ដើម្បីអបអរការដាក់បញ្ចាំងរឿង “វិកលចរិត” ក្នុង 3 ប្រទេសដំណាលគ្នា រួមមាន កម្ពុជា ថៃ ឡាវ នៅថ្ងៃទី3 ខែសីហា ឆ្នាំ 2017 ខាងមុខនេះ រាល់ការទិញសំបុត្រទស្សនារឿងនេះ និងត្រូវបរិច្ចាគជួយដល់កុមារកំព្រា និងក្មេងៗបាត់បង់សតិបញ្ញានៅកម្ពុជាចំនួន 1 ដុល្លារសហរដ្ឋអាមេរិកក្នុងមួយសន្លឹក ដែលទង្វើសប្បុរសធម៌នេះនឹងក្លាយជាកម្លាំងជំរុញចិត្តដល់កុមារនៅកម្ពុជាផងដែរ។
ក្នុងនាមជាកូនខ្មែរដែលស្នេហាជាតិ និងគោរពដូនតាប្រទេសកំណើតរបស់ខ្លួន លោក ហ៊ុយ យ៉ាឡេង ឬឈ្មោះហៅក្រៅថា មាតុចក្រ ដែលជាអ្នកដឹកនាំរឿង និងជាតួសម្ដែងនៅក្នុងរឿងខាងលើនេះបានចេញសារមួយនៅលើទំព័រ Facebook Page ថា “ដើម្បីតបស្នងសងគុណដល់ប្រជាជាតិខ្ញុំ! ដើម្បីអបអរសាទររឿង “វិកលចរិត” ដែលបានចាក់បញ្ចាំងក្នុង៣ប្រទេសព្រមគ្នា ខ្មែរ ថៃ ឡាវនោះ រាល់តម្លៃសំបុត្រ១សន្លឹកទូទាំងបីប្រទេសនោះនឹងត្រូវដកចំនួន១ដុល្លារដើម្បីជួយដល់កុមារកំព្រា និងក្មេងៗបាត់បង់សតិបញ្ញានៅកម្ពុជា”។ ទន្ទឹមនឹងនោះលោកក៏បានប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន ថា ” រឿង វិកលចរិត គ្រោងធ្វើការសម្ពោធជាថ្មីម្ដងទៀតនៅថ្ងៃទី26 ខែកក្កដា ឆ្នាំ2017 នេះ”។
គួររំឭកផងដែរថា ដោយសារតែអ្នកដឹកនាំរឿងរូបនេះសង្កេតឃើញថា នៅមានកូនខ្មែរជាអ្នកស្រឡាញ់ និងគាំទ្រវិស័យភាពយន្ដខ្មែរជាច្រើននាក់ទៀតមិនទាន់បានទស្សនារឿង “វិកលចរិត” នេះ និងដើម្បីបានទស្សនាជាថ្មីម្ដងទៀតនោះ លោកសង្ឃឹមថា កូនខ្មែរគ្រប់រូបនឹងមិនខកខានក្នុងការទស្សនារឿងដ៏ល្អមើលមួយនេះឡើយ ដូចគ្នានោះដែរ ទស្សនិកក៏នឹងបានចូលរួមចំណែកក្នុងការចូលរួមបរិច្ចាគថវិកាជួយដល់កុមារកំព្រា និងក្មេងៗបាត់បង់សតិបញ្ញានៅកម្ពុជាផងដែរ។ ដូច្នោះហើយ ប្រសិនបើជាជនរួមជាតិណាមិនទាន់បានទស្សនារឿងនោះ សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅឱ្យសោះ សូមអញ្ជើញទៅទស្សនាទាំងអស់គ្នានៅគ្រប់រោងភាពយន្តទូទាំងរាជធានីភ្នំពេញ និងខេត្តសៀមរាប៕