ដោយសារតែការរីករាលដាលកូវីដ-19 ជុំវិញពិភពលោក និងក្នុងតំបន់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា កម្ពុជាជាប្រទេសមួយដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុតដល់សេដ្ឋកិច្ចរបស់ខ្លួនធៀបនឹងបណ្ដារដ្ឋជាសមាជិកអាស៊ាន 9 ផ្សេងទៀត។
ADB កាលពីដើមខែនេះបានប៉ាន់ប្រមាណថា កម្ពុជានឹងខាតបង់ជាង 390 លានដុល្លារ លើផលប៉ះពាល់ដោយសារតែការរីករាលដាលកូវីដ19 ឬធ្លាក់ចុះ 1,59 ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំនេះ ដែលបណ្ដាលឱ្យប្រទេសនេះជាប្រទេសមានផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចខ្លាំងបំផុតដែលបានបង្កឡើងដោយការរីករាលដាលកូវីដ19 ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ានផ្សេងទៀត។
រដ្ឋាភិបាលបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំនេះមកនៅត្រឹម 6,1 ភាគរយ ពីការព្យាករលើកមុនរបស់ខ្លួន 6,5 ភាគរយ ដោយសារការរីករាលដាលកូវីដ-19 ការប្រែប្រួលអាកាសធាតុ និងភូមិសាស្ដ្រនយោបាយ។
ADB បានឱ្យដឹងថា ផលប៉ះពាល់លើពិភពលោកចាប់ពី 77 ពាន់លានដុល្លារ ទៅ 347 ពាន់លានដុល្លារក្នុងនោះសាធារណរដ្ឋប្រជាមានិតចិនមានចំនួន 2 ភាគ 3 នៃចំនួនសរុប។
ADB បានបន្តថា ការរីករាលដាលកូវីដ-19 ជាបន្តប៉ះពាល់ដល់សាធារណរដ្ឋប្រជាមានិតចិន និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតតាមរយៈបណ្ដាញជាច្រើនដែលរួមមានការធ្លាក់ចុះយ៉ាងខ្លាំងផ្នែកតម្រូវការក្នុងស្រុក ទេសចរណ៍ និងការធ្វើដំណើរអាជីវកម្មកាន់តែទាប ទំនាក់ទំនងពាណិជ្ជកម្ម និងការផលិតការរំខានការផ្គង់ផ្គង់ និងផលប៉ះពាល់ផ្នែកសុខភាព។
បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនកំពុងឆ្លើយតបនឹងការរីករាលដាលកូវីដ-19 រួចហើយតាមមធ្យោបាយផ្សេងៗ។ រដ្ឋាភិបាលជាច្រើនបានប្រមូលកម្លាំងពិសេសអន្តរភ្នាក់ងារ និងយន្តការសម្របសម្រួលផ្សេងទៀត ដើម្បីធានាការឆ្លើយតបប្រកបដោយការចុះសម្រុងគ្នា។ នេះបើយោងតាម ADB។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីដើមខែនេះបានឲ្យដឹងថា រដ្ឋាភិបាលបានលៃទុកប្រាក់ចន្លោះពី 800 លានដុល្លារ ទៅ 2ពាន់លានដុល្លារ ដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច ដោយសារតែការរីករាលដាលកូវីដ-19 ដែលរួមទាំង 30លានដុល្លារ ដើម្បីផ្ដល់ហិរញ្ញប្បទានក្នុងការគាំទ្រដល់ក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលកូវីដ-19៕