អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាស ច្រានចោលទាំងស្រុងនូវសារជាសំឡេងដែលលាក់ប្រភព និងចែកចាយតាមបណ្តាញសង្គមថា រាជរដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលវីរុស Covid-19។
នៅក្នុងសេចក្តីប្រកាសដដែលនេះបានឱ្យដឹងថា អង្គភាពអ្នកនាំពាក្យសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា រាជរដ្ឋាភិបាលបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺរលាកសួតថ្មី ដែលបង្កឡើងដោយវីរុស Covid-19 ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រធាន ក៏ដូចជាឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូបជាអនុប្រធាន រួមទាំងឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលជាអនុប្រធានប្រចាំការ បានដាក់ចេញនូវវិធានការយ៉ាងម៉ឹងម៉ាត់ជាទីបំផុត និងជាបន្តបន្ទាប់ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលវីរុស Covid-19។
អង្គភាពអ្នកនាំពាក្យ បានបំភ្លឺប្រាប់ប្រជាពលរដ្ឋថាកុំឱ្យមានការភ្ញាក់ផ្អើលស្លន់ស្លោ ដែលនាំឱ្យមានចលាចលផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជាពិសេសធ្វើឱ្យទំនិញឡើងថ្លៃហួសហេតុដោយមិនសមហេតុផល៕