រយៈពេលជាង 32 ឆ្នាំ ក្រោយការបង្កើតកាលពីឆ្នាំ1985 និងដាក់ឱ្យប្រើក្នុងប្រព័ន្ធប្រតិបត្តិការ Windows កន្លងមកនោះ ឥឡូវក្រុមហ៊ុន Microsoft គ្រោងនឹងបញ្ចប់ជីវិតកម្មវិធីក្រាហ្វិក Paint ហើយត្រឹមឆ្នាំ 2017 នេះ បន្ទាប់ពីក្រុមហ៊ុននឹងដាក់ចេញនូវ Windows 10 Fall Creators Update នៅពេលខាងមុខ។
ការដកចេញនេះ ដោយហេតុថា កម្មវិធីមួយនេះហាក់មិនសូវពេញនិយមពីអ្នកប្រើប្រាស់ និងដល់ពេលត្រូវលុបចេញពីប្រព័ន្ធ ខណៈ Microsoft អាចនឹងមានអ្វីថ្មីមកជំនួសវិញ។ យ៉ាងណាមិញ កម្មវិធីមួយនេះធ្លាប់ក្លាយជាកម្មវិធីដ៏ពេញនិយមកាលពីជំនាន់មុន Windows 1.0 កាលពីឆ្នាំ1985។
ក្នុងបញ្ជីមួយដែលរៀបរាប់អំពីមុខងារផ្សេងៗ ដែលមិនសូវដំណើរការនឹងត្រូវលុប ឬដកចេញ (not in active development and might be removed in future releases) ចេញពី Windows 10 Fall Creators Update កម្មវិធី Paint ត្រូវបានក្រុមហ៊ុនដាក់ឈ្មោះយ៉ាងច្បាស់។ Microsoft នឹងជំនួសមកវិញនូវកម្មវិធី Paint 3D គឺនៅលើ Windows 10 Creators Update ប៉ុន្តែក្រុមហ៊ុនមិនទាន់បញ្ជាក់ឱ្យដឹងទេថា កម្មវិធីខាងលើនឹងត្រូវដកចេញនៅពេលណានោះទេ៕