ថ្មីៗនេះគេសង្កេតឃើញថា តារាសម្ដែង និងម៉ូដែលកញ្ញា សូរ្យ អេនណា បានបង្ហោះរូបភាពសិចស៊ីក្នុងឈុតប៊ីគីនីជាច្រើនសន្លឹកតាមរយៈបណ្ដាញសង្គម និងតាមរយៈរូបភាពទាំងនេះបានធ្វើឱ្យប្រុសៗមួយចំនួនដែលបានឃើញហើយខំសម្លឹងស្ទើរតែជ្រុះគ្រាប់ភ្នែក។
កញ្ញា សូរ្យ អេនណា ត្រូវបានគេស្គាល់ថា ជាពិធីការិនី តារាសម្ដែង និងតារាម៉ូដែលមានឈ្មោះបោះសំឡេង ហើយអ្វីដែលធ្វើឱ្យនាងមានភាពលេចធ្លោលើវិស័យបង្ហាញម៉ូដនេះ គឺដោយសារតែនាងធ្លាប់ជាប់ជា Miss Global តំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតនៅប្រទេសហ្វីលីពីនកាលពីឆ្នាំ2016។ ក្រោយពីបានបង្ហោះរូបសិចស៊ីដ៏ស្រស់ស្អាតគួរឱ្យខ្នាញ់បែបនេះរួច ត្រូវបានបុរសមួយចំនួនលាន់មាត់ថា គេកម្របានឃើញរូបភាពតារាសិល្បៈខ្មែរហ៊ានថត និងបញ្ចេញភាពស្រស់ស្អាតបែបនេះណាស់ រូបភាពនោះឃើញហើយឡើងចង់ក្ដៅខ្លួនតែម្ដង។
កញ្ញា សូរ្យ អេនណា បញ្ជាក់ថា កន្លងមកនាងពុំធ្លាប់បង្ហោះរូបភាពបែបនេះទេ ប៉ុន្ដែដោយសារតែនាងជាតារាម៉ូដែលទើបនាងសម្រេចចិត្ដបង្ហោះរូបទាំងនោះជាសាធារណៈឱ្យបានឃើញពីទេពកោសល្យនៃការថតរូបបែប Fashion របស់នាង។ កញ្ញាបន្ដថា រូបភាពនេះត្រូវបានថតដោយជាងថតជនជាតិបារាំងដោយគេបានសំណូមពរនាងឱ្យធ្វើជាម៉ូដែល ដើម្បីយកទៅ Update page របស់គេ។
តារាម៉ូដែលរូបនេះបញ្ជាក់ថា ពីដំបូងក្រោយពីបង្ហោះរូបភាពទាំងនោះភ្លាម នាងពុំសូវមានការបារម្ភអ្វីទេ ប៉ុន្ដែក្រោយពីមានសារព័ត៌មានក្នុងស្រុកជាច្រើនចាប់អារម្មណ៍លើរូបនាង នាងក៏ចាប់ផ្ដើមគិតខ្លះដែរទៅលើការរិះគន់ពីសង្គមមកវិញ។ អេនណា បញ្ជាក់ថា៖ «ខ្ញុំដឹងថា សង្គមខ្មែរយើងហាក់មិនទាន់ទទួលយកនូវរូបភាពបែបនេះទេ ប៉ុន្ដែអ្វីដែលធ្វើឱ្យខ្ញុំសម្រេចចិត្ដបង្ហោះរូបនេះឡើងដោយសារតែខ្ញុំគិតថា ខ្លួនជាតារាម៉ូដែល។ ម្យ៉ាងភាពសិចស៊ីរបស់ខ្ញុំនៅមានកម្រិតនៅឡើយ វាមិនទាន់ជ្រុលហួសហេតុនៅឡើយទេ»។
ត្រង់ចំណុចនេះកញ្ញា សូ អេនណា ចង់បញ្ជាក់ថា មិនមែននៅសុខៗនាងទៅថតរូបសិចស៊ីលេងយកមកបង្ហោះនោះទេ គឺវាជាការងារ ម្យ៉ាងភាពសិចស៊ីរបស់នាងគឺចំពេលវេលា និងកាលៈទេសៈ ព្រោះនាងស្លៀកពាក់បែបប៊ីគីនីត្រូវតែថតនៅជិតអាងទឹក ឬបែបកម្សាន្ត មិនមែនស្លៀកប៊ីគីនីឈរកណ្ដាលផ្លូវឱ្យគេថតទេ។ ទោះយ៉ាងណានាងក៏នៅតែមានក្ដីបារម្ភពីការរិះគន់ ខណៈកម្ពុជាហាក់មានការរិតត្បិតខ្លាំងទៅលើផ្នែកប្រពៃណី៕