រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ការប្រកួតកីឡាជាតិ (National Games 2020) លើកទី3 នៅចន្លោះខែឧសភា និងខែមិថុនា ឆ្នាំ2020 នេះ ត្រូវបានពន្យារពេលហើយ ដោយសារតែការរាតត្បាតនៃវីរុសប្រភេទថ្មី COVID-19 ដែលជាក្តីកង្វល់របស់ពិភពលោក ក៏ដូចជាកម្ពុជានាពេលបច្ចុប្បន្ននេះដែរ។
ជាមួយការពន្យារពេលនេះ ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងអំណរគុណ និងគាំទ្រចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ដែលបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់កីឡាករ-កីឡាការិនី ពិសេសផ្ដល់ឱកាសឱ្យគណៈកម្មការ មានពេលវេលាគ្រប់គ្រាន់ ក្នុងការត្រៀមលក្ខណៈរៀបចំ នៅពេលស្ថានភាពរីករាលដាល នៃជំងឺឆ្លង Covid-19 មានសភាពប្រក្រតីឡើងវិញ។
គួររំឭកផងដែរថា តាមគម្រោង ការប្រកួតកីឡាជាតិ (National Games 2020) លើកទី3 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី25 ខែឧសភា រហូតដល់ថ្ងៃទី5 ខែមិថុនា ខាងមុខនេះ រយៈពេល 12ថ្ងៃ ដោយព្រឹត្តិការណ៍ដ៏ធំនេះ គ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ និងខេត្តចំនួន 5ទៀត ចូលរួមធ្វើជាម្ចាស់ផ្ទះ៕