អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ហោ ណាំហុង បានបង្ហាញនូវក្តីត្រេកអរ និងអរគុណរដ្ឋាភិបាលចិន ដែលបញ្ជូនគ្រូពេទ្យជំនាញ និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រ មកកាន់ប្រទេសកម្ពុជា។ ឯកឧត្តម លើកឡើងថា ដំណើរមកកាន់កម្ពុជារបស់គ្រូពេទ្យចិននៅពេលនេះ បង្ហាញពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។
កម្ពុជាជាប្រទេសទី១ នៅក្នុងអាស៊ាន ដែលរដ្ឋាភិបាលចិនបានបញ្ជូនក្រុមគ្រូពេទ្យជំនាញ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។ នេះជាការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងសារសំឡេងតាមប្រព័ន្ធតេឡេក្រាម។
អតីតប្រមុខការទូតចាស់វស្សារបស់កម្ពុជារូបនេះ បានពន្យល់នូវហេតុ ៣ យ៉ាងសំខាន់ ដែលចិនបញ្ជូនគ្រូពេទ្យជំនាញខ្លួនមកកម្ពុជា៖
ហេតុផលទី1. ដោយសារដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសចិន ដែលឯកឧត្តមចាត់ទុកថា វាមានអត្ថន័យនយោបាយយ៉ាងជ្រាលជ្រៅ ទៅកាន់ថ្នាក់ដឹកនាំ និងប្រជាជនចិន និងធ្វើឲ្យចិនមិនអាចបំភ្លេចបាន។
ហេតុផលទី2. ដោយសារ កម្ពុជានិងចិន ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនឹងគ្នា ដែលជាហេតុនាំឲ្យប្រទេសទាំងពីរត្រូវជួយគ្នាទៅវិញទៅមក។
ហេតុផល ទី3. ដែលនាំឲ្យចិនជួយកម្ពុជានៅពេលនេះដែរ គឺឯកឧត្តម ហោ ណាំហុង យល់ថា ដោយសារកម្ពុជានិងចិន បានចុះហត្ថលេខាអនុវត្តគោលនយោបាយជោគវាសនារួមគ្នា។
ប្រភពពី៖ Bayontv