បន្ទាប់ពីមានកំណែទម្រង់ប្រព័ន្ធអប់រំ និងស្របពេលដែលបច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនកាន់តែខ្លាំងឡើង ក្រសួងអប់រំ បានចាប់ផ្តើមបង្កើនវិធីសាស្រ្តក្នុងការផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធភាពឡើង។
ឆ្នាំនេះជាឆ្នាំទី3 នៃការធ្វើកំណែទម្រង់ការប្រឡងមធ្យមសិក្សាទុតិយភូមិដែលក្រសួងបានយកពាក្យថា អ្នកចេះគឺជាប់ ជាឃ្លាចម្បងសម្រាប់រំឭកបេក្ខជនឱ្យបានដឹង និងត្រៀមខ្លួនឱ្យបានល្អដើម្បីប្រឡង។ ទន្ទឹមនឹងក្រសួងបានធ្វើការរឹតបន្តឹងចំពោះការប្រឡង ក្រសួងក៏បានផលិតឯកសារជាច្រើនដើម្បីឆ្លើយតបជាមួយនឹងតម្រូវការរបស់សិស្សដែលត្រៀមប្រឡងក្នុងសម័យប្រឡងមួយដែលមានលក្ខណៈសុក្រិតត្រឹមត្រូវ ដោយគ្មានការបើកចម្លង។
ប្រភពឯកសារដែលក្រសួងបានផលិត មានដូចជាលំហាត់សម្រាប់មុខវិជ្ជាវិទ្យាសាស្រ្តពិត ឯកសារជំនួយស្មារតីសម្រាប់សិស្សវិទ្យាសាស្ត្រសង្គម និងព័ត៌មាននានាជុំវិញលក្ខខណ្ឌនៃការប្រឡងបាក់ឌុប រួមទាំងព័ត៌មានជាច្រើនទៀតដែលអាចជួយសម្រួលដល់ការសិក្សារបស់សិស្ស។ កម្រងឯកសារទាំងអស់នោះ ត្រូវបានក្រសួងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងបណ្តាញ Facebook របស់ខ្លួនដែលមានអ្នកចូលមើលប្រមាណជាង 2លាននាក់ ដោយក្នុងនោះក្រសួងក៏បានបង្ហាញជាសាធារណៈផងដែរថាការផ្តល់ព័ត៌មាន ពាក់ព័ន្ធនឹងលទ្ធផលនៃការប្រឡងសញ្ញាបត្រទុតិយភូមិគឺនឹងផ្សាយនៅក្នុង Facebok ជាផ្លូវការរបស់ខ្លួន៕