អ្នកនាង ឈួន សុវណ្ណឆៃ ទទួលបានការសរសើរមិនតិចទេ បន្ទាប់ពីអ្នកនាង បញ្ចេញ Original Song សម្រាប់អបអរឱកាសចូលឆ្នាំ ដែលជួយអោយតារាស្រីរូបនេះ នៅតែអាចរក្សាភាពលេចធ្លោរនៅក្នុងវិស័យចម្រៀង។
ម្នាក់ៗលើកឡើងថា ខណៈដែលតារាចម្រៀងជំនាន់អ្នកនាងចាប់ផ្ដើមធ្លាក់កូដ និងស្ទើរតែបាត់ឈ្មោះពីការគាំទ្រនៅក្នុងវិស័យចម្រៀង តែក្រឡេកមើលតារាស្រីរូបនេះ គឺនៅតែលេចធ្លោរ។ អ្នកនាងរំលេចស្ទីលទាក់ទាញក្នុងនាមជាតារាស្រគត់ស្រគំ និងថ្លៃថ្នូរ គួរឱ្យសរសើរ ព្រមជាមួយនឹងការបញ្ចេញបទចម្រៀង ដែលមានទឹកដមសំឡេងត្រូវត្រចៀក ស្របតាមបរិបទនៃឱកាសបុណ្យទាន។
ជាក់ស្ដែងMV ២បទរបស់អ្នកនាង ឈួន សុវណ្ណឆៃ ក្រោមចំណងជើងថា”កន្រ្តឹមក្រមុំ” និងបទ”កូនម៉ែ” ដែលទើបតែចេញក្ដៅៗមុននេះ គឺអ្នកណាក៏សរសើរថា ទាក់ទាញទាំងចង្វាក់ ទាំងទឹកដមសំលេង និងស្ទីលតុបតែងកាយ។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺអ្នកនាង នៅតែមានរូបសម្រស់ក្មេងជាងវ័យ និង ពូកែលេងស្ទីលប្លែកៗ ត្រូវតាមបរិបទ។ បើតាមគម្រោង តារាចម្រៀង អ្នកនាង ឈួន សុវណ្ណឆៃ គ្រោងបញ្ចេញ MV ចំនួន4បទ រួមមានបទ”កន្ទ្រឹមក្រមុំ” បទ”កូនម៉ែ” បទ”ចង្វាក់ខម” និងបទ”កន្ទ្រឹមបុរាណ។ ប៉ុន្តែដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ បានបង្ខំអ្នកនាងលុបចោលការចេញថត MV ចំនួន2បទចោល បន្ទាប់ពីដាក់បង្ហោះបានតែពាក់កណ្ដាលក្នុងចំណោម4បទ។
អ្នកនាង ឈួន សុវណ្ណឆៃ បញ្ជាក់ថា អ្នកនាង បានថតចម្រៀងចំនួន4បទ សម្រាប់អបអរចូលឆ្នាំ បើទោះជាបញ្ហាកូវីត១៩បង្កការភ័យបារម្ភ។ ប៉ុន្តែអ្នកនាងនៅតែសម្រេចចិត្តមិនផលិត2បទទៀតដែលបានគ្រោងទុកនោះដដែល ដោយសារតែក្រុមការងារ ក៏មិនចង់ប្រថុយប្រថាននឹងជំងឺកាចសាហាវមួយនេះ ស្របគ្នាដែលអ្នកនាងក៏ត្រូវការរក្សាសុវត្ថិភាព។ អ្នកនាងថា 2បទដែលមិនបានផលិតជា MV ដើម្បីបញ្ចេញនោះ សុទ្ធតែជាបទល្អៗ តែដោយសារតែមិនចង់ផលិតក្នុងស្ថានភាពភ័យបារម្ភ។ អ្នកនាងថាបទ”កន្ទ្រឹមបុរាណ” និងបទ”ចង្វាក់ខម” ដែលមិនហ៊ានផលិតសុទ្ធតែជាបទល្អៗ។ អ្នកនាងបន្តថា2បទដែលបានបញ្ចេញមុននេះ មិនត្រឹមតែមានសិល្បករល្បីៗចូលរួមសម្ដែងប៉ុណ្ណោះទេ តែក៏មានក្មួយស្រីរបស់អ្នកនាង2រូបចូលរួមសម្ដែងផងដែរ។