បន្ទាប់ពីរង់ចាំអស់រយៈពេលជាច្រើនខែ ក្រោយពីបានបង្ហាញខ្លួនកាលពីព្រឹត្តិការណ៍ Mobile World Congress 2017 នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញតាំងពីខែកុម្ភៈមក ពេលនេះទូរស័ព្ទ LG G6 ចាប់ផ្ដើមមានលក់ហើយកាលពីព្រឹកមិញនេះក្នុងទីផ្សារកម្ពុជា ជាមួយនឹងតម្លៃប្រមាណ 666ដុល្លារ។
លោក ប៉ិច មករា ប្រធានផ្នែកផលិតទូរស័ព្ទនៃក្រុមហ៊ុន Ggear ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូល និងចែកចាយផលិតផល LG ក្នុងទីផ្សារកម្ពុជាបានឱ្យដឹងថា ទូរស័ព្ទ LG G6 ចាប់ផ្ដើមមានវត្តមានក្នុងទីផ្សារកម្ពុជាយើងហើយកាលពីព្រឹកថ្ងៃទី24 ខែកក្កដា ឆ្នាំ2017 នេះ នៅគ្រប់ហាង LG Brand Shop និងតាមហាងលក់រាយធំៗមួយចំនួន ហើយមាន 2ពណ៌គឺ ខ្មៅ និងប្រផេះបែកខៀវតិចៗ។
លោកបន្តថា ទូរស័ព្ទ LG G6 បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗ រាប់ចាប់ពីអេក្រង់ កាមេរ៉ា និងសមត្ថភាពដំណើរការ។ LG G6 មានអេក្រង់ទំហំ 5.7 អ៊ីញប្រភេទIPS LCD FullVision អាចបង្ហាញរូបភាពកម្រិត 18:9 Aspect Ratio និងកម្រិតភាពច្បាស់2880×1440 ភិចសេលជាមួយនឹងកម្រិតដង់ស៊ីតេ 565ppi ។
សម្រាប់ផ្នែកខាងក្រោយ G6 ប្រើនូវកាមេរ៉ាភ្លោះ Wide Angle ទំហំ13 MP និង Normal ដែលមានទំហំ 13 MP ដែលខុសពីកាមេរ៉ាភ្លោះរបស់ LG G5 ប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះ 16MP + 8MP ។ ដោយផ្នែក Normal ប្រើប្រាស់នូវមុខងារ OIS និង Autofocus ហើយកាមេរ៉ាមុខមានទំហំ 5 MP។
ស្មាតហ្វូនមួយនេះបំពាក់នូវបន្ទះឈីប Snapdragon 821 និងមាន Ram 4GB ម៉េម៉ូរីក្នុងម៉ាស៊ីនទំហំ 32GB / 64GB ហើយវាក៏មានរន្ធដោតបន្ថែមនូវ microSD កាតថែមទៀតដែរ។ វាដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat និងប្រើប្រាស់នូវប្រព័ន្ធ Google Assistant ហើយមានថាមពលថ្មខ្លាំងកម្លាំង 3300mAh និងបច្ចេកវិទ្យា QuickCharge 3.0 ដែលអាចបញ្ជូលថ្មពេញបានក្នុងរយៈពេល 96នាទី និងអាចបញ្ចូលថ្មបាន50% ដោយចំណាយពេលត្រឹមតែ 32 នាទីប៉ុណ្ណោះ។ ក្នុងនោះ វាជាស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុនដែលបំពាក់មុខងារការពារជម្រាបទឹក និងការពារធូលី (IP68)៕