ផ្តើមចេញពីយុវជន ដែលពោរពេញទៅដោយការតាំងចិត្ត និងមានសមត្ថភាពខ្ពស់ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ ជាអ្នកជំនួញវ័យក្មេងមួយរូបដែលពោរពេញទៅដោយភាពជោគជ័យក្នុងអាជីវកម្ម និងជាអគ្គនាយកក្រុមហ៊ុន Luxury Smile Cambodia Co., Ltd ដែលចូលចិត្តការចែករំលែកគំនិតយុវជនជាច្រើននាក់ផ្សេងទៀតនៅកម្ពុជា។
សហគ្រិនវ័យក្មេងរូបនេះបានប្រកាន់ភ្ជាប់នូវគំនិតមួយសម្រាប់ជាការអភិវឌ្ឍខ្លួនឯង និងសម្រាប់ជាដើមទុនសំខាន់ដើម្បីធ្វើអាជីវកម្ម នោះគឺ «ការវិនិយោគលើខ្លួនឯង»។ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ បានលើកឡើងថា៖ «ជាដើមទុនដំបូងសម្រាប់ការធ្វើអាជីវកម្មឱ្យទទួលបានជោគជ័យគឺ គំនិត ចំណេះដឹង កម្លាំងចិត្ត ទំនុកចិត្ត និងការកសាងធនធានមនុស្ស។ ចំណុចទាំងអស់នេះត្រូវការចាប់ផ្តើមពីខ្លួនឯង ហើយការកសាងចំណុចទាំងអស់នេះគឺជាការវិនិយោគលើខ្លួនឯង»។
បើតាមលោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ ការកសាងសមត្ថភាព និងចំណេះដឹងសម្រាប់ខ្លួនឯងគឺជាការវិនិយោគយ៉ាងធំមួយសម្រាប់ខ្លួនឯង ព្រោះមិនថា ធ្វើការងារឱ្យគេ ឬធ្វើអាជីវកម្មនោះទេ អ្នកទាំងអស់គ្នាសុទ្ធតែត្រូវការចំណេះដឹងទាំងក្នុងសាលា និងក្រៅសាលា។ ចំណេះដឹង ផ្តើមចេញពីការសិក្សា ការស្រាវជ្រាវ ការធ្វើការឱ្យគេ និងបន្ទាបខ្លួនស្តាប់យកមតិយោបល់របស់មនុស្សជាច្រើននៅជុំវិញខ្លួន។ នៅពេលដែលយើងមានបទពិសោធជីវិតច្រើន មានព័ត៌មានច្រើននៅក្នុងខ្លួន យើងនឹងអាចអភិវឌ្ឍអាជីវកម្មឱ្យជោគជ័យជាមួយនឹងភាពបត់បែនខ្ពស់ទៅតាមស្ថានការណ៍សង្គម។
លើសពីនេះទៅទៀតសហគ្រិនវ័យក្មេងខាងលើបានបញ្ជាក់ផងដែរថា ត្រឹមតែមានសមត្ថភាព មិនទាន់រាប់ថាក្លាយជាអ្នកចេះវិនិយោគខ្លួនឯងបានល្អនោះទេ យើងក៏ត្រូវមានកម្លាំងចិត្តរឹងមាំ ជាមួយនឹងទំនុកចិត្តដែលមនុស្សគ្រប់គ្នាផ្តល់ឱ្យ។ ការរកស៊ី ទាមទារឱ្យមានការតាំងចិត្តខ្ពស់ ហើយទាមទារឱ្យមានភាពរឹងមាំផ្នែកផ្លូវចិត្តដើម្បីទប់ទល់ជាមួយនឹងឧបសគ្គដែលចូលមកជារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកទាំងអស់គ្នា អាចមានកម្លាំងចិត្តរឹងមាំ នៅពេលនោះ យើងនឹងមានភាពវិជ្ជមានក្នុងការដកស្រង់យកចំណេះដឹងដែលបានរៀនយកមកអនុវត្ត ហើយទទួលបានគុណតម្លៃជាប្រយោជន៍ជាក់ជាមិនខាន។
លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ បានលើកឡើងផងដែរថា៖ «ការសិក្សាដោយមិនយកមកអនុវត្ត គឺប្រៀបបានទៅនឹងសៀវភៅដែលគេទុកចោលដូច្នោះដែរ។ យើងមិនអាចទទួលជោគជ័យបានទេ ប្រសិនបើយើងគ្មានកម្លាំងដើម្បីអនុវត្តចំណេះដឹងរបស់យើងនៅក្នុងអាជីវកម្មបានល្អ ហើយកម្លាំងចិត្តគឺសំខាន់បំផុតដើម្បីរុញច្រានយើងឱ្យទទួលបានជោគជ័យ»។
លោកលើកឡើងផងដែរថា ជាធម្មតា បន្ទាប់ពីយើងមានចំណេះដឹងច្បាស់លាស់ហើយ មានគំនិតអភិវឌ្ឍល្អ និងមានកម្លាំងចិត្តល្អ យើងទាមទារឱ្យមានភាពទុកចិត្តបានផងដែរ ទើបយើងអាចរកស៊ីបានល្អ។ ការកសាងទំនុកចិត្តគឺត្រូវការទំនុកចិត្តខ្លាំងបំផុត ប្រសិនបើយើងមានគ្រប់យ៉ាង តែខ្វះភាពទុកចិត្តបាន យើងនឹងពិបាកទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្ម ហេតុនេះអ្នករកស៊ីត្រូវកសាងទំនុកចិត្តខ្ពស់បំផុត។
ដើម្បីឱ្យគេទុកចិត្តលុះត្រាតែយើងកសាងកេរ្តិ៍ឈ្មោះខ្លួនឯងឱ្យបានល្អ ហើយបង្ហាញភាពស្មោះត្រង់ទៅកាន់មនុស្សទូទៅ បន្ទាប់យើងធ្វើល្អទៅកាន់មនុស្សគ្រប់គ្នា ពួកគាត់នឹងចាប់ផ្តើមផ្តល់តម្លៃមកយើងវិញ ដែលធ្វើឱ្យដំណើរចរចានានានៅក្នុងអាជីវកម្មអាចធ្វើទៅបានដោយរលូន។
ចំពោះការកសាងធនធានមនុស្សវិញ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ បានលើកឡើងថា ដំណើរក្រុមហ៊ុនអាចទៅមុខបានដោយរលូនគឺទាមទារឱ្យមានបុគ្គលិក និងធនធានមនុស្សពូកែៗ។ ទន្ទឹមនឹងភាពពូកែរបស់បុគ្គលិក អ្នកគ្រប់គ្រងក៏ត្រូវចេះទាញយកបេះដូងបុគ្គលិកឱ្យបានផងដែរតាមរយៈ ការផ្តល់តម្លៃដល់បុគ្គលិក ហើយចាត់ទុកបុគ្គលិកដូចជាបងប្អូន ដែលត្រូវធ្វើការងារសំខាន់ៗរួមគ្នា។ ចំណុចទាំងអស់នេះ ជាការវិនិយោគលើខ្លួនឯងដែលអាចរុញច្រានឱ្យក្រុមហ៊ុន និងដំណើរជីវិតទទួលបានជោគជ័យ៕