កាលពីព្រឹកថ្ងៃទី 25 ខែមីនា ឆ្នាំ2020 នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសារាចរណែនាំថ្មីមួយពាក់ព័ន្ធនឹងការលើកលែងពន្ធលើប្រាក់បំណាច់អតីតភាពការងារចាប់ពីឆ្នាំពីឆ្នាំ 2020តទៅ។
នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា ក្រសួងនឹងលើកលែងពន្ធលើប្រាក់បៀវត្សចំពោះប្រាក់រំលឹកអតីតភាពការងារមុនឆ្នាំ 2019 និងប្រាក់បំណាច់អតីតភាពការងារឆ្នាំ 2019 របស់កម្មករនិយោជិតជាជនជាតិខ្មែរនៃផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង និងផ្នែកដទៃទៀត ដោយអនុវត្តតាមសារាចរណែនាំលេខ 003 សហវ ចុះថ្ងៃទី11 ខែមេសា ឆ្នាំ2019 ស្តីពីការលើកលែងពន្ធលើប្រាក់រំលឹកអតីតភាពការងារមុនឆ្នាំ 2019 និងប្រាក់អតីតភាពការងារចាប់ពីឆ្នាំ 2019 តទៅមុខ និងសេវាការងារធ្វើ បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករ ឬកម្មសិក្សាការីទៅធ្វើការនៅបរទេស។
ចំពោះប្រាក់អតីតភាពការងារចាប់ពីឆ្នាំ 2020 របស់កម្មករនិយោជិត នៃផ្នែកវាយនភណ្ឌកាត់ដេរ និងស្បែកជើង និងផ្នែកដទៃទៀតត្រូវអនុវត្តតាមគោលការណ៍ដូចជាលើកលែងពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បំណាច់អតីតភាពការងារ ដែលមានទឹកប្រាក់មិនលើសពី 4លានរៀលក្នុងមួយឆ្នាំ។ ចំពោះប្រាក់បំណាច់អតីតភាពការងារដែលមានទឹកប្រាក់លើសពី 4លានរៀលក្នុងមួយឆ្នាំត្រូវជាប់ពន្ធលើប្រាក់បៀវត្ស។ ក្នុងករណីដែលប្រាក់បំណាច់អតីតភាពការងារត្រូវបើកក្នុងមួយឆ្នាំ2ដង ការគណនាពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បំណាច់អតីតភាពការងារត្រូវអនុវត្តដូចជា៖
– ការបើកប្រាក់បំណាច់លើកទី1៖ ត្រូវយកចំនួនទឹកប្រាក់បំណាច់អតីតភាពការងារដែលត្រូវទទួលដក 2លានរៀល ហើយចំនួននៅសល់ត្រូវបូកបញ្ចូលទៅក្នុងមូលដ្ឋានប្រាក់បៀវត្សជាប់ពន្ធប្រចាំខែដែលប្រាក់បំណាច់អតីតភាពការងារត្រូវបានបើក។
– ការបើកប្រាក់បំណាច់លើកទី2៖ ត្រូវអនុវត្តដូចការបើកប្រាក់បំណាច់អតីតភាពការងារលើកទី1ដែរ ដោយត្រូវយកចំនួនទឹកប្រាក់បំណាច់អតីតភាពការងារដែលត្រូវទទួលលើកទី2 ដក2លានរៀល ហើយចំនួននៅសល់ត្រូវបូកបញ្ចូលទៅក្នុងមូលដ្ឋានប្រាក់បៀវត្សជាប់ពន្ធប្រចាំខែដែលប្រាក់បំណាច់ត្រូវបើក។
ចំពោះការចំណាយលើការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ត្រូវបានអនុញ្ញាតឱ្យកាត់កងពីប្រាក់ចំណូលជាប់ពន្ធសម្រាប់ឆ្នាំជាប់ពន្ធដែលមានការទូទាត់លើប្រាក់អតីតភាពការងារ៕