Asag
មួយក្នុងចំណោមបិសាចក្នុងរឿងរ៉ាវប្រវត្តិសាស្រ្ត “ស៊ូមេរៀន” ដែលគេជឿថា ជាដើមហេតុនៃរោគឆ្លង និងជំងឺដង្កាត់ដែលអាចលាងជម្រះ និងឆក់យកជីវិតមនុស្សមួយទីក្រុងឱ្យរលាយបាត់អស់ក្នុងតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ និងត្រូវបានគេជឿថា វាសម្ងំពួននៅក្នុងរូងភ្នំខ្ពស់ និងប្រើពេលវេលាភាគច្រើនជាមួយនឹងការសេពសន្ថវៈ រហូតនៅពេលណាដែលមានមនុស្សនឹកដល់វា វានឹងចេញមករកភ្លាមមិនខាន។
Abyzou
ក្នុងជំនឿរបស់ជនជាតិជីហ្វដែលមានការនិទានតៗគ្នាថា មានបិសាចក្រមុំមួយក្បាលមានភាពច្រណែនឈ្នានីស និងចងអាឃាតយ៉ាងខ្លាំងក្លាចំពោះស្រ្តីដែលកំពុងតាំងគភ៌ទាំងឡាយ និងបើបិសាច Abyzou ដឹងថា មានស្រ្តីណាម្នាក់ដែលកំពុងមានផ្ទៃពោះនោះ វានឹងដាក់បណ្តាសាស្រ្តីម្នាក់នោះរហូតដល់ទារកត្រូវស្លាប់ក្នុងផ្ទៃ និងរលូតចេញមកនៅទីបំផុត។
Ronwe
ជាដើមកំណើតរបស់បិសាចជាច្រើនដែលច្រើនតែកើតចេញពីក្តីច្រណែនឈ្នានីសនឹងសេចក្តីសុខរបស់មនុស្ស ហើយ Ronwe គឺជាបិសាចដែលមានក្នុងរឿងតំណាលពីបុរមបុរាណ ខាងសាសនាគ្រិស្តដែលតែងអណ្តែតវិលវល់ទៅមកដើម្បីស៊ីវិញ្ញាណរបស់មនុស្សដែលយើងស្រឡាញ់ ហើយនឹងធ្វើឱ្យយើងភ្លេចមនុស្សម្នាក់នោះតែម្តងនៅទីបំផុត។
King Beleth
ជាក្សត្រនៃបិសាចដ៏មានឥទ្ធិពលបំផុតមួយអង្គមកពីស្ថាននរក ដែលទោះជាមិនសូវចេញមករញេ៉រញ៉ៃលើពិភពមនុស្សលោកច្រើនក៏ដោយ តែក៏នៅតែមានអ្នកធ្លាប់ជួបជាញឹកញាប់ដែរ ព្រោះសំឡេងពីឧបករណ៍តន្រ្តីដែលមហាបិសាចនេះលេងនឹងធ្វើឱ្យមនុស្សកើតទុក្ខវេទនា ហើយវាថែមទាំងជាអ្នកសរសេរសៀវភៅគណិតសាស្រ្តនៃពិភពបិសាចទៀតផង។
Duke Eligos
មានតែបិសាចអ្នកប្រយុទ្ធមួយក្បាលនេះប៉ុណ្ណោះដែលដឹងថា នរណាកំពុងតែជិតស្លាប់ ហើយបិសាចចង្រៃមកពីស្ថាននរកមួយក្បាលនេះគឺ ជាអ្នកមើលដឹងពីអនាគតរបស់ជីវិតមនុស្សម្នាក់ៗនៅក្នុងសមរភូមិសង្រ្គាម ហើយវានឹងប្រគល់សេចក្តីស្លាប់ក្នុងរូបបែបផ្សេងៗទៅគ្រប់យុទ្ធជនដែលនឹងត្រូវសម្លាប់ ថែមទាំងវានៅមានកន្ទុយជាសត្វពស់ និងជិះសេះដែលលួចបានមកពីសួនច្បារអេដែនទៀតផង៕
ស្រាវជ្រាវដោយ តាវ៉ែនតា