សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធជួយសម្រួលការដឹកជញ្ជូនវត្ថុធាតុដើមពីប្រទេសចិន ដើម្បីយកមកផ្គត់ផ្គងរោងចក្រកាត់ដេរ នៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែលឿន កាន់តែល្អ ខណៈកប៉ាល់ដឹកជញ្ជូនវត្ថុធាតុដើមមកពីចិនបានមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់តាំងពីដើមសប្ដាហ៍កន្លងទៅ។
សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី10 ខែមីនា ឆ្នាំ2020 បានឱ្យដឹងថា រដ្ឋាភិបាលចិនបាន ផ្តល់កប៉ាល់ ចំនួន 7គ្រឿង ជាមធ្យោបាយដឹកជញ្ជូនវត្ថុធាតុដើមមកកាន់កម្ពុជា ខណៈដែលយប់ថ្ងៃទី 9 ខែមីនា កប៉ាល់ដឹកទំនិញដែលជាវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតកម្មនៅកម្ពុជាបានមកដល់កំពង់ផែក្រុងព្រះសីហនុដោយផ្ទុកទំនិញចំនួនជាង 60កុងតឺន័រ។
សម្ដេចតេជោ បានថ្លែងថា៖“កប៉ាល់ចំនួន7 ដែលដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ដល់ចង្វាក់ផលិតកម្មរោងចក្រនៅកម្ពុជា មានចំនួន5 បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ហើយកប៉ាល់ចំនួន 2ទៀត នឹងចូលចតនៅកំពង់ផែហូជីមិញ សម្រាប់ផ្គត់ផ្គង់ដល់ចង្វាក់ផលិតកម្មរោងចក្រដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ដែលមានកម្មករសរុបប្រមាណ 31,000នាក់ និងរោងចក្រស្ថិតនៅក្នុងខេត្តកំពង់ចាម មានចំនួនកម្មករសរុប ចំនួនជាង 4,000នាក់ ដែលរោងចក្រទាំងនេះ ភាគច្រើនផលិតសម្ភារពេទ្យ”។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមថា សម្រាប់កប៉ាល់ទាំង 7គ្រឿងនេះ នឹងដឹកជញ្ជូនវត្ថុធាតុដើម សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រកាត់ដេរនៅកម្ពុជា ជាបន្តបន្ទាប់ក្នុងរង្វិលជុំ។ ដោយឡែក នៅពេលដែលវត្ថុធាតុដើមចូលមកដល់កំពង់ផែ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរត្រូវជួយសម្រួលក្នុងការដឹកជញ្ជូនចូលរោងចក្រ បើក្នុងលក្ខខណ្ឌចាំបាច់ ត្រូវដឹកជញ្ជូននៅពេលថ្ងៃ អាចប្រើរថយន្តស៊ីរ៉ែនបើកផ្លូវតែម្ដង សំដៅដល់ការធានា និងជំរុញចង្វាក់ផលិតកម្មរបស់រោងចក្រ។ ពិសេសខាងកំពង់ផែ និងគយ ត្រូវធ្វើយ៉ាងណាសម្រួលដល់ការដឹកជញ្ជូនឱ្យដល់រោងចក្រឱ្យបានឆាប់រហ័សបំផុត។
ក្រុមហ៊ុនដឹកជញ្ជូន SITC CONTAINER LINES CAMBODIA, ក្រុមហ៊ុនដឹកជញ្ជូន COSCO SHIPPING/RCL, ក្រុមហ៊ុនដឹកជញ្ជូនOriental Overseas Container Line, ក្រុមហ៊ុនដឹកជញ្ជូន SINOTRANS / RCL និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀត បានសហការរួមគ្នាជាកម្លាំង ធានាបាននូវកិច្ចការដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរដោយអស់ពីលទ្ធភាព ដើម្បីសម្រួលដល់ការដឹកជញ្ជូនវត្ថុធាតុដើមច្រើនជាងគេ មកកាន់កំពង់ផែក្នុងសប្តាហ៍នេះ។
ក្នុងនោះ ក្រុមហ៊ុនSITC ដែលបានដឹកជញ្ជូនវត្ថុធាតុដើមជាង 60កុងតឺន័របានមកដល់កំពង់ផែខេត្តព្រះសីហនុមុនគេបង្អស់នៅថ្ងៃចន្ទ ទី9 ខែមីនា។ រីឯភាគីកំពង់ផែវិញ បានជួយសម្រួលការចូលចតនៃកប៉ាល់ដឹកវត្តុធាតុដើមទាំងនោះក្នុងកំពង់ផែ ជួយលើកកម្ពស់អត្រាប្រសិទ្ធភាពនៃការដាក់ ទំនិញចុះ និងអត្រាប្រសិទ្ធភាពនៃការផ្តល់ទំនិញដល់អតិថិជននៅក្នុងកំពង់ផែផ្ទាល់ ផ្តល់អាទិភាពក្នុងការបើកច្រកសម្រាប់រៀបចំឯកសារបែបបទ ជួយផ្តល់អាទិភាពក្នុងការដឹកជញ្ជូនកុងតឺន័រ តាមរយៈរថយន្តស្ទូចដោយមានការសម្រួលពីខាងគយផងដែរ។
លោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖“យើងជឿជាក់ថា ស្ថិតនៅក្រោមការគាំទ្រពីរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសហគ្រាសដែលពាក់ព័ន្ធ វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេររបស់ប្រទេសចិន នឹងដឹកជញ្ជូនមកដល់រោងចក្រកម្ពុជាបានយ៉ាងឆាប់រហ័ស ហើយការខាតបង់នៃភាគីកម្ពុជានឹង អាចធ្លាក់ដល់អត្រាទាបបំផុត និងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងក្នុងប្រទេសកម្ពុជា នឹងឆ្លងផុតនូវដំណាក់កាលដ៏លំបាកមួយនេះបានយ៉ាងឆាប់រហ័ស”។
អគ្គលេខាធិការ GMAC លោក ខេន លូ បានស្វាគមន៍ការមកដល់នៃការដឹកជញ្ជូនវត្ថុធាតុដើមប៉ុន្តែបានកត់សម្គាល់ថា ពួកគេនឹងមិនគ្រប់គ្រាន់ ដើម្បីបំពេញកង្វះខាតនេះទេ“ក្នុងកាលៈទេសៈធម្មតាយើងត្រូវការវត្ថុធាតុដើមចំនួន 2,000 កុងតឺន័រ ដើម្បីផលិតបាន ផលិតផល 1,000 កុងតឺន័រប្រចាំសប្តាហ៍។ ឥឡូវយើងមានតែកុងតឺន័ររាប់រយប៉ុណ្ណោះដែលនឹងមិនគ្រប់គ្រាន់ដើម្បីបំពេញតាមកូតាផលិតកម្មទេ”។ ទោះយ៉ាងណាយើងមានអំណរគុណចំពោះការគាំទ្រទោះបីជាវាតិចជាងអ្វីដែលយើងត្រូវការជាធម្មតាក៏ដោយ។
លោកបានបន្ថែមទៀតថា៖“នៅពេលដែលស្ថានភាពប្រទេសចិន មានសភាពធម្មតានោះវត្ថុធាតុដើមទាំងអស់នឹងមកដល់តាមការបញ្ជាទិញ។ រោងចក្របានបញ្ជាទិញវត្ថុធាតុដើមរួចទៅហើយ មុនពេលមានព័ត៌មាននៃការឆ្លងមេរោគនេះ ប៉ុន្តែអ្វីៗត្រូវបានពន្យារពេលដោយសារតែការផ្ទុះឡើង។ ដូច្នេះខ្ញុំសង្ឃឹមថាស្ថានភាពនឹងវិលមករកភាពប្រក្រតីឆាប់ៗនេះ”។
ប៉ុន្តែបន្ទាប់ពីទទួលបានវត្ថុធាតុ ដើមដែលដឹកពីប្រទេសចិនមកដល់ប្រទេសកម្ពុជា រោងចក្រកាត់ដេរចំនួន7 បានបើកដំណើរការឡើងវិញ បន្ទាប់ពីទទួលបានវត្ថុធាតុដើម។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹង។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានប្រាប់សារព័ត៌មាននៅថ្ងៃទី 10 ខែមីនា ឆ្នាំ 2020 នេះឱ្យដឹងថា ការមកដល់នៃវត្ថុធាតុដើមពីប្រទេសចិននេះ ជួយឱ្យរោងចក្រដែលព្យួរការងារមួយចំនួន ចាប់ផ្តើម ដំណើរការឡើងវិញផងដែរក្នុងនោះរោងចក្រដែលសុំព្យួរការងារចំនួន 7 ដែលមានកម្មករសរុបប្រមាណ 10, 103នាក់ ស្ត្រី 9,173នាក់បានដំណើរការឡើងវិញ។
លោកបានមានប្រសាសន៍ថា៖“ការមកដល់នៃវត្ថុធាតុដើមទាំងនេះ វានឹងជួយឱ្យរោងចក្រដែលមិនទាន់ព្យួរ កាន់តែអាចដំណើរការទៅមុខដោយមិនបាច់ព្យួរ។ ប្រសិនជាវាផ្គត់ផ្គង់ទៅរោងចក្រដែលព្យួរគឺវានឹង ធ្វើឱ្យរោងចក្រនោះបើកឡើងវិញ។ កង្វះវត្ថុធាតុដើមនេះ បានធ្វើឱ្យរោងចក្រចំនួន 50 ព្យួរការងារ នាំឱ្យប៉ះពាល់កម្មករ និយោជិត 20,940នាក់ ស្ត្រី16,183នាក់”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការពន្លឿនការដឹកវត្ថុធាតុដើមពីចិនមកកាន់ប្រទេសកម្ពុជានេះ គឺកើតចេញពីទំនាក់ទំនងល្អរវាងកម្ពុជា និងចិន ជាពិសេសភាពជា ដៃគូទំនាក់ទំនង គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង2។ ការដឹកជញ្ជូនវត្ថុធាតុដើម នឹងមានរយៈពេលរហូតដល់ខែឧសភា ដែលនៅពេលនោះសម្តេចសម្តែងក្តីសង្ឃឹមថា ការភ័យខ្លាចកូវីដ-19 ត្រូវបានបញ្ឈប់ ហើយប្រតិបត្តិការរបស់រោងចក្រកាត់ដេរ ដែលរង-ផលប៉ះពាល់បានចាប់ផ្តើមដំណើរការឡើងវិញ។
នាវាដឹកវត្ថុធាតុដើមប្រមាណ 212 ទូបានចូលមកដល់ប្រទេស កម្ពុជាហើយនៅយប់ ថ្ងៃទី09 ខែមីនា ឆ្នាំ2020 ដើម្បីផ្គត់ផ្គង់នៅតាមរោងចក្រនានា។ វត្ថុធាតុដើមទាំងនេះ បានធ្វើឱ្យរោងចក្រព្យួរ ការងារចាប់ផ្តើមដំណើរការឡើងវិញបណ្តើរៗហើយ។
ដោយសារជំងឺកូវីត-19 ដែលវាយលុកនៅក្នុងប្រទេសចិន បានធ្វើឱ្យរអាក់រអួលដល់ការ ផ្គត់ផ្គង់វត្ថុធាតុដើមពីប្រទេសចិន និងនាំឱ្យអាក់ខានដល់ដំណើរការរោងចក្រនៅក្នុងប្រទេសកម្ពុជាផងដែរ៕