កំពូលកុំព្យូទ័រ SuperComputer អាចដំណើរការនូវទិន្នន័យទំហំដ៏ធំមហិមា ហើយអាចបង្កើតនូវការសាកល្បងដ៏ស្មុគស្មាញនៃអត្តចរិតរបស់ម៉ូលេគុល បានល្បឿនជាងកុំព្យូទ័រដទៃទៀត។ ដូចនេះ គេសង្ឃឹមថា វានឹងជួយពន្លឿនល្បឿនក្នុងការប្រយុទ្ធនឹងកូវីដ-19។
ក្រៅពីមានការចូលរួមជាសមាជិក ពីសំណាក់អ្នកជំនាញជាច្រើនហើយនោះ Google Cloud, Amazon Web Services និង Microsoft ក៏ជាផ្នែកមួយនៃសហព័ន្ធនេះដែរ ហើយពួកគេនឹងផ្ដល់សិទ្ធិឱ្យប្រើប្រាស់សេវាកម្ម Cloud របស់ពួកគេ ដើម្បីពន្លឿនកិច្ចការស្រាវជ្រាវ។
កំពូលកុំព្យូទ័រ ដែលក្នុងនោះរួមមានឈ្មោះ supercomputers Summit ផងនោះ (កំពូលកុំព្យូទ័រកម្លាំងខ្លាំងជាងគេក្នុងលោក) គឺគ្រប់គ្រងដោយសមាជិកនៃសហព័ន្ធ COVID-19 High Performance Computing ដែលបានប្រកាសបង្កើតឡើងនាថ្ងៃនេះដោយការិយាល័យសេតវិមាន។
កំពូលកុំព្យូទ័រទាំង 16 គឺមានសមត្ថភាពនៃការគណនាក្នុងល្បឿន 330 Petaflop ដែលមានន័យថា ពួកវាអាចធ្វើការគណនាបាន 330លានពាន់លានដងក្នុង 1វិនាទី។ គ្រាន់តែ Summit តែឯង គឺមានសមត្ថភាពដល់ 200 Petaflop ឯណោះ កន្លងមកគឺមានដំណឹងថា កំពូលកុំព្យូទ័របានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-19។
ជាក់ស្ដែងការបញ្ជាក់ ពីវេបសាយរបស់ក្រុមហ៊ុន IBM បានឱ្យដឹងថា ក្រុមការងារអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Tennessee និងមន្ទីរពិសោធន៍ Oak Ridge National បានប្រើប្រាស់ Summit ដើម្បីបង្កើតការសាកល្បងមើលពីម៉ូលេគុលចំនួន 8ពាន់ផ្សេងគ្នា។
ជាលទ្ធផលគេអាចស្វែងរកម៉ូលេគុលជាប់ជាបេក្ខភាពចំនួន 77 ម៉ូលេគុល ដែលអ្នកស្រាវជ្រាវដទៃទៀតអាចតេស្តក្នុងដំណាក់កាលសាកល្បងថា វាអាចព្យាបាលកូវីដ-19 បានឬយ៉ាងណា?៕