តើលោកអ្នកធ្លាប់ដែរឬទេ ធ្លាប់មានអារម្មណ៍ថា ទោះជាខំតុបតែងផ្ទះយ៉ាងណា ក៏នៅតែមិនស្អាតដូចរូបនៅក្នុងទស្សនាវដ្តីដែរ និងមានអារម្មណ៍ថា ដូចជារាងទើសភ្នែក ខ្វះនេះ លើសនោះយ៉ាងម៉េចក៏មិនដឹង…។ ព្រោះថា ទោះជាផ្ទះរបស់លោកអ្នក ទំនើប និងថ្លៃប៉ុនណាក៏ដោយ តែរឿងការតុបតែងលម្អមិនមែនជារឿងងាយដូចការគិតនោះទេ។ ខាងក្រោមនេះគឺ ឧទាហរណ៍ខ្លះៗដែលយើងច្រើនតែភ្លាត់ភ្លាំងក្នុងការតុបតែងផ្ទះ ដូច្នេះបើអ្នកណាមិនចង់ខុសឆ្គងក្នុងការតុបតែងផ្ទះ សូមតាមដានដូចតទៅ។
1. តែងផ្ទះច្រើនពេក ឡើងស៊ុបទ្រុប
កុំគិតតែពីតុបតែងផ្ទះដោយរបស់លម្អច្រើនពោរពាស រហូតមើលទៅដូចជាចង្អៀតហប់នោះ បើលោកអ្នកត្រូវដើរចៀសរបស់នេះ ដើរគេចរបស់នោះពេលដើរចេញចូលក្នុងផ្ទះរបស់ខ្លួនឯងនោះ នោះបញ្ជាក់ថា លោកអ្នកមានរបស់របរច្រើនជ្រុលពេកហើយ ដូច្នេះគួរទុកឱ្យមានកន្លែងចន្លោះទំនេរគ្រាន់នឹងសម្រាកខ្សែភ្នែកខ្លះផង។
2. ពេញទៅដោយរបស់ប្រមូលសន្សំទុក
ផ្ទះដែលពោរពេញទៅដោយរបស់ប្រមូលសន្សំ ដែលជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួននោះ អ្នកអាចមើលឃើញថាវាស្អាតក៏ពិតមែន តែអ្នកជឿទេថា ភ្ញៀវដែលមកលេងផ្ទះយើង គេមិនបានគិតបែបហ្នឹងទេ ហើយគេមានអារម្មណ៍ថា ដូចជារំខានទៀតផង ដូច្នេះចូរសាកល្បងតុបតែងផ្ទះតាមបែបស្ទីលធម្មតាវិញ ប្រហែលជាគួរឱ្យគយគន់ជាង។
3. ទិញគ្រឿងសង្ហារិមមកដាក់ក្នុងផ្ទះ ខុសទំហំ
ទំហំរបស់វត្ថុប្រើប្រាស់គួរតែឱ្យវាសមល្មមនឹងទំហំរបស់បន្ទប់ មិនគួរតូច ឬធំជ្រុលពេកឡើយ ដូច្នេះសូមកុំភ្លេចវាស់ទំហំទីកន្លែងដែលត្រូវដាក់តាំង មុននឹងចេញទៅរកទិញរបស់ទាំងនោះផងទើបជាការប្រសើរ។
4. វ៉លផេភើរ៍(ក្រដាសរូបភាពបិទជញ្ជាំង)
មានរូបភាពក្បាច់ក្បូរគួរឱ្យខ្លាចវ៉លផេភើរ៍ មានរូបដូចសត្វពស់ ដូចសត្វចម្លែក គួរឱ្យខ្លាចញញើត… សូមសាកល្បងគិតទៅមើលថា បើភ្ញៀវមកលេងផ្ទះរបស់អ្នក តើគេហ៊ានឈានជើងចូលមកក្នុងផ្ទះឬទេ? ដូច្នេះ ចូរកុំតុបតែងផ្ទះដោយវ៉លផេភើរ៍បែបនេះជាដាច់ខាត។
5. ដើមផ្កាជ័រ
ពិតប្រាកដហើយថា ដើមឈើ និងផ្កា នឹងជួយឱ្យផ្ទះមើលទៅស្រស់ស្អាត តែដើមផ្កាក្លែងក្លាយ ឬជ័រ នឹងធ្វើឱ្យផ្ទះមើលទៅមានតម្លៃថោក បង្ហាញពីចំណង់ចំណូលចិត្តរបស់អ្នកស្នាក់នៅ មិនហាយក្លាស់ ដូច្នេះគួរចំណាយប្រាក់ទិញដើមផ្កាមែនទែនមកតុបតែងលម្អវិញដែលទោះជាថ្លៃជាងមែន តែមើលទៅល្អស្រស់ស្រាយជាងច្រើនណាស់។
6. បន្ទប់គេងប្រើពណ៌ផ្កាឈូកពេញទាំងបន្ទប់
តើអ្នកគិតយ៉ាងណាដែរ ពេលជួបមនុស្សដែលតុបតែងខ្លួនដោយសម្លៀកបំពាក់ពណ៌តែមួយតាំងពីក្បាលដល់ចុងជើងនោះ? ការតុបតែងបន្ទប់ ឱ្យអ្វីៗគ្រប់យ៉ាងមានពណ៌ផ្កាឈូកទាំងអស់ ទោះជាមើលយ៉ាងម៉េច ក៏នៅតែដូចជាដែលគ្មានសិល្ប:ក្នុងការតុបតែងដែរ។ ដូច្នេះសូមសាកល្បងរករបស់តុបតែងណា ដែលមានពណ៌ស៊ីគ្នានឹងពណ៌ផ្កាឈូកមកដាក់លាយឡំខ្លះ ទើបជាការប្រសើរជាង។
7. មិនព្រមបកថង់ប្លាស្ទិកចេញពីវត្ថុតុបតែងលម្អ
មានវិធីផ្សេងទៀតជាច្រើនក្នុងការថែទាំរបស់ប្រើប្រាស់ឱ្យនៅថ្មី ជាប់ធន់បានយូរ និងមិនប្រឡាក់ តែមិនមែនជាវិធីបែបនេះទេ…។
8. ព្យួររូបភាពលើជញ្ជាំងខ្ពស់ជ្រុលពេក
មើលទៅដូចជាស្អាត តែតើវានឹងរួយកទេ ពេលយើងងើយមើលវា? រូបភាព ឬរូបថតផ្សេងៗមិនគួរព្យួរខ្ពស់ជ្រុលពេក ដល់ថ្នាក់ត្រូវងើបមុខឡើងមើលនោះទេ គួរព្យួរនៅក្នុងកម្ពស់ដែយើងអង្គុយ ឬឈរក៏អាចមើលឃើញដែរទើបជាការប្រសើរ។
9. ខ្សែភ្លើងច្រវេតច្រវាត់ រញេរញ៉ៃ គ្មានរបៀប
ខ្សែភ្លើងរបស់ទូរទស្សន៍ កង្ហារ ឬគ្រឿងប្រើប្រាស់អគ្គិសនីទាំងអស់ដែលមាននៅក្នុងផ្ទះ មិនថាតែក្នុងបន្ទប់ណាក៏ដោយ គួររៀបចំប្រមូលចង ឬរុំបញ្ចូលគ្នាជាខ្សែតែមួយដាក់ទៅកៀនជញ្ជាំង ទើបមើលទៅមិនកេកកាក រញ៉េរញ៉ៃ និងមានសណ្តាប់ធ្នាប់។
10. ដាក់កៅអីសាឡុងឃ្លាតឆ្ងាយពីគ្នាជ្រុលពេក
នេះគឺជាចំណុចខុសឆ្គងមួយ ដែលមិនអាចទទួលយកបានជាទីបំផុត ដូច្នេះមិនចាំបាច់ដាក់កៅអីសាឡុងទៅជាប់នឹងជញ្ជាំងពេកទេ ហើយទោះជាបន្ទប់ទទួលភ្ញៀវមានទីធ្លាធំទូលាយយ៉ាងណាក៏ដោយ ក៏គួររៀបចំឱ្យបានសមរម្យ និងមានរយៈចម្ងាយពីគ្នាសមល្មម ដើម្បីងាយស្រួលក្នុងការសំណេះសំណាលគ្នា៕