តេឡេស្កូបអវកាស Hubble របស់ទីភ្នាក់ងារអវកាសអាមេរិកាំង NASA ថតបានរូបភាពច្បាស់ត្រជាក់ភ្នែករបស់កាឡាក់ស៊ី1 ដែលត្រូវបានគេដាក់ឈ្មោះឱ្យថា Messier 77 ស្ថិតនៅក្នុងកញ្ចុំផ្កាយ Cetus។
ទីភ្នាក់ងារអវកាសអាមេរិកាំង NASA កាលពីថ្ងៃទី17មីនាកន្លងទៅ បានបញ្ចេញរូបថត1សន្លឹកដ៏អស្ចារ្យរបស់កាឡាក់ស៊ី Messier 77 (M77) ដែលមានចម្ងាយពីភពផែនដី ប្រមាណជា 47លានឆ្នាំពន្លឺ (ពន្លឺព្រះអាទិត្យ ត្រូវធ្វើដំណើរ8នាទី និង20វិនាទី ទើបមកដល់ផែនដី)។ ត្រង់ចំណុចពណ៌ក្រហមដែលនៅពាសពេញកាឡាក់ស៊ីនេះ គឺបញ្ជាក់ថា Messier 77 សម្បូរទៅដោយឧស្ម័ន អ៊ីដ្រូសែន(hydrogen)។ ពន្លឺភ្លឺចែងចាំងនៅចំកណ្ដាលកាឡាក់ស៊ី គឺជាស្នូលរបស់វា។ ចំណែកនៅជុំវិញស្នូល គឺជាដៃរបស់កាឡាក់ស៊ី ដែលមានរាងដូចគូទខ្យង និងគ្របដណ្ដប់ដោយពពកធូលីដ៏ក្រាស់។ តំបន់ដែលមានពន្លឺពណ៌ក្រហម ស្ថិតនៅជុំវិញក្បែរស្នូលរបស់កាឡាក់ស៊ី គឺជាកន្លែងកកើតរបស់ផ្កាយថ្មី។
តារាវិទូជនជាតិបារាំង Pierre Méchain បានរកឃើញកាឡាក់ស៊ី M77 កាលពីឆ្នាំ1780។ កាលណោះ តារាវិទូរូបនេះ យល់ថា M77 គឺជា nebula ដែលជាពពកធូលីយក្ស សម្បូរដោយឧស្ម័នអ៊ីដ្រូសែន អេលីយ៉ូម និងឧស្ម័នអ៊ីយ៉ុងផ្សេងទៀត នៅក្នុងទីអវកាសដ៏សែនឆ្ងាយ។ ប៉ុន្តែ តាមការពិត M77 គឺជាកាឡាក់ស៊ីដ៏មហាសែនធំមួយ។ នៅលើផែនដី តារាវិទូអាចពិនិត្យមើល M77 បានច្បាស់បំផុត នៅក្នុងខែធ្នូ រៀងរាល់ឆ្នាំ។
កាឡាក់ស៊ី M77 គឺដូចទៅនឹង Seyfert ផងដែរ ដែលវាជាកាឡាក់ស៊ីមានស្នូលធ្វើសកម្មភាពខ្លាំងក្លាបំផុត ហើយត្រូវបានគ្របដណ្ដប់ដោយឧស្ម័ន និងធូលីអវកាស ដែលនៅជុំវិញ។ M77 គឺជាកាឡាក់ស៊ី1 ក្នុងចំណោមកាឡាក់ស៊ីមានពន្លឺចែងចាំងជាច្រើន ដែលត្រូវបានសិក្សាស្រាវជ្រាវល្អិតល្អន់បំផុត។ កាលពីថ្ងៃទី24វិច្ឆិកា ឆ្នាំ2018 ក្រុមអ្នកវិទ្យាសាស្ដ្រក៏បានសង្កេតឃើញផ្កាយ1កំពុងតែផ្ទុះ (ដែលគេហៅថា ការផ្ទុះ supernova) នៅក្នុងកាឡាក់ស៊ី M77 នេះផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស