កម្ពុជានឹងបិទខេធីវី និងបិទក្លិបកម្សាន្ត តែកម្ពុជាគ្មានផែនការបិទភោជនីយដ្ឋាន ហាងកាហ្វេ ផ្សារ និងរោងចក្រទេ។ នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចមានប្រសាសន៍ថា អ្នកខ្លះរុញឱ្យយើងបិទទាំងអស់ តែបើបិទម្លឹងៗតើយើងរស់របៀបម៉េច? ហេតុនេះយើងមិនបិទនោះទេ តែយើងនឹងមានការប្រុងប្រយ័ត្នកុំឱ្យមានការប្រមូលផ្តុំមនុស្សច្រើន។ កន្លងមកមានថ្នាក់ក្រោមខ្លះធ្វើលើស ត្រង់គេឱ្យបិទត្រឹមខេធីវី និងក្លិបកម្សាន្ត តែគាត់ទៅបិទដល់ហាងកាហ្វេ កន្លែងលក់គុយទាវ និងកន្លែងផ្សេងៗទៀត។
សម្តេចតេជោ បានបញ្ជាក់ផងដែរថា ក្រៅពីបញ្ហាទាំងអស់នេះ កម្ពុជាមិនបិទកម្មវិធីចូលឆ្នាំនោះទេ គ្រាន់តែកុំឱ្យមានការប្រមូលផ្តុំ ដោយប្រជាជនអាចកម្សាន្តបាននៅតាមផ្ទះរៀងៗខ្លួនក្នុងឱកាសចូលឆ្នាំ។ ចំណែកឯការប្រគុំតន្ត្រីក៏នៅតែអនុញ្ញាតដែរ តែអនុញ្ញាតសម្រាប់ការផ្សាយនៅស្ថានីយដោយគ្មានអ្នកចូលមើល ហើយឱ្យអ្នកទស្សនានានាមើលតាមកញ្ចក់ទូរទស្សន៍វិញ៕