មានអ្នកគាំទ្ររបស់កញ្ញា សឿន ផានផាភួង ជាច្រើនមានចម្ងល់ថា ហេតុអ្វីបានជាតារាសម្ដែងរូបនេះមិនធ្លាប់លេចឮនូវដំណឹងសេ្នហាអ្វីសោះ? អ្នកខ្លះថែមទាំងលើកជាសំនួរថា តើនាងជាប្រភេទស្រីស្រលាញ់ស្រីគ្នាឯងឬក៏យ៉ាងណា ព្រោះកន្លងមកឃើញតែបង្ហោះរូបភាពស្និទ្ធស្នាលតែជាមួយស្រីៗដូចគ្នា?។
កញ្ញា សឿន ផាភួង បានបញ្ជាក់ថា កាលពីចូលសិល្បៈដំបូងៗនាងពិតជាមិនចង់ពាក់ព័ន្ធនឹងរឿងស្នេហាសោះឡើយ គោលដៅរបស់នាងគឺធ្វើយ៉ាងណាដើម្បីសាងកេរ្ដិ៍ឈ្មោះក្នុងសិល្បៈតែប៉ុណ្ណោះ។ នាងបន្ដថាក្រោយពេលចូលសិល្បៈបានរយៈពេល 3ឆ្នាំ មានមហាជនជាច្រើនស្គាល់រូបនាងមក ពេលនោះក៏ចាប់ផ្ដើមមានអ្នកសុំស្នេហ៍ ប៉ុន្ដែនាងមិនរវល់ ក៏មិនមែនបានន័យថា នាងស្រឡាញ់ស្រីគ្នាឯងដែរ។
តារាសម្ដែងរូបនេះបញ្ជាក់ថា៖ «ខ្ញុំក៏ចេះមានស្នេហានឹងគេដែរតើ? កន្លងមកខ្ញុំក៏ធ្លាប់មើលចិត្ដបុរសម្នាក់ដែលគាត់រស់នៅប្រទេសអាមេរិកដែរ។ ពួកយើងស្រឡាញ់ និងយល់ចិត្ដគ្នាខ្លាំង ប៉ុន្ដែទាស់តែបញ្ហាមួយប៉ុណ្ណោះដែលខ្ញុំសម្រេចចិត្ដបែកពីគាត់ គឺគាត់សំណូមពរដល់ខ្ញុំថាក្រោយពីរៀបការរួចហើយ ត្រូវតែចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយគាត់។ ក្រៅពីនេះពួកយើងគ្មានបញ្ហាអ្វីនឹងគ្នាឡើយ»។
ផាភួង បន្ដថា នាងបានសម្រេចចិត្ដមិនទទួលយកសំណូមពរនោះ ដោយសារតែសង្សាររបស់នាងតម្រូវដាច់ខាតត្រូវតែឱ្យនាងចេញទៅរស់នៅទីនោះ ចំណែកនាងមិនអាចចេញទៅរស់នៅបានព្រោះមានកាតព្វកិច្ចត្រូវនៅមើលថែឪពុកម្ដាយ និងក្មួយតូចៗជាច្រើននាក់ទៀត។ នាងប្រាប់ទៀតថា ការបែកគ្នាជាមួយសង្សារធ្វើឱ្យមានការសោកស្ដាយខ្លះដែរ ប៉ុន្ដែនាងត្រូវតែកាត់ចិត្ដព្រោះលក្ខខណ្ឌរបស់សង្សារ នាងទទួលយកពុំបាន។ ដោយសារតែនាងទើបតែបែកគ្នាជាមួយសង្សារ ទើបបច្ចុប្បន្ននេះនាងពុំទាន់ចង់ពាក់ព័ន្ធនឹងស្នេហាទៀតឡើយ៕