សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍នាព្រឹកថ្ងៃសុក្រ ទី27 ខែមីនា ឆ្នាំ2020 ខណៈអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ39 អនក្រ.បក ចុះថ្ងៃទី17 ខែមីនា ឆ្នាំ2020 ស្តីពីការកែសម្រួលអនុក្រឹត្យលេខ44 អនក្រ.បក ចុះថ្ងៃទី21 ខែមីនា ឆ្នាំ2017 ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទីស្តីការក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោមបានដាក់បទបញ្ជាចំនួន4 ដើម្បីទប់ស្កាត់និងកាត់បន្ថយឱ្យបានជាអតិបរមានូវករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋដោយសម្រេចប្រកាសរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចាប់ពីឆ្នាំ២០២០នេះ តទៅរួមមាន ៖
ទី1៖ ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តា យោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរ៉ឹង ចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងពីការប្រឈមចំ ពោះផ្លូវច្បាប់ គឺត្រូវគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានល្អខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិ។
ទី2៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់អង្គការជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយនានា បន្តអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក និងកម្រិតនៃការពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយ និងជាប់ជាប្រចាំ។
ទី3៖ ដាក់ចេញនូវបទបញ្ជាដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេសត្រូវរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រកបដោយភាពម៉ឺងម៉ាត់ដាច់ខាត មិនយោគយល់ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមនីតិវិធីច្បាប់នូវរាល់ បទល្មើសចរាចរណ៍ផ្លូវគោកប្រកបដោយតម្លាភាព ស្មើភាព និងមិនរើសអើង ហើយត្រូវសហការស្រាវជ្រាវតាមចាប់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលគេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ឱ្យបានជាដាច់ខាត។
ទី4 ៖ ថ្នាក់ដឹកនាំនគរបាលចរាចរណ៍ត្រូវរៀបចំផែនការសកម្មភាព និងរៀបចំកម្លាំងដើម្បីតាមដាន ពិនិត្យ និងគាំទ្រប្រតិបត្តិការអនុវត្តច្បាប់របស់មន្ត្រីនគរបាលចរាចរណ៍ក្រោមឱវាទរបស់ខ្លួន ដើម្បីធានាអំពីភាពត្រឹមត្រូវនៃការអនុវត្តច្បាប់របស់មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ព្រមទាំងត្រូវពង្រឹងអាកប្បកិរិយា សីលធម៌ វិន័យឱ្យស័ក្តិសមជាមន្ត្រី អនុវត្តច្បាប់ប្រកប ដោយគុណធម៌ និងមនសិការវិជ្ជាជីវៈ។ ត្រូវផ្តល់រង្វាន់តាមការកំណត់របស់រដ្ឋជាមួយការលើកសរសើរចំពោះអង្គភាព និងមន្ត្រីមានស្នាដៃនិងត្រូវដាក់វិន័យឱ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីអសកម្ម ឬមន្ត្រីដែលប្រព្រឹត្តផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ។