គម្រោង “តោះថតភាពយន្តឯកសារកម្ពុជា” ហៅកាត់ថា LDC គឺជាគម្រោងមួយដែលបង្កើតឡើងដោយអង្គការភាពយន្តឈូករ័ត្ន ក្នុងគោលបំណងបណ្តុះបណ្តាលប្រជាជនកម្ពុជាឲ្យមានជំនាញគ្រប់គ្រាន់ក្នុងការថតទុកអ្វីគ្រប់យ៉ាងដែលទាក់ទង “សេរីភាពក្នុងការបញ្ចេញមតិ” និង “សេរីភាពទទួលបានព័ត៌មាន។
ដោយមើលឃើញអំពីតម្រូវការរបស់សង្គម ហើយយុវជនក៏មានចំណាប់អារម្មណ៍ច្រើនទៅលើឱកាសការងារផ្នែក កាត់តវីដេអូខ្លី និងភាពយន្តឯកសារផ្សេងៗ ដូច្នេះទើបគម្រោងសម្រេចបង្កើតវគ្គខ្លីនេះបន្ថែមទៀត ដើម្បីបំពេញតម្រូវការ និងពង្រឹងជំនាញទន់របស់សិក្ខាកាមទាំងអស់ឲ្យមានសមត្ថភាពគ្រប់គ្រាន់លើជំនាញមួយនេះកាន់តែល្អប្រសើរជាងមុន។
វគ្គបណ្ដុះបណ្ដាលមួយនេះមានការចូលរួមបង្រៀនដោយលោកគ្រូ ហួត រ៉ាវី អ្នកជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំផ្នែកដឹកនាំរឿង និងកាត់តវីដេអូ ដោយរាល់ស្នាដៃភាពយន្តរបស់លោកតែងត្រូវបានមហាជននៅក្នុងវិស័យនេះទទួលស្គាល់។
គួរបញ្ជាក់ផងដែរថា ក្នុងវគ្គបណ្ដុះបណ្ដាលនេះសិក្ខាកាមចូលរួមមានចំនួន១៤នាក់ មកពីក្រុមផ្សេងៗគ្នា ក្នុងនោះរួមមាន រាជធានីភ្នំពេញ ៣នាក់ បាត់ដំបង ៣នាក់ សៀមរាម ១នាក់ កែប និងកំពត ៧នាក់។
ក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ កញ្ញា ជុំ សុដាមី មកពីរាជធានីភ្នំពេញរៀបរាប់ថា “ខ្លួនពិតជាសប្បាយចិត្តជាខ្លាំង ចំពោះការបង្រៀនរបស់លោកគ្រូ កញ្ញាបានថ្លែងអំណរគុណចំពោះក្រុមភាពយន្តឈូករ័ត្នដែលបានបង្កើតវគ្គបណ្ដុះបណ្ដាលមួយនេះ ព្រោះវគ្គបណ្តុះបណ្តាលនេះធ្វើខ្លួនកាន់តែយល់ច្បាស់អំពីការកាត់តវីដេអូ។
ចំណែក លោក ងយ វណ្ណះ មកពីខេត្តកែបក៏បានលើកឡើងដែរថា ”ខ្ញុំសូមអរគុណលោកគ្រូ ក៏ដូចជាក្រុមការងារទាំងអស់ដែលបានបង្កើតកម្មវីធីនេះឡើង វាផ្តល់ចំណេះដឹង និងបច្ចេកទេសកាត់តថ្មីៗដល់រូបខ្ញុំច្រើនណាស់។
មិនខុសពីសិក្ខាកាមពីររូបខាងលើ លោក រិន ឌី មកពីខេត្តបាត់ដំបង បានសរសើរពីកម្មវិធីនេះថា “ខ្លួនពិតជាស្រលាញ់ក្រុមការងារ និងអ្នកសម្របសម្រួល ទាំងអស់ដែលបានរៀបចំកម្មវិធីដ៏មានប្រយោជន៍នេះឡើង ហើយក៏សង្ឃឹមថាគម្រោង តោះថតភាពយន្តឯកសារកម្ពុជា នឹងបន្តសកម្មភាពបង្រៀននេះនៅឱកាសក្រោយៗទៀត។
តោះថតភាពយន្តឯកសារនៅកម្ពុជា (Let’s Document Cambodia) ដោយរៀបចំឡើងដោយអង្គការភាពយន្តឈូករ័ត្ន (SFO)។ គម្រោង ”តោះថតឯកសារកម្ពុជា” នឹងព្យាយាមបន្តសកម្មភាពបណ្ដុះបណ្ដាលរបស់ខ្លួនសម្រាប់យុវជនកម្ពុជាដែលមានចំណាប់អារម្មណ៏ទាក់ទងវិស័យភាពយន្តបន្តទៀតក្នុងពេលឆាប់ៗនេះ។