រឿង«ហ្លួងព្រះស្ដេចកន» គ្រោងនឹងដាក់បញ្ចាំងនៅខែសីហា ឆ្នាំ2017ខាងមុខនេះ ខណៈដែលកញ្ញា ឆុំ វត្ដី ជាតារាសម្ដែងទទួលបានតំណែងតួឯកស្រីនៅក្នុងរឿងនេះបានសម្ដែងអារមុ្មណ៍រំភើបជាខ្លាំង គ្រាដែលនាងចាត់ទុកថា រឿងនេះជាប្រភេទរឿងហូលីវូដរបស់ស្រុកខ្មែរ។
កញ្ញា ឆុំ វត្ដី មហាជនបានស្គាល់រួចទៅហើយតាមរយៈរឿង«វិកលចរិត»ដែលធ្វើឱ្យនាងទទួលបានប្រជាប្រិយភាពខ្លាំង ប៉ុន្ដែនាងនៅតែអន្ទះសារង់ចាំពេលវេលានៃការចាក់បញ្ចាំងរឿង«ហ្លួងព្រះស្ដេចកន» ជាប្រភេទរឿងប្រវត្ដិសាស្រ្ដលើកដំបូងដែលផលិតចេញជាប្រភេទភាពយន្ដខ្នាតធំ និងចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់។
តារាសម្ដែងរូបនេះបញ្ជាក់ថា នាងកំពុងតែរង់ចាំការចាក់បញ្ចាំងរឿងនេះជាខ្លាំង ព្រោះនៅក្នុងខ្សែភាពយន្តរឿងនេះនាងបានពលីកម្លាំងកាយចិត្ដជាច្រើនតាមរយៈការឆ្លងកាត់ការលំបាកជាច្រើននៅពេលសម្ដែង ដូចជា ការហាត់សម និងការសម្ដែងដែលមានទាំងការប្រើក្បាច់គុន និងជិះសេះជាដើម។ នាងបន្ដថា៖ «នៅពេលខ្ញុំសមកាប់ដាវ ក៏ធ្លាប់មុត នៅពេលហាត់ជិះសេះក៏ធ្លាប់ធ្លាក់ពីលើខ្នងសេះ ពេលដែលថតរឿងនោះគឺខ្ញុំឡើងទ្រោមខ្លួនតែម្ដង ប៉ុន្ដែខ្ញុំសប្បាយចិត្ដ និងមានមោទនភាពដែលបានសម្ដែងជាតួអង្គនាងជីលែង ជាភរិយារបស់ស្ដេចកន»។
កញ្ញា ឆុំ វត្ដី បានបន្ថែមថា ក្រៅពីនោះនាងមានការពេញចិត្ដចំពោះចរិតតួអង្គនាងជីលែងខ្លាំងណាស់ ដោយសារតែរឿងនេះផ្ដោតលើការធ្វើសឹកសង្គ្រាមច្រើនជាងឈុតឆាកស្នេហា ដូច្នេះតួអង្គភរិយារបស់ស្ដេចកនត្រូវមានចរិតម៉ឺងម៉ាត់ដែលនាងពុំធ្លាប់ទទួលបានការសម្ដែងជាតួបែបនេះពីមុនមកឡើយ។
ទោះជាយ៉ាងណាកញ្ញា ឆុំ វត្ដី រំពឹងថា រឿងនេះនឹងទទួលបានការគាំទ្រ75% ព្រោះតាមការស្ទង់មតិក្រោយពីមានការដាក់ស្ប៉តនៅក្នុងទូរទស្សន៍ក៏មានអ្នកគាំទ្ររបស់នាង និងមិត្ដភ័ក្ដិជាច្រើនកំពុងតែទន្ទឹងរង់ចាំទស្សនារឿងនេះដូចគ្នា។ ជាមួយគ្នានេះ នាងបានបង្ហាញពីក្ដីសង្ឃឹមថា ក្រោយពីរឿងនេះចាក់បញ្ចាំង នាងជឿថា រឿងនេះនឹងធ្វើឱ្យផលិតករ ឬអ្នកផលិតភាពយន្ដស្ដង់ដារអន្ដរជាតិដែលមានបំណងមកថតរឿងនៅប្រទេសកម្ពុជានឹងមិនមើលរំលងនូវទេពកោសល្យនៃការសម្ដែងរបស់នាងឡើយ៕