនួន3ទីតាំងហើយ ដែលទីតាំងទី1ស្ថិតនៅផ្លូវជាសុផារ៉ា ក្នុងខណ្ឌឬស្សីកែវ និងសាខាទី2 ស្ថិតនៅទល់មុខខ្លោងទ្វារវត្តជើងឯក ក្នុងខណ្ឌដង្កោ និងទីតាំងទី3 ស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅនេះឯង។ ក្រៅពីនេះក្រសួងក៏បានដាក់ឱ្យប្រើប្រាស់ ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត ដើម្បីត្រួតពិនិត្យរថយន្តនៅតាមបណ្តាខេត្តផងដែរ៕