ភ្នំពេញ : ក្រោយពីត្រូវលោក សុវណ្ណ មករា ដែលជាស្វាមីប្រកាសក្ដែងៗរើសយកដំណោះស្រាយបញ្ចប់ចំណងអាពាហ៍ពិពាហ៍ ត្រឹមបង្កើតបានដំណក់ឈាមកូនភ្លោះវ័យជាង ១ ខួបរួមគ្នានោះពិធីការិនីរូបស្រស់អ្នកនាង ឈិន សុធារី បានត្រឹមតែសម្ដែងអារម្មណ៍ឈឺចាប់ ទាំងមិនអស់ចិត្តនឹងមូលហេតុដែលនាំឲ្យលោក សុវណ្ណ មករា ក៏ប្រើពាក្យថា «អតីតឧត្តមភរិយា» ចំពោះរូបអ្នកនាង។ ក្រោយពីរួមរឹតរឿងអាស្រូវផលិតក្បត់ ល្បីទាំងស្នេហាក្រៅឆាក ជាមួយតារាស្រីរលកថ្មីផ្អើលអស់ពិភពសិល្បៈ រហូតធ្វើឲ្យភរិយាស្ទើរតែហត់នឹងជូតទឹកភ្នែកនោះ ផលិតករ និងតារាសម្ដែងលោក សុវណ្ណ មករា កាលពីរាត្រីថ្ងៃទី២៧ ខែមេសា យប់មិញនេះ លោកបានទម្លាយសារយ៉ាងវែងអន្លាយ ទទួលស្គាល់កំហុសឆ្គងរបស់ខ្លួនយ៉ាងច្រើនអនេក។
សារដែលបង្ហោះកាលពីយប់មិញ លោក សុវណ្ណ មករា បានពោលឡើងថា៖ «ជូន ធារី អតីតឧត្តមភរិយាបង។ បងទទួលស្គាល់ថា បងមិនមែនជាប្ដីល្អ មិនមែនជាឪពុកល្អទេ។ បងក្រីក្រ ហើយថែមទាំងផឹកស៊ី មានស្រីញីក្រៅផ្ទះទៀត តែអូនមិនដែលខឹងយកទោសអូសដំណើរនឹងបងឡើយ។ អូនថែមទាំងនៅតែស្រឡាញ់បងដដែល។ កំហុសបងគរដូចភ្នំខ្សាច់»។ ទន្ទឹមនឹងការសារភាពនូវទង្វើផិតក្បត់ភរិយា និងការបំពញតួនាទីជាឪពុកមិនបានល្អនោះ លោក សុវណ្ណ មករា ក៏បានរំលេចពាក្យចំៗហៅអ្នកនាង ឈិន សុធារី ជាប្រពន្ធថា «អតីតឧត្តមភរិយា» ដែលហាក់សម្ដែងចេតនាផាត់ចំណងស្នេហាប្ដីប្រពន្ធក្នុងវេលាអតីតកាល ដើម្បីបញ្ចប់រឿងរ៉ាវជីវិតដ៏ស្មុគស្មាញ។ លោក សុវណ្ណ មករា ក៏បានរាយរាប់ពីអារម្មណ៍របស់លោកបន្តទៀតថា៖ «បងពិតជាខ្មាស់អៀនអូនណាស់ គឺខ្មាស់រហូតដល់ថ្នាក់បងត្រូវតែចាកចេញឲ្យឆ្ងាញ់ពីជីវិតអូនជាដាច់ខាត ដើម្បីឲ្យអូនមានអនាគតត្រចះត្រចង់លើវិថីជីវិតថ្មីនៃអូនចុះ។ ចំណែកបងវិញ សូមបន្តជីវិតពាលាដូចសព្វថ្ងៃរបស់បងបន្តទៀត»។ អ្វីដែលរឹតតែធ្វើឲ្យភ្ញាក់ផ្អើលគឺស្វាមីរបស់អ្នកនាង ឈិន សុធារី ក៏បានប្រកាសពីការសម្រេចចិត្តរបស់លោកថា៖ «ចំណែកកូនប្រុសស្រី យើងទាំងពីរ បងសូនចូលរួមអាហារកិច្ចចិញ្ចឹមបីបាច់រហូតដល់កូនយើងធំ អាចចិញ្ចឹមជីវិតពួកគេឲ្យខ្លួនឯងបាន។ និស្ស័យស្នេហ៍យើងដល់វេលាដែលត្រូវតែចប់ហើយអូន គឺចប់ដោយស្នាមញញឹម ចប់ដោយសន្តិភាព យើងអាចរាប់អានគ្នាជាបងប្អូនបានណាអូន…»។
ក្រោយពីលោក សុវណ្ណ មករា បង្ហោះសារសម្ដែងឆន្ទៈចង់ចែកផ្លូវ ជាមួយនឹងភាសាហៅប្រពន្ធថា «អតីតឧត្តមភរិយា» នោះ អ្នកនាង ឈិន សុធារី បានតបវិញជាមួយ រូបភាពបង្ហូរទឹកភ្នែក ភ្ជាប់សំណួរចោទសួរវិញទាំងមិនអស់ចិត្តថា៖ «ហេតុអ្វីប្រើពាក្យអតីត…? ខ្ញុំខុសអ្វី?»។ គួររំឭកថា អតីតពិធីការិនី និងតារាចម្រៀង ឈិន សុធារី បានភពប្រសព្វជីវិតអាពាហ៍ពិពាហ៍ជាមួយតារាសម្តែងពោះម៉ាយ លោក សុវណ្ណ មករា និងបានចូលរោងការកាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៥ ជាមួយវត្តមានភ្ញៀវចូលរួមចំនួនប្រមាណជាង ២០ តុនៅសណ្ឋាគារ កាំបូឌីយ៉ាណា។ ក្រោយពីចូលរោងការបានប្រមាណជាង ៤ ខែ នៅថ្ងៃទី ២៧ ខែកុម្ភៈគូស្នេហ៍មួយគូនេះ បង្កើតបានបានកូនភ្លោះប្រុសស្រីជាចំណងស្នេហ៍៕