ដើម្បីសម្រាលបន្ទុកអ្នកខ្ចី អំឡុងពេលមានវិបត្តិហិរញ្ញវត្ថុ ទាក់ទិននឹងវិបត្តិសុខភាពដែលបង្កឡើងដោយវីរុសCOVID-19 ធនាគារជាតិរបស់កម្ពុជា បានចេញសេចក្តីណែនាំថ្មីមួយ ទៅកាន់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ឱ្យរៀបចំឥណទានរបស់ខ្លួនឡើងវិញ។
សារាចរណែនាំរបស់ធនាគារជាតិ ដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាននៃក្រសួងព័ត៌មានកម្ពុជា កាលពីព្រឹកមិញនេះ ឱ្យដឹងថា ធនាគារជាតិនៃកម្ពុជាតម្រូវឱ្យគ្រឹះស្ថានយកចិត្តទុកដាក់ជាមួយនឹងអតិថិជនដែលរងផលប៉ះពាល់ជាក់ស្ដែង និងអនុញ្ញាតឱ្យរៀបចំឥណទានឡើងវិញ ចំពោះវិស័យអាទិភាពដូចខាងក្រោម៖
-ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដោយរាប់បញ្ចូលទាំងចំណីអាហារ ភេសជ្ជៈ និងសេវាកម្មគាំទ្រផ្សេងៗ)
-កាត់ដេរ (ដោយរាប់បញ្ចូលទាំងនិយោជិត)
-សំណង់ (ចំពោះតែឥណ្ឌទានសាងសង់ផ្ទះ/ហាងដំបូង និងឥណទានទិញផ្ទះដំបូង)
-ការដឹកជញ្ជូន (ជាពិសេស អ្នកបើកបរតាក់ស៊ី និងរ៉ឺម៉កកង់បី) និងឡូជីស្ទីក។