រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកថា ការលើកកម្ពស់ផលិតកម្មសត្វ គឺជារឿងចាំបាច់ ដែលត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីលើកស្ទួយវិស័យកសិកម្មដែលកំពុងជួបបញ្ហាប្រឈម ព្រមទាំងអភិវឌ្ឍន៍វិស័យសុខភាពសត្វ និងផលិតកម្មសត្វឆ្ពោះទៅជួយជំរុញកំណើនសេដ្ឋកិច្ចប្រជាកសិករកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ការលើកឡើងពីសំណាក់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលនេះ ត្រូវបានធ្វើឡើងកាលពីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ2019 និងទិសដៅអនុវត្តឆ្នាំ2020 នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកាលពីពេលកន្លងទៅថ្មីៗនេះ។
ថ្លែងក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្ដម វេង សាខុន បានលើកឡើងថា “ការរីកចម្រើនផ្នែកបច្ចេកវិទ្យាថ្មីៗ ទាំងការចិញ្ចឹម ការបង្កាត់ពូជ ការផ្សំចំណី សេចក្តីត្រូវការសាច់សត្វ ស៊ុត ទឹកដោះផលិតផលមានដើមកំណើតពីសត្វ កាន់តែកើនឡើងជាលំដាប់ ហើយការប្រកួតប្រជែងទីផ្សារសត្វ និងសាច់កាន់តែមានខ្ពស់ឡើង”។
ផ្ទុយទៅវិញលោកបានថ្លែងថា ការប្រែប្រួលអាកាសធាតុ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកធ្វើឱ្យវិស័យសុខភាពសត្វ និងផលិតកម្មសត្វបាន និងកំពុងទទួលរងនូវផលប៉ះពាល់ ដូចជាការខ្វះខាតវត្ថុធាតុដើម បាត់បង់វាលស្មៅធម្មជាតិ និងប៉ះពាល់ដំណាំចំណីសត្វ ការកើតឡើងនូវជំងឺឆ្លងសត្វយ៉ាងស្រួចស្រាល់ (ជំងឺផ្តាសាយបក្សី និងជំងឺប៉េស្តជ្រូកអាហ្វ្រិក) ដែលមិនគ្រាន់តែគំរាមកំហែងដល់ផលិតកម្មសត្វប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ជាហានិភ័យដល់សុខភាពសាធារណៈផងដែរ។
ឯកឧត្ដមរដ្ឋមន្ត្រី បានបន្តថា ដូច្នេះទាំងកត្តាវិជ្ជមាន និងអវិជ្ជមាន វាទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្ត្រីជំនាញក្រោមឱវាទគ្រប់ជាន់ថ្នាក់ រួមទាំងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តផង ត្រូវបង្កើនកិច្ចសហការកាន់តែទ្វេឡើង ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ2019-2023 ក្នុងការលើកកម្ពស់ផលិតភាពផលិតកម្មសត្វ សុខភាពសត្វ និងសុខភាពសាធារណ:។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានក្រើនរំឭកបន្ថែមទៀតនូវអនុសាសន៍សំខាន់ចំនួន 8ចំណុច ដើម្បីជាធាតុចូលជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានទាំងអស់ក្នុងក្រសួងកសិកម្ម សម្រាប់ធ្វើជាមូលដ្ឋានយកទៅអនុវត្តបន្ត ដែលទាក់ទងនឹងការលើកកម្ពស់ផលិតកម្មសត្វ រួមមាន៖
1- ត្រូវបន្តពង្រឹងការងារគ្រប់គ្រង ដឹកនាំ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសហលក្ខន្តិកៈមន្ត្រីរាជការ ពង្រីងសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យ ក្រមសីលធម៌ និងវិជ្ជាជីវៈ ពង្រឹង និងពង្រីកសមត្ថភាពបន្ថែម។
2- ត្រូវបន្តពង្រឹងការងារស្រាវជ្រាវ បណ្តុះបណ្តាលផ្សព្វផ្សាយ ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពមន្ទីរពិសោធន៍។
3- ត្រូវបន្តពង្រឹងការងារផ្សព្វផ្សាយ និងអនុវត្តច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់។
4- យកចិត្តទុកដាក់ជំរុញការងារផលិតកម្មសត្វ ជ្រើសរើស បង្កាត់ និងផ្លាស់ប្តូរពូជសត្វ ពិសេសសត្វគោ តាមរយ:ការបង្កាត់ពូជសប្បនិម្មិត។ បន្តចុះបញ្ជីកសិដ្ឋានចិញ្ចឹមសត្វ និងត្រូវធ្វើបច្ចុប្បន្នភាពពេទ្យសត្វភូមិ។ ជំរុញផលិតកម្មចំណីសត្វ ដំណាំចំណីសត្វ ការចុះបញ្ជី និងពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងការធ្វើអាជីវកម្មចំណីសត្វ សារធាតុផ្សំបសុឱសថ និងវ៉ាក់សាំង។
5- លើកកម្ពស់សុខភាពសត្វ តាមរយ:ការចាក់ថ្នាំការពារជំងឺឆ្លង ការអនុវត្តជីវសុវត្ថិភាពនៅកសិដ្ឋាន និងនៅកន្លែងផ្ទុះជំងឺផ្ទាល់ រួមទាំងពង្រឹងការងារគ្រប់គ្រង និងត្រួតពិនិត្យសត្តឃាតដ្ឋាន ការត្រួតពិនិត្យអនាម័យសាច់ ផលិតផលសាច់ និងស៊ុត។
6- ពង្រឹងយន្តការត្រួតពិនិត្យ និងគ្រប់គ្រងចលនាសត្វ ផលិតផលមានដើមកំណើតពីសត្វ ស៊ុតចេញ- ចូល និងនាំឆ្លងកាត់ តាមដានព័ត៌មានស្តីពីស្ថានភាពជំងឺឆ្លងសត្វនៅប្រទេសជិតខាង ជាពិសេសអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែនដោយចាត់វិធានការទាំងផ្លូវច្បាប់ និងបច្ចេកទេសឱ្យខាងតែបាន និងទាន់ពេលវេលា មានប្រសិទ្ធភាពចំពោះការនាំចូលសត្វតាមព្រំដែនខុសច្បាប់។
7- លើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណ: ទាន់ពេលវេលា និងតម្លាភាព គាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគ។
ទី8- ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីធានាប្រសិទ្ធភាពលើការអនុវត្តច្បាប់ និងបច្ចេកទេស និងកៀរគរជំនួយពីគ្រប់មជ្ឃដ្ឋានខាងក្រៅ។
បើតាមមន្ត្រីនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស្រី វុឌ្ឍី ធ្លាប់បានលើកឡើងក្នុងសន្និសីទស្តីពី “បច្ចុប្បន្នភាព និងវឌ្ឍនភាព របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ”កាលពីពេលថ្មីៗនេះថា នៅក្នុងឆ្នាំ2019 កន្លងទៅ ការចិញ្ចឹមសត្វគ្រប់ប្រភេទនៅកម្ពុជា មានការកើនឡើងជិត 3.47ភាគរយ បើធៀបនឹងឆ្នាំ2018 ដែលមានសត្វសរុបជិត 45.8លានក្បាលប៉ុណ្ណោះ។
ក្នុងឆ្នាំ2019 កន្លងទៅ លោកថា ការចិញ្ចឹមមាន់ និងទា នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈការចិញ្ចឹមជ្រូក និងគោ មានការ-ថយចុះមួយកម្រិត។ ជាក់ស្តែងលោកបញ្ជាក់ថា ការចិញ្ចឹមមាន់ ទា សរុបមានចំនួន 40.39លានក្បាល កើនឡើង 6ភាគរយ ខណៈដែលការចិញ្ចឹមគោ និងជ្រូកមានការថយចុះ ក្នុងនោះការចិញ្ចឹមគោមានចំនួន 2.77លានក្បាល ថយចុះ 5ភាគរយ ការចិញ្ចឹមជ្រូកមានចំនួន 2.18លានក្បាល ថយចុះ 20ភាគរយ។
យ៉ាងណាក្ដី តាមរយៈអនុសាសន៍សំខាន់ទាំង 8ចំណុចខាងលើនេះ ក្រសួងកសិកម្មរំពឹងថា នឹងឈានទៅធានាដល់ការលើកកម្ពស់ផលិតកម្មសត្វនៅកម្ពុជាកាន់ប្រសើរឡើងមិនខាន៕