អាការក្អក អាចកើតឡើងច្រើនបែបអាស្រ័យលើមូលហេតុរបស់វា មនុស្សយើងមិនអាចជ្រើសរើសថានឹងក្អកបែបណាបាននោះទេ តែជ្រើសរើសក្នុងការចាត់ការវាឱ្យធូរស្រាលទៅវិញយ៉ាងឆាប់រហ័សបាន។ ដូច្នេះហើយទើបខាងវេជ្ជសាស្ត្របែងចែកអាការក្អកចេញជាច្រើនបែបច្រើនយ៉ាង ដូចជា ក្អកស្ងួត និងក្អកមានស្លេស្ម៍ ឬក្អករយៈពេលខ្លី និងក្អករ៉ាំរ៉ៃជាដើម។ មនុស្សក្នុងយុគសម័យនេះកើតអាការក្អកច្រើនគ្នាណាស់ ដោយសារតែបច្ច័យអាកាសធាតុ និងបច្ច័យខាងក្នុងរាងកាយគឺ ប្រព័ន្ធប្រឆាំងជំងឺចុះខ្សោយ ទើបចេះតែក្អកមិនបាត់។
ក្នុងខាងវេជ្ជសាស្ត្របានបែងចែក “អាការក្អក” ចេញជា2បែប ដើម្បីឱ្យលោកអ្នកសម្រេចចិត្តថា នឹងចាត់ការជាមួយវាយ៉ាងដូចម្ដេចដូចតទៅនេះ ៖
1) ក្អកទូទៅ គឺក្អកដោយសារប្រព័ន្ធដកដង្ហើមមានបញ្ហា ដូចជា ក្អកដោយសារឈ្លក់នឹងល្អងធូលីដី ឬផ្សែងអ័ព្ធជាដើម ក្អកដោយសារកើតជំងឺផ្តាសាយតឹងច្រមុះធម្មតា ឬក្អកដោយសារកើតប្រតិកម្មចាញ់ទីកន្លែង។ល។
2) ក្អកមួយទៀតដែលត្រូវប្រយ័ត្ននោះគឺថា តើត្រូវទៅរកគ្រូពេទ្យឬក៏អត់ គឺក្អករ៉ាំរ៉ៃយូរអង្វែង ក្អករួមជាមួយហត់ដង្ហក់ដកដង្ហើមមិនរួច ក្អកដោយសារឆ្លងមេរោគចូលធ្ងន់ធ្ងរ ឬមានគ្រុនក្តៅខ្លួនផង ដែលទាំង3រោគសញ្ញានេះគឺជាអាការហើមសួត (សួតឆ្លងមេរោគ)។
ការរក្សាព្យាបាលអាការក្អកបែបទី1 (ក្អកទូទៅ) មានការបឋមព្យាបាលដោយខ្លួនឯងបែបងាយៗដូចតទៅ ៖
• ចាប់ផ្តើមដោយការគេងសម្រាកឱ្យបានច្រើន ចូលគេងយ៉ាងយូរបំផុតនៅម៉ោង10យប់ ដើម្បីឱ្យរាងកាយជួយពង្រឹងប្រព័ន្ធប្រឆាំងជំងឺ។
• ពាក់ស្រោមជើងពេលគេងយប់ ព្រោះបើចង់ឱ្យសុខភាពល្អ ត្រូវតែឱ្យចុងជើងក្តៅឧណ្ហៗជានិច្ច។
• ទទួលទានផ្លែត្របែក ផ្លែប៉េងប៉ោះស្រស់ៗ និងទទួលទានទឹកផ្លែក្រូចវល្លិ៍ (ផ្លែផាសិន) ឱ្យបានញឹកញាប់។
• ផ្លុំសក់ ឬជូតសក់ឱ្យស្ងួតមុនពេលគេង ហាមគេងទាំងសក់ក្បាលសើមជាដាច់ខាត ព្រោះភាពសើមនឹងធ្វើឱ្យមេរោគផ្តាសាយរីកសាយភាយបានល្អនៅក្នុងច្រមុះ និងផ្លូវដង្ហើម។
សម្រាប់ករណីនេះ មានរូបមន្តភេសជ្ជៈពិសេសការពារអាការក្អកបានពិតៗគឺ “ទឹកឃ្មុំផ្សំជាមួយទឹកក្រូចឆ្មារ” ដោយផ្សំក្នុងអត្រាស្មើគ្នា និងមានគន្លឹះពិសេសមួយគឺ មិនលាយជាមួយទឹក ឬដាក់ទឹកកកឡើយ គ្រាន់តែកូរឱ្យចូលគ្នាសព្វ ផ្អែមជូរៗ រួចហើយក្រេបបំបាត់អាការក្អកបាន។
ចំណែកអាការក្អកបែបទី2 គួរតែទៅជួបគ្រូពេទ្យ បើមានអាការបន្ថែមដូចខាងក្រោម ៖
• ក្តៅខ្លួន38.9អង្សា C ឡើង
• ក្អកមានស្លេស្ម៍ លាយឈាម មានពណ៌ក្រហមៗ ឬខៀវ
• មានអាការហត់ដង្ហក់
• ពិបាកដកដង្ហើម
• ឈឺដើមទ្រូងខ្លាំងទាំងពេលក្អក និងមិនក្អក
• ក្អកជាប់ៗគ្នាយូរជាង2សប្តាហ៍
តែជាសរុបទៅ បើលោកអ្នកនៅតែមិនបានធូរស្រាលពីអាការក្អកសោះនោះ គួរតែទៅជួបលោកគ្រូពេទ្យជាបន្ទាន់ ហើយកុំភ្លេចរៀបរាប់អំពីអាការក្អកឱ្យបានលម្អិតផង ព្រោះអ្វីដែលអ្នករៀបរាប់ប្រាប់លោកគ្រូពេទ្យនោះអាចជួយក្នុងការវិនិច្ឆ័យរោគ និងការព្យាបាលបានច្រើនណាស់៕