លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៣ មីនា បានបញ្ជាក់ថា រដ្ឋាភិបាលចិន នឹងជួយកម្ពុជា យកឈ្នះជំងឺរាតត្បាតCOVID-19។
ដោយឆ្លើយទៅនឹងសំនួរអ្នកសារព័ត៌មាន ជុំវិញការបញ្ជូនសម្ភារបរិក្ខាពេទ្យ និងក្រុមអ្នកជំនាញសុខាភិបាល៧នាក់មកកម្ពុជានោះ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានបញ្ជាក់ដូច្នេះថា៖ «ឥឡូវនេះកម្ពុជាកំពុងប្រឈមមុខនឹងការទប់ស្កាត់វីរុសCOVID-19 ដ៏កាចសាហាវ ។ ដូច្នេះវាមិនត្រឹមតែអាចនិយាយបានថា ចិននឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយកម្ពុជាទេ ហើយក៏មិនគ្រាន់តែជាតំណាងនៃទំនាក់ទំនងទ្វេភាគីពិសេសដែរ ប៉ុន្តែវាពិតជាសាកសមណាស់ សម្រាប់មិត្តភាពដែកថែប នៅក្នុងសហគមន៍វាសនារួមគ្នាតែមួយ។ ចិននឹងបន្តធ្វើការរួមគ្នាជាមួយកម្ពុជា ដើម្បីយកឈ្នះលើការរាតត្បាតនៃវីរុសCOID-19នេះ ជាពិសេសរួមចំណែកដល់សន្តិសុខសុខភាពសាធារណៈក្នុងតំបន់ទៀតផង»។
កាលពីថ្ងៃទី23 មីនា ឆ្នាំ 2020 រដ្ឋាភិបាលចិន បានបញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ7នាក់ ដើម្បីជួយប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនៃការផ្ទុះឡើងជំងឺCOVID-19 ក្រៅពីនេះចិនក៏បានផ្តល់ជំនួយដល់កម្ពុជានូវសម្ភារពេទ្យមួយចំនួនរួមមាន ឧបករណ៍ធ្វើតេស្តិ៍, ឧបករណ៍ដកដង្ហើម N95(ម៉ាស់), របាំងវះកាត់, ឯកសណ្ឋានដែលធន់នឹងអង្គធាតុរាវ និងអាវធំសម្រាប់វះកាត់ជាដើម។
គិតត្រឹមព្រឹកថ្ងៃទី24 មីនា ឆ្នាំ2020នេះ កម្ពុជាមានអ្នកឆ្លងវីរុសCOVID ចំនួន87នាក់ ក្នុងនោះជាសះស្បើយ2នាក់ គឺស្ត្រីជនជាតិអង់គ្លេសវ័យ65ឆ្នាំ និងបុរសជនជាតិចិនវ័យ60ឆ្នាំ។