ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានព្យាករថា ឥទ្ធិពលនៃមេរោគ COVID-19 នឹងអាចនាំឱ្យកម្ពុជាខាតបង់ថវិកាយ៉ាងតិចណាស់ជិត 350លានដុល្លារក្នុងឆ្នាំ2020 នេះ ហើយទំហំនៃការខូចខាតមកលើសេដ្ឋកិច្ចប្រទេសមួយនេះ អាចនឹងមានទំហំកាន់តែធំថែមទៀតផង។
ធនាគារ ADB បានលើកឡើងបែបនេះនៅក្នុងរបាយការណ៍សង្ខេបរបស់ខ្លួន ដែលមានចំណងជើងថា “អ្វីជាផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចបណ្ដាលមកពីការរីករាលដាលនៃ COVID-19 នៅអាស៊ី?” ដែលបានចេញផ្សាយកាលពីសប្ដាហ៍មុន ដោយបានព្យាករពីផលប៉ះពាល់មកលើសេដ្ឋកិច្ចរបស់ប្រទេសទាំងអស់ក្នុងតំបន់អាស៊ីដែលបណ្ដាលពីមេរោគ COVID-19 ហើយការរីករាលដាលនៃមេរោគ COVID-19 នេះនឹងធ្វើឱ្យប៉ះពាល់ខ្លាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះរួមមានទាំងកម្ពុជាផងដែរ។
របាយការណ៍ បានលើកឡើងថា ការរីករាលដាលនៃ COVID-19 កំពុងប៉ះពាល់ដល់ចិន និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី រួមមានការធ្លាក់ចុះយ៉ាងខ្លាំងនូវតម្រូវការក្នុងស្រុក ការថយចុះនៃសកម្មភាពទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម ព្រមទាំងបង្អាក់ការផ្គត់ផ្គង់វត្ថុធាតុដើម និងផលប៉ះពាល់ដល់សុខភាពសាធារណៈ។
បើតាមរបាយការណ៍របស់ ADB បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP)របស់កម្ពុជា អាចនឹងខាតបង់ប្រមាណជាង 1.40% ឬស្មើនឹងទឹកប្រាក់ប្រមាណជាង 345,7លានដុល្លារ ក្នុងករណីប្រសិនបើមានផលប៉ះពាល់ក្នុងកម្រិតតិចបំផុត។
របាយការណ៍បានប៉ាន់ប្រមាណទៀតថា សេដ្ឋកិច្ចកម្ពុជាអាចនឹងខាតបង់កំណើនប្រមាណជិត 2% ឬស្មើនឹងជាង 473លានដុល្លារ ក្នុងករណីមានផលប៉ះពាល់ក្នុងកម្រិតមធ្យម ហើយកំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងបាត់បង់ក្នុងរង្វង់ជិត 3.5% ក្នុងករណីផលប៉ះពាល់មានកម្រិតខ្ពស់។
ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានកត់សម្គាល់ក្នុងសេចក្តីសង្ខេបរបស់ខ្លួនថា៖“របាយការណ៍នេះ គឺធ្វើឡើងក្នុងបំណងឱ្យអ្នករៀបចំគោលនយោបាយនៃបណ្ដាប្រទេសនីមួយៗ ត្រៀមរៀបចំយុទ្ធសាស្ត្រនានាក្នុងការបង្ការហានិភ័យ និងឆ្លើយតបឱ្យបានទាន់ពេលវេលា”។
មន្ត្រីនៃក្រសួងការងារ បានទទួលស្គាល់ពីផលប៉ះពាល់មកលើវិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជា ដែលបណ្ដាលមកពីការផ្ទុះឡើង និងការរីករាលដាលនៃមេរោគវីរុសកូរ៉ូណាថ្មី ដែលបានវាយប្រហារទៅលើចង្វាក់នៃការផ្គត់ផ្គង់វត្ថុធាតុដើមពីប្រទេសចិនកាលពីពេលកន្លងមក។ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងសរុប33 ហើយ បានស្នើសុំព្យួរកិច្ចសន្យាការងាររយៈពេល 2សប្ដាហ៍ (ថ្ងៃទី4 ខែមីនា ឆ្នាំ2020)។
ឯកឧត្តម ហេង សួរ អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា កម្មករនិយោជិតចំនួន 17,096នាក់ នៃចំនួនកម្មករនិយោជិតបម្រើការងារ 62,087នាក់ ដែលធ្វើការនៅក្នុងរោងចក្រទាំង33 នោះ នឹងត្រូវផ្អាកការងារ ដោយសារតែកង្វះខាតវត្ថុធាតុដើមដែលនាំចូលពីប្រទេសចិន ជាទីដែលមេរោគវីរុសកូរ៉ូណាប្រភេទថ្មីបានផ្ទុះឡើង និងរីករាលដាលទូទាំងពិភពលោកចាប់តាំងពីចុងឆ្នាំមុនមក។
ប៉ុន្តែ កាលពីដើមសប្ដាហ៍កន្លងទៅ លោក លូ គឹមឈុន អគ្គនាយកកំពង់ផែព្រះសីហនុ បានប្រាប់កាសែតក្នុងស្រុកមួយថា កាលពីថ្ងៃអង្គារ មាននាវាដឹកកុងតឺន័រចំនួន5 ដែលបានផ្ទុកដោយវត្ថុធាតុដើមសម្រាប់រោងចក្រនៅក្នុងប្រទេសកម្ពុជាបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុហើយ។
ដោយឡែកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងជាសាធារណៈកាលពីខែមុនថា ការឆ្លងរីករាលដាលនៃមេរោគវីរុសកូរ៉ូណាថ្មីនេះ កំពុងតែវាយប្រហារដោយផ្ទាល់ទៅលើវិស័យទេសចរណ៍កម្ពុជា ដែលទទួលបានភ្ញៀវទេសចរចិនដល់ទៅជាង 30% នៃភ្ញៀវទេសចរបរទេសសរុបចូលមកលេងកម្ពុជា។
តែទោះជាយ៉ាងណាក្ដី សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កាលពីថ្ងៃទី10 ខែមីនា កម្ពុជាបានត្រៀមថវិកាចន្លោះពី 800លានដុល្លារទៅ 2,000លានដុល្លារ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងសុខភាពសាធារណៈ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ “យើងមានសេណារីយោទប់ទល់នឹងកូវីដ-19នេះហើយ។ បើកូរ៉ូណាអូសបន្លាយរយៈពេល 6ខែ យើងត្រៀម 800លានដុល្លារ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច។ យើងក៏បានប៉ាន់ស្មានថា សេដ្ឋកិច្ចធ្លាក់កំណើនប៉ុនណា ផលប៉ះពាល់ធំប៉ុនណា? បើវាកើតដល់1ឆ្នាំ យើងត្រូវប៉ះប៉ូវនូវទំហំទឹកប្រាក់ប៉ុនណា? អ៊ីចឹង វាស្ថិតនៅចន្លោះពី 800លានទៅ 2,000លានប៉ុណ្ណឹង បើវាអូសបន្លាយដល់ 1ឆ្នាំ។ ខ្ញុំគិតថា ពិភពលោកនឹងខិតខំដោះស្រាយបញ្ហានេះ”។
អ្នកស្រាវជ្រាវនៃស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងថា បញ្ហាមេរោគកូវីដ-19 នេះ ជាបញ្ហារបស់សកលលោក ដែលទាមទារឱ្យប្រទេសទាំងអស់រួមគ្នាដោះស្រាយ។
លោកមានប្រសាសន៍ថា ជំងឺនេះបង្កឱ្យប៉ះពាល់ជំហានដំបូងដល់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា “រដ្ឋាភិបាលកម្ពុជាត្រូវរៀបចំខ្លួនឱ្យបានល្អ ចំពោះបញ្ហានេះ។ សំខាន់ រដ្ឋាភិបាលត្រូវប្រឈមនឹងការចំណាយខ្ពស់ដើម្បីទប់ទល់នឹងកូវីដ-19នេះ។ កម្ពុជាត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនឱ្យទាន់ពេលវេលា និងឱ្យទាន់សភាពការណ៍”។
ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក៏បានឱ្យដឹងដែរថា ទំហំនៃផលប៉ះពាល់សេដ្ឋកិច្ច នឹងអាស្រ័យលើរបៀបដែលការផ្ទុះឡើងនៃមេរោគ COVID-19 នៅតាមបណ្ដាប្រទេសនីមួយ។ ADB បានបង្ហាញថាការផ្ទុះ COVID-19 នាំឱ្យប៉ះពាល់សេដ្ឋកិច្ច ជាសកលមានទំហំពី 77ពាន់លានដុល្លារទៅ 347ពាន់លានដុល្លារ ឬស្មើនឹង 0.1% ទៅ 0.4% នៃទំហំសេដ្ឋកិច្ចពិភពលោកទាំងមូល។
ធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ជាក់ថា នៅក្នុងការវិភាគដែលបានគូសបញ្ជាក់ពីសេណារីយោដែលល្អបំផុត និងអាក្រក់បំផុតថា កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន អាចនឹងត្រូវបានកាត់បន្ថយត្រឹម 0.3% ស្មើនឹង 1.7% និងប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី ដោយមិនរាប់បញ្ចូលប្រទេសចិន អាចនឹងត្រូវបានកាត់បន្ថយត្រឹម 0.2% ស្មើនឹង 0.5%។
លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានមានប្រសាសន៍នាពេលកន្លងមកថា៖“ការរីករាលដាលនៃវីរុសនេះ បានធ្វើឱ្យបាត់ក្តីសង្ឃឹមសម្រាប់កំណើនសេដ្ឋកិច្ចកាន់តែខ្លាំងនៅឆ្នាំនេះ ហើយនឹងធ្វើឱ្យទិន្នផលសកលលោកឆ្នាំ2020 ឈានដល់ល្បឿនយឺតបំផុត ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ2008-2009 មក”។
ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងទៀតថា ការផ្ទុះឡើងនៃវីរុសនេះ អាចនាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងតម្រូវការក្នុងស្រុក ទេសចរណ៍ និងការធ្វើដំណើរការអាជីវកម្ម ពាណិជ្ជកម្ម និងផលិតកម្ម ការរំខានដល់ការផ្គត់ផ្គង់ ការធ្វើឱ្យប៉ះពាល់ដល់កំណើននៅតំបន់អាស៊ីដែលកំពុងអភិវឌ្ឍន៍។
ធនាគារ ADB ក៏បានឱ្យដឹងទៀតដែរថា ខ្លួនកំពុងផ្តល់ថវិកាចំនួន 12ពាន់លានដុល្លារជាបន្ទាន់ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ កែលម្អសេវាកម្មសុខភាព ការឃ្លាំមើលជំងឺ ការទទួលបានការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ និងដើមទុនសម្រាប់អាជីវកម្មជាដើម៕