ក្រោយការរីករាលដាលកាន់តែខ្លាំងនូវជំងឺរលាកសួតថ្មីដែលកើតឡើងដោយសារតែមេរោគ covid-19 រាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមគ្រប់លទ្ធភាពដើម្បីទប់ស្កាត់ និងដោះស្រាយបញ្ហានានាជុំវិញករណីបន្ទាន់នេះ។
ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ក្នុងសារជាសំឡេងថា យើងបានឃើញហើយថា អ្នកជំងឺរបស់យើងជួនកាលមានកើនឡើង ដូចជានៅខេត្តព្រះសីហនុជាដើម ហេតុនេះសម្រាប់កាលៈទេសៈនេះ កន្លែងរបស់យើងអាចនឹងដាក់មិនគ្រាន់។ ក្នុងកាលៈទេសៈនេះសម្តេចបានពិភាក្សាជាមួយឯកឧត្តម ម៉ម ប៊ុនហេង ដើម្បីប្រើប្រាស់សាលារៀនជាកន្លែងដោះស្រាយបញ្ហាទាំងអស់នោះ។
សម្តេចបានបញ្ជាក់ផងដែរថា សាលារៀនដែលយើងបានកសាងកន្លងមក គឺស្អាតៗណាស់នៅទីរួមខេត្ត និងកន្លែងមួយចំនួនទៀត។ ហេតុនេះសាលារៀនជាកន្លែងដែលអាចដោះស្រាយបញ្ហាបន្ទាន់បាន គឺត្រូវជ្រើសរើសទីតាំងណាមួយ ឬពីរក្នុងខេត្តមួយយកមកប្រើដោយត្រូវរៀបចំប្រព័ន្ធទឹក ភ្លើង ចូលឱ្យដល់ជាបន្ទាន់ដែលនេះជាកិច្ចការបន្ទាន់ដែលរដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់។
សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា សម្រាប់នៅទីក្រុងភ្នំពេញ មិនមានបញ្ហាចោទទេ ដោយសារតែយើងមានមន្ទីរពេទ្យរុស្សី អគារនៅចាក់អង្រែ មន្ទីរពេទ្យ UT និងសណ្ឋាគារអាំងទែកុងទីណង់តាល់ហើយ តែអ្វីដែលជាបញ្ហាចោទ គឺនៅតាមខេត្ត។ យើងត្រូវដោះស្រាយដោយឱ្យមានការរៀបចំបន្ទប់ រៀបចំគ្រែ ដើម្បីដំណើរការតែម្តង ដោយប្រើប្រាស់កម្លាំងសរុបដែលអាចទំនាក់ទំនងជាមួយកម្លាំងប៉ូលិស កម្លាំងទាហាន និងប៉េអឹម ដើម្បីយកមកជួយការងារនេះតែម្ដង ហើយជាពិសេសគឺសម្រុកដោះស្រាយគ្រែ ដើម្បីសម្រាប់ទទួលអ្នកជំងឺដែលយើងត្រូវការចាំបាច់៕