អ្នកជំនាញផ្នែកគ្រប់គ្រងហានិភ័យមកពីសហរដ្ឋអាមេរិក បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំក្រុមហ៊ុន ដើម្បីជួយឱ្យពួកគេអាចរក្សាជីវិតនៃអាជីវកម្មរបស់ខ្លួនតទៅមុខ និងត្រៀមខ្លួនជាស្រេចក្នុងការធ្វើសកម្មភាពខ្លាំងក្លា ក្រោយពីវិបត្តិសុខភាពបានបញ្ចប់។
ការផ្ទុះឆ្លងរីករាលដាលនៃវីរុសCOVID-19 កំពុងតែធ្វើឱ្យក្រុមហ៊ុនជាច្រើនត្រូវកាត់បន្ថយទំហំនៃអាជីវកម្មរបស់ខ្លួន និងខ្លះទៀតក៏បានបិទទ្វារ ឬផ្អាកដំណើរការទាំងស្រុង។ ក្នុងអំឡុងពេលនៃការរង់ចាំជំនួយជាក់លាក់ ក៏ដូចជាការសម្រេចចិត្តពីអាជ្ញាធរ ក្រុមហ៊ុននានាអាចចាប់ផ្ដើមធ្វើកិច្ចការមួយចំនួនជាមុន ដើម្បីត្រៀមខ្លួនបើកដំណើរការ ឬពង្រីកទំហំអាជីវកម្មរបស់ខ្លួនឡើងវិញ។
ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រទាំង7ជំនាញ ដែលត្រូវបានលើកឡើងដោយអ្នកជំនាញផ្នែកគ្រប់គ្រងហានិភ័យ លោក Nicholas J. Bahr មកពីក្រុមហ៊ុន DuPont Sustainable Solutions(ក្រុមហ៊ុនផ្ដល់សេវាប្រឹក្សាយោបល់មួយនៅសហរដ្ឋអាមេរិក)។ លោកធ្លាប់មានបទពិសោធជាង35ឆ្នាំ ទាក់ទិននឹងការគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន។
1.ថែរក្សាបុគ្គលិក៖ ទាក់ទងតាមអនឡាញទៅកាន់ពួកគេឱ្យបានញឹកញាប់ ដើម្បីបានដឹងច្បាស់ថា ពួកគេទទួលរងផលអាក្រក់អ្វីខ្លះដោយសារវិបត្តិសុខភាព COVID-19។ លើកទឹកចិត្តពួកគេតាមដែលអាចធ្វើទៅបាន ពិសេសគឺគម្រោងជំនួយរបស់អ្នកសម្រាប់ពួកគេ។
2.បង្កើតប្រព័ន្ធគ្រប់គ្រង៖ បង្កើតប្រព័ន្ធគ្រប់គ្រងដើម្បីអាចធ្វើការសម្រេចចិត្ត ដោយការយោង និងផ្ដោតទៅលើទិន្នន័យឱ្យបានច្រើនជាងអារម្មណ៍។ ប្រព័ន្ធគ្រប់គ្រងនេះអាចធ្វើជា3កម្រិត៖ ទី1.រយៈពេលខ្លី-ដោះស្រាយការលំបាកអំពីធនធានមនុស្ស និងការងារប្រចាំថ្ងៃ។ ទី2.រយៈពេលមធ្យម-ផែនការបម្រុងសាច់ប្រាក់ និងលទ្ធភាពកាត់បន្ថយបុគ្គលិក។ ទី3.រយៈពេលវែង-គណនាអំពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលមានទំហំធំ។
3.ដំណើរការនូវការវាយតម្លៃហានិភ័យនានា៖ ក្រុមហ៊ុនរបស់អ្នកប្រហែលជាមានប្រព័ន្ធវាយតម្លៃហានិភ័យស្រាប់ ក៏ប៉ុន្តែវាអាចនឹងមិនសមស្របជាមួយនឹងស្ថានភាពវិបត្តិសុខភាពដែលកើតឡើងដោយសារ COVID-19 នាពេលនេះក៏ថាបាន។ ដូច្នេះ គួរតែបង្កើតវិធីថ្មី ផ្ដោតទៅលើវិធានការអនាម័យ និងសុវត្ថិភាពចាំបាច់ដើម្បីការពារមនុស្ស ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងដំណើរការក្នុងអំឡុងពេលប្រឈមនឹងវិបត្តិសុខភាពនេះ។
4.បង្កើនទំនាក់ទំនងទៅខាងក្រៅ៖ “ក្នុងអំឡុងវិបត្តិសុខភាពនេះ ផលិតផលដែលធំបំផុតរបស់អ្នក នោះគឺទំនុកចិត្ត” នេះបើតាមលោក Nicholas J. Bahr។ ចូរចំណាយពេលឱ្យបានច្រើនក្នុងការបង្កើនទំនុកចិត្តដល់អតិថិជន ដៃគូរកស៊ី និងសាធារណជន ដោយពន្យល់ប្រាប់ពួកគេថា ក្រុមហ៊ុនរបស់អ្នក កំពុងតែអនុវត្តវិធានការសមស្របដើម្បីប្រឆាំងនឹងការរីករាលដាលនៃមេរោគCOVID-19 ព្រមទាំងកំពុងរួមចំណែកក្នុងការដោះស្រាយបញ្ហានេះទៀតផង។
5.វាយតម្លៃទៅលើខ្សែចង្វាក់ផ្គត់ផ្គង់៖ ស្វែងយល់ឱ្យបានច្បាស់ថា តើអ្នកនៅមានអតិថិជនណាខ្លះ ហើយពួកគេមានសំណើរអ្វីខ្លះ។ បន្ទាប់មក ពិភាក្សាជាមួយក្រុមហ៊ុនផ្គត់ផ្គង់ អំពីលទ្ធភាពរបស់ពួកគេ ប៉ុន្តែសូមប្រុងប្រយ័ត្ន ពួកគេអាចសន្យាលើសពីសមត្ថភាពរបស់ពួកគេ។ បើសិនជាទំហំទឹកប្រាក់របស់អ្នកមានកម្រិត ចូរចាំថា មិនមែនអ្វីទាំងអស់សុទ្ធតែត្រូវការប្រាក់នោះទេ។ ជំនួសមកវិញ ចូរច្នៃប្រឌិត និងពិចារណាអំពីវិធីដែលអ្នកអាចប្រើប្រាស់ដើម្បីដោះដូរជាមួយដៃគូ ទាក់ទិននឹងផលិផល ផលប្រយោជន៍ និងសេវាកម្ម។
6.ពិនិត្យទៅលើហានិភ័យនៃសកម្មភាព៖ វាយតម្លៃទៅលើសកម្មភាពទាំងមូល និងគ្រប់ជ្រុងជ្រោយរបស់ក្រុមហ៊ុន។ បង្កើតបញ្ជីត្រួតពិនិត្យ មុនពេលដំណើរការក្រុមហ៊ុនឡើងវិញ។ ប្រការនេះនឹងធានាបានថា អ្នកពិតជាបានត្រៀមខ្លួនជាស្រេចដើម្បីដំណើរការឡើងវិញ នៅពេលស្ថានភាពអនុញ្ញាត។
7.ប្រើប្រាស់ “ពេលវេលាស្លាប់” ឱ្យមានប្រសិទ្ធភាព៖ ប្រើប្រាស់ពេលវេលាទំនេរឱ្យបានច្រើន ដើម្បីគិតគូរអំពីការបង្កើតសេវាកម្ម និងផលិតផលដែលអ្នកមិនធ្លាប់មានពីមុនមក។ លើកទឹកចិត្តឱ្យបុគ្គលិកចូលរួមក្នុងដំណើរការនេះ ដើម្បីឱ្យពួកគេមានអារម្មណ៍ថាខ្លួនមានតម្លៃ និងដើម្បីបង្កើនផលិតភាព។
ជាក់ស្ដែង អនុសាសន៍របស់លោក Nicholas Bahr ក៏ប្រហាក់ប្រហែលនឹងអ្នកគ្រប់គ្រងផ្សេងៗជាច្រើនទៀតផងដែរ។ Jordan Strauss អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Kroll ដែលជាផ្នែកមួយនៃក្រុមហ៊ុន Duff & Phelps(សហរដ្ឋអាមេរិក) យល់ថា ម្ចាស់អាជីវកម្មគួរតែចំណាយពេលរៀងរាល់ថ្ងៃដើម្បីស្វែងរកឱកាសថ្មី។ ចំណែក Greg Milano ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកយុទ្ធសាស្ត្រ Fortuna Advisors បានឱ្យដឹងថា យុទ្ធសាស្ត្រស្ដារក្រុមហ៊ុនឡើងវិញ អាចចែកចេញជា3ជំហានធំៗ៖ រក្សាជីវិត កែលម្អ និងចាប់យកឱកាស។
Greg Milano ថ្លែងថា ជំហានដំបូង៖ ក្រុមហ៊ុននានាត្រូវតែដោះស្រាយបញ្ហាទាក់ទិននឹងលំហូរសាច់ប្រាក់ និងទ្រព្យសកកម្ម។ ជំហានបន្ទាប់៖ គឺពិចារណាទៅលើវិស័យដែលអាចកែលម្អបាន ដូចជាការធ្វើទំនើបកម្មបច្ចេកវិទ្យាជាដើម។ ជំហានចុងក្រោយ៖ ចំពោះអាជីវកម្មណាដែលទទួលរងផលប៉ះពាល់តិចតួច នេះអាចជាពេលវេលាមួយដែលអ្នកអាចប្រើប្រាស់ឱកាសដើម្បីធ្វើជំនួញថ្មី។
យោងតាមលោក Bahr ការប្រែប្រួលនៅក្នុងកាលៈទេសៈដែលក្រុមហ៊ុនត្រូវជួបនឹងវិបត្តិសុខភាពសកលនេះ គឺអាចប្រព្រឹត្តទៅតាមវិធី4យ៉ាង។ ទីមួយ៖ គឺបណ្ដាក្រុមហ៊ុននឹងចាប់ផ្ដើមដំណើរការអាជីវកម្មពីចម្ងាយ ព្រោះថាអាចធ្វើបានល្អជាងមុនក្នុងគ្រាលំបាកនេះ។ ទីពីរ៖ ការធ្វើការពីចម្ងាយនេះហើយ នឹងបង្កើតឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។ ទីបី៖ សកលភាវូបនីយកម្ម ត្រូវការពិនិត្យឡើងវិញដើម្បីមានលទ្ធភាពក្នុងការសម្របខ្លួនបានល្អ ទៅតាមវិបត្តិប្រហាក់ប្រហែលនឹង COVID-19នេះ។ និងទីបួន៖ ក្រុមហ៊ុននានាត្រូវតែរឹងមាំជាងមុន ដោយផ្ដោតទៅលើផែនការរយៈពេលវែងជាងធម្មតា។
ខណៈដែលក្ដីសង្ឃឹមក្នុងរយៈពេលខ្លីរបស់ក្រុមហ៊ុនមួយចំនួនហាក់មិនសូវល្អ ក៏ប៉ុន្តែ លោក Bahr បានប្រដូចវាទៅនឹងដំណាក់កាលដែលយើងកំពុងធ្វើដំណើរតាមផ្លូវរូងងងឹត។ “ប្រការដែលសំខាន់នោះគឺថា ជាចុងក្រោយ យើងក៏នៅតែបានដើរចេញផុតពីវា” នេះបើតាមសម្ដីអ្នកជំនាញ Bahr៕
ប្រភព៖ CNBC