ដោយសារតែជំងឺជាច្រើនបានវាយលុក នៅលើវិស័យកសិកម្ម នៅតាមតំបន់ និងប្រទេសជិតខាង ដូចជាជំងឺសារ៍(SARS) ជំងឺH1N1, ជំងឺគ្រុនផ្តាសាយបក្សី និងជំងឺប៉េស្តជ្រូកអាហ្វ្រិក ជាដើម ហើយថ្មីៗនេះក៏មានជំងឺកូវីដ19 ទៀតផងនោះ បានធ្វើឱ្យប្រទេសកម្ពុជាទទួលរងនូវជំងឺទាំងនោះផងដែរ និងបានធ្វើឱ្យវិស័យកសិកម្មកម្ពុជា នៅតែមិនអាចវិវឌ្ឍខ្លួនឱ្យរីកចម្រើនបាននៅឡើយ។
ប៉ុន្តែទោះជាយ៉ាងណាក្តី យើងសង្កេតឃើញពីការខិតខំប្រឹងប្រែងរបស់កសិករ និងរដ្ឋាភិបាល ដែលបានជម្នះបញ្ហាទាំងនេះ បង្កើនការចិញ្ចឹមសត្វ ក្នុងវិស័យកសិកម្មឱ្យបានរីកចម្រើន។ ដូចជាក្រុមហ៊ុន 3PLE FARM ដែលបានធ្វើកសិដ្ឋានចិញ្ចឹមមាន់សាច់ មួយរយៈកន្លងមក និងបច្ចុប្បន្នកំពុងតែពង្រឹងខ្លួន ដើម្បីស្វែងរកទីផ្សារផ្គត់ផ្គង់សាច់មាន់សម្រាប់អតិថិជនកម្ពុជា និងនាំចេញ។
លោក ថុល រិទ្ធិស័ក្តិ អ្នកគ្រប់គ្រងទូទៅ ដែលមានជំនាញផ្នែកលក់ បានប្រាប់កាសែតឡារ៉ែនពាណិជ្ជឱ្យដឹងថា៖«ខ្សែចង្វាក់ផលិតកម្មរបស់សត្តឃាតដ្ឋានយើង ដែលបានចាប់ផ្តើមសាកល្បងដំណើរការកាលពីខែមេសា ឆ្នាំកន្លងទៅ មានទីតាំងនៅភូមិឈើទាល ឃុំជម្ពូវ័ន្ត ស្រុកជុំគីរី ខេត្តកំពត»។
លោកបន្តថា៖«សត្តឃាតដ្ឋាននេះបានបំពាក់ទៅដោយឧបករណ៍ និងសម្ភារបច្ចេកទេសទំនើបស្វ័យប្រវត្តិមកពីសហភាពអឺរ៉ុប អាមេរិក និងអូស្រ្តាលី ដោយសហការវិនិយោគជាមួយក្រុមហ៊ុនម៉ាឡេស៊ី។ ដោយឧបករណ៍បច្ចេកទេសទាំងនេះ ធានាបាននូវអនាម័យ គុណភាព និងសុវត្ថិភាពលើផលិតផលសាច់ ឆ្លើយតបបានយ៉ាងពេញលេញតាមតម្រូវការទីផ្សារ និងតម្រូវចិត្តអ្នកបរិភោគ ដែលតែងតែគិត និងបារម្ភអំពីគុណភាពសាច់ខ្វះអនាម័យនាពេលបច្ចុប្បន្ន»។
លោកបានឱ្យដឹងថា សត្តឃាតដ្ឋានរបស់ក្រុមហ៊ុន 3PLE FARM មានសមត្ថភាព ពិឃាតមាន់ បានចំនួន 12ពាន់ក្បាល ក្នុង1ថ្ងៃ ដោយប្រើកម្លាំងពលកម្ម 50នាក់។
លោក រិទ្ធិស័ក្តិ បានឱ្យដឹងទៀតថា៖«កសិដ្ឋានមាន់របស់ក្រុមហ៊ុន 3PLE FARM របស់ខ្ញុំ ក្នុង1ឆ្នាំ ចិញ្ចឹមមាន់បានប្រមាណជាង 1លានក្បាល ជាប្រភេទមាន់សាច់។ ក្នុងការចិញ្ចឹមមាន់សាច់នេះ កសិដ្ឋានរបស់ខ្ញុំ បានចាប់ផ្ដើមតាំងពីឆ្នាំ2016 មករហូតដល់បច្ចុប្បន្ន យើងមានរោងចក្រសត្តឃាតដ្ឋានដែលបានដំណើរការនៅឆ្នាំ2018 លើផ្ទៃដី 8ហិកតា»។
លោកបានមានប្រសាសន៍ឱ្យដឹងថា៖«ក្នុង 1ថ្ងៃ កសិដ្ឋានរបស់ខ្ញុំមានសមត្ថភាពបញ្ចេញមាន់បាន 3,000ក្បាលទៅក្នុងទីផ្សារ ដោយការចិញ្ចឹមមាន់សាច់នេះ ត្រូវប្រើរយៈពេលចិញ្ចឹម 35ថ្ងៃទៅ 40ថ្ងៃ យើងនឹងបានទទួលផលហើយ ដោយមាន់ 1ក្បាល អាចមានទម្ងន់ជាមធ្យមពី 2.2 ទៅ 2.4គីឡូក្រាម»។
លោក រិទ្ធិស័ក្តិ ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន 3PLE FARM មានលក្ខណៈប្លែកពីគេត្រង់ថា ក្រុមហ៊ុនមានកន្លែងពន្លះសាច់ លាងសម្អាត និងវេចខ្ចប់ដោយខ្លួនឯង ដែលជាក្រុមហ៊ុនដំបូងគេនៅស្រុកខ្មែរ។ មានន័យថា យើងធ្វើដោយខ្លួនឯង ដោយកាត់ជាផ្នែកៗ រួចយើងរៀបចំវេចខ្ចប់ដោយម៉ាស៊ីនស្តង់ដាទំនើប រួចទើបបញ្ជូនទៅឱ្យអតិថិជន ដូចជាភោជនីយដ្ឋាន និងសណ្ឋាគារធំៗ។
លោកបញ្ជាក់ទៀតថា សម្រាប់មាន់សាច់នៅស្រុកខ្មែរយើង មាន់សាច់ក្នុងកសិដ្ឋានរបស់លោក មានទីផ្សារគោលដៅគឺហាងធំៗ ដោយហាងទាំងនោះ ត្រូវការគុណភាពសាច់មាន់ប្រភេទនេះ។ ដូច្នេះគេបានទទួលស្គាល់មាន់សាច់របស់យើង ដែលយើងបានចរាចរលើទីផ្សារកន្លងមក។
លោក រិទ្ធិស័ក្ត បានបញ្ជាក់ឱ្យដឹងថា៖«ក្នុងការលក់ តាមសាច់មាន់របស់ខ្ញុំ គឺមាន់ទាំងមូលលក់ក្នុងតម្លៃ 3.5ដុល្លារ ក្នុង 1គីឡូក្រាម។ សាច់ទ្រូងសុទ្ធតម្លៃ 4.8ដុល្លារ ក្នុង 1គីឡូក្រាម, ស្លាបលក់តម្លៃ 4ដុល្លារ ក្នុង 1គីឡូក្រាម។ ការលក់សាច់មាន់តាមផ្នែកនេះ គឺយើងមានកម្មករដែលរៀបចំសាច់តាមផ្នែក ដោយមានជំនាញ ស្តង់ដា ហើយក្នុងមាន់មួយ យើងអាចលក់បានតាំងពីជើង ដល់គ្រឿងក្នុង ហើយការលក់ គឺលក់ជាប្រចាំតែម្តង ដោយពុំឱ្យមានអាក់ខានឡើយ»។
លោកបានបញ្ជាក់ឱ្យដឹងថា៖«មាន់នៅកសិដ្ឋានខ្ញុំ ខ្ញុំបានប្រើម៉ាក PAMAK All Natural CHICKEN ហើយការធ្វើកសិដ្ឋាននេះ ខ្ញុំប្រើកម្មករប្រមាណ 50នាក់ ដែលពួកគាត់មានជំនាញ និងបទពិសោធច្បាស់លាស់ រួមទាំងជនជាតិអារ៉ាប៊ីសាអ៊ូឌីត និងហ្វីលីពីនដែលជាកម្មករជំនាញផងដែរ ហើយយើងក៏មានការរក្សាសុវត្ថិភាព និងការពារសុខភាពពួកគេទៀតផង»។
លោក រិទ្ធិស័ក្តិ បានឱ្យដឹងទៀតថា៖«មាន់សាច់នៅក្នុងកសិដ្ឋានរបស់ខ្ញុំ មានមនុស្សជាច្រើនក្នុងសង្គមបច្ចុប្បន្ន ដែលចង់បានគុណភាព ស្អាត អនាម័យ ដូច្នេះកសិដ្ឋានរបស់ខ្ញុំ គឺមានសាច់មាន់ប្រភេទហ្នឹងដាក់លក់នៅទីផ្សារ»។
ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា កសិដ្ឋានលោក ក៏មានគំនិតចិញ្ចឹមមាន់សាច់នេះ ក្នុងលក្ខណៈមួយដែលទីផ្សារក្នុងស្រុកកំពុងត្រូវការ នាពេលបច្ចុប្បន្នដែរ គឺ៖
ទី1-កសិដ្ឋានចិញ្ចឹមមាន់ និងផលិតសាច់មាន់នេះ បានចិញ្ចឹមមាន់ និងផលិតសាច់មាន់ក្នុងគោលបំណងជួយទប់ស្កាត់ និងការពារ និងកាត់បន្ថយការនាំចូលមាន់ពីខាងក្រៅ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានគ្រប់គ្រាន់។
ទី2-គឺជាផលិតផលខ្មែរសុទ្ធសាធ ដែលខ្មែរអាចធ្វើ និងផលិតបាន និងជាផលិតផលនាំមុខគេ ក្នុងស្រុកខ្មែរផងដែរ។
លោកថុល រិទ្ធិស័ក្តិ បានបញ្ជាក់ថា៖«រោងចក្រកសិដ្ឋាន សម្អាត និងវេចខ្ចប់មាន់សាច់របស់ខ្ញុំ នេះ ខ្ញុំបានប្រើប្រាស់ថវិកាប្រមាណជិត 10លានដុល្លារសម្រាប់ការងារនេះ ហើយមាន់សាច់របស់ខ្ញុំបានលក់ចូលក្នុងទីផ្សារ ដែលមាន់នេះមានការសហការ និងយកពូជមកពីប្រទេសថៃ។ ចំពោះចំណីអាហារវិញ យើងមានរោងចក្រផលិតជាក្រុមហ៊ុនក្នុងស្រុក ដែលផលិតចំណីសត្វរបស់ប្រទេសកូរ៉េ។
ទោះជាយ៉ាងណាក្តី លោក រិទ្ធិស័កិ្ត បានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមមាន់សាច់របស់លោក មិនទាន់បាននាំចេញទៅក្រៅប្រទេសទេ បានត្រឹមតែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប៉ុណ្ណោះ ប៉ុន្តែយើងមានការទំនាក់ទំនងពីទីផ្សារខាងក្រៅមកច្រើនហើយ យើងកំពុងតែជជែកគ្នាសិន។
លោក ថុល រិទ្ធិស័ក្តិ បានបញ្ជាក់ថា៖«ខ្ញុំសង្ឃឹមថា នឹងរៀបចំធ្វើការងារនេះ តែពេលស្ថិតក្នុងដំណាក់កាលជជែកគ្នានេះ ខ្ញុំក៏មានគម្រោងពង្រីកការផលិត សម្រាប់ការនាំចេញទៅទីផ្សារក្រៅប្រទេសដែរ។ ចំពោះការដាក់លក់មាន់សាច់នៅក្នុងគ្រប់ទីផ្សារទំនើប ក៏ជាទិសដៅរបស់កសិដ្ឋានខ្ញុំដែរ ហើយក្រុមហ៊ុនរបស់ខ្ញុំក៏កំពុងចរចាផងដែរ តែពុំទាន់បានលទ្ធផលនៅឡើយ ក៏ប៉ុន្តែខ្ញុំជឿជាក់ថាវានឹងទទួលបានផលវិជ្ជមានក្នុងពេលឆាប់ៗនេះ៕