ខណៈដែលមនុស្សទូទាំងពិភពលោកកំពុងស្ថិតក្នុងក្ដីកង្វល់ជាមួយនឹងការឆ្លងរាតត្បាតរបស់មេរោគវីរុស COVID-19 ជាពិសេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងកំពុងរាលដាលទៅទ្វីបផ្សេងទៀត ដោយគ្មានវិធីអាចទប់ស្កាត់បាននោះ ប្រទេសមហាអំណាច2 គឺសហរដ្ឋអាមេរិក និងចិន បានបើកសមរភូមិប្រយុទ្ធថ្មីផ្នែកសង្គ្រាមពាក្យសម្ដី និងសង្គ្រាមព័ត៌មាន។
ចិនបានឆ្លើយតបវិធានការកាលពីពេលមុននេះរបស់សហរដ្ឋអាមេរិក ដោយការបញ្ជាឱ្យអ្នកយកព័ត៌មានអាមេរិកក្នុងស្ថាប័នធំៗ 3 បញ្ចប់ការធ្វើការងារនៅក្នុងប្រទេសចិន ហុងកុង និងម៉ាកាវ និងស្ថាប័ន 2ទៀតត្រូវរាយការណ៍លម្អិតផ្នែកការធ្វើការងារ ហើយប្រហែលជានឹងមានការវាយបកវិញដោយសហរដ្ឋអាមេរិកទៀតជាមិនខាន។
ហើយរឿងនេះ នឹងធ្វើឱ្យភាពទាស់ទែងខាងពាណិជ្ជកម្ម និងសម្ព័ន្ធភាពជារួមរបស់ប្រទេសទាំង2 ពិបាកនឹងវិលចូលទៅរកដំណើរផ្លូវនៃការចរចារក្នុងជុំបន្តទៅទៀត ហើយការឆ្លងរាលដាលរបស់វីរុស COVID-19 បានផ្លាស់ប្ដូរស្ទើរតែគ្រប់យ៉ាង គ្រប់ស្ថានភាពផ្នែកគោលការណ៍នយោបាយ ពាណិជ្ជកម្ម និងការរស់នៅរបស់មនុស្សជាតិ។
ប្រមុខសេតវិមាន លោក ដូណាល់ ត្រាំ មើលឃើញថា ចិនជាសត្រូវសំខាន់របស់អាមេរិក និងបានបើកឆាកសង្គ្រាមពាណិជ្ជកម្មដោយការដាក់រនាំងពន្ធទៅលើទំនិញរបស់ចិនជាង 1ឆ្នាំកន្លងមក ដែលជាហេតុនាំឆ្ពោះទៅរកការសងសឹកគ្នាដោយវិធានការផ្សេងៗ បណ្ដាលឱ្យឈឺខ្លួនទាំងសងខាង និងថែមទាំងធ្វើឱ្យសេដ្ឋកិច្ចទូទាំងពិភពលោករង្គោះរង្គើទៀតផង។
នៅមិនទាន់បានខិតចូលទៅរកសភាពប្រក្រតីវិញផង ក៏មានរឿងការឆ្លងរាតត្បាតរបស់វីរុស COVID-19 ចាប់ផ្ដើមឡើងនៅទីក្រុងវូហាន មណ្ឌលហ៊ូពេយ និងស្ថានការណ៍បានឈានចូលដំណាក់កាលវិបត្តិធ្ងន់ធ្ងរ ការឆ្លងរាលដាលយ៉ាងឆាប់រហ័ស និងមានមនុស្សស្លាប់ បានធ្វើឱ្យរដ្ឋបាលចិនត្រូវប្រកាសបិទទីក្រុងវូហាន បិទទាំងមណ្ឌល និងស្ទើរតែបិទទូទាំងប្រទេសទៀតផង។
ចិនប្រើពេលវេលា និងវិធានការម៉ឺងម៉ាត់ជាង 1ខែ រហូតអាចគ្រប់គ្រងស្ថានការណ៍បាន តែក៏ក្រោយពីមេរោគបានរាលដាលទៅដល់ប្រទេសជាច្រើនក្នុងទ្វីបអាស៊ី និងឆ្លងរាលដាលទៅកាន់ទ្វីបផ្សេងៗទៀតបាត់ទៅហើយ។ តែចិន និងកូរ៉េខាងត្បូងដែលជាប្រភពនៃការឆ្លងរាលដាលខ្លាំងក្នុងទ្វីបអាស៊ី បានធ្វើឱ្យការរាតត្បាតនេះថយចុះក្នុងកម្រិតគួរឱ្យពេញចិត្ត។
តែវីរុស COVID-19 បានទៅបញ្ចេញមហិទ្ធិរិទ្ធខ្លាំងនៅក្នុងទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក និងភូមិភាគផ្សេងៗទៀត។ តួលេខអ្នកឆ្លងមេរោគ និងស្លាប់ ច្រើនជាងប្រទេសចិន និងធ្វើឱ្យលោកខាងលិចកំពុងតែវិតក្កកង្វល់យ៉ាងខ្លាំងថា ប្រហែលជាទប់មិនឈ្នះទេ ព្រោះអឺរ៉ុបដល់ថ្នាក់បិទទ្វីប ឯសហរដ្ឋអាមេរិកបិទប្រទេស និងប្រទេសជាច្រើនទៀតប្រើវិធានការម៉ឺងម៉ាត់ផ្សេងៗគ្នា។
តែសហរដ្ឋអាមេរិក ប្រមុខសេតវិមាននៅតែមិនឈប់រករឿងចិន។ ការនិយាយពីវីរុស COVID-19 ក្នុងអំឡុងដំបូងៗ ត្រាំតែងតែហៅថា “វីរុសក្រៅស្រុក” តែ 2-3ថ្ងៃក្រោយមកទៀត ត្រាំប្រើពាក្យថា “វីរុសចិន” ធ្វើឱ្យរដ្ឋាភិបាលចិនក្ដៅក្រហាយដូចភ្លើងឆេះផ្ទះ។ មន្ត្រីក្រសួងការបរទេសចិន បានសកទៅវិញថា វីរុសនេះចាប់ផ្ដើមមកពីអាមេរិក។
ព្រមទាំងអះអាងថា អគ្គនាយកមជ្ឈមណ្ឌលការពារការឆ្លងរាតត្បាតរបស់អាមេរិក លោក រ៉ូប៊ើត រេដហ្វ៊ីល ធ្លាប់បានឆ្លើយសារភាពនៅក្នុងការស៊ើបសួរថា អ្នកស្លាប់ដោយសារជំងឺគ្រុនផ្ដាសាយធំនៅក្នុងប្រទេស មានផ្ទុកមេរោគវីរុស COVID-19 ទៀតផង ធ្វើឱ្យចម្លើយនេះក្លាយជាភ័ស្តុតាងបញ្ជាក់ច្បាស់ ដោយចិនអះអាងថា ទាហានអាមេរិក គឺជាអ្នកចម្លងមេរោគនៅក្នុងពិធីប្រកួតកីឡាកងទ័ពពិភពលោកក្នុងទីក្រុងវូហាន កាលពីពាក់កណ្ដាលឆ្នាំកន្លងទៅ។
សង្គ្រាមពាក្យសម្ដីនៅតែដំណើរការទៅយ៉ាងក្ដៅគគុក គ្មាននរណាចុះចាញ់នរណា ហើយបច្ចុប្បន្ន ចិនមើលឃើញថា អាមេរិកកំពុងតែស្ថិតក្នុងសភាវលំបាក ក្នុងការទប់ទល់ និងទប់ស្កាត់ការឆ្លងរាតត្បាតរបស់វីរុស COVID-19 ហើយចិនក៏មិនបង្ហាញឥរិយាបថដែរថា នឹងផ្ដល់ការជួយយកអាសា មិនថាតែផ្នែកណាមួយឡើយ ព្រោះសហរដ្ឋអាមេរិកស្ដីបន្ទោសចិនឥតឈប់ឈរ។
ខណៈពេលជាមួយគ្នា ចិនបានផ្ដល់ការជួយយកអាសាប្រទេសផ្សេងៗ ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ ដូចជាអ៊ីតាលី និងអ៊ីរ៉ង់ ជាដើម ដោយបានបញ្ជូនឧបករណ៍ខាងវេជ្ជសាស្ត្រ និងក្រុមមន្ត្រីអ្នកជំនាញការដែលមានបទពិសោធទៅជួយយ៉ាងពេញទំហឹង។
ត្រាំ ក៏បើកឆាកសង្គ្រាមជាមួយស្ថាប័នព័ត៌មានវិញម្ដង ដោយការបញ្ជាឱ្យទីស្នាក់ការព័ត៌មានរបស់ចិន ចូលជាខ្សែបណ្ដាញស្ថាប័នរដ្ឋ និងកំណត់ចំនួនបុគ្គលិកជនជាតិបរទេសដែលធ្វើការឱ្យ 4ភាគ5 របស់ទីស្នាក់ការព័ត៌មានរបស់ចិន។ សាងភាពលំបាកលំបិនដល់ទីស្នាក់ការព័ត៌មាន និងក្រុមការងាររបស់ចិន ព្រោះចិនមើលឃើញថា ជាការធ្វើបាប។
ហើយហ្នឹង ក៏ជាវិធីមួយទៀតដែលត្រាំព្យយាមចាត់ការចិន ដែលក្រៅពីការរារាំងធុរកិច្ចរបស់ក្រុមហ៊ុន Huawei និងក្រុមហ៊ុនតិចណូឡូជីផ្សេងទៀតរបស់ចិន និងដាក់សម្ពាធឱ្យសម្ព័ន្ធមិត្តនៅក្នុងអឺរ៉ុបធ្វើតាមខ្លួនទៀតផង តែមិនបានសម្រេចឡើយ ព្រោះប្រទេសជាច្រើនបានយល់ព្រមឱ្យ Huawei ធ្វើជាដៃគូកិច្ចសន្យា ដែលរឹតតែធ្វើឱ្យ ត្រាំមិនពេញចិត្តកាន់តែខ្លាំងឡើងទៅទៀត។
កាលពីថ្ងៃពុធ សប្ដាហ៍មុន រដ្ឋបាលចិនបានសងសឹកវិញក្នុងន័យសង្គ្រាមដូចគ្នា ដោយការបញ្ជាឱ្យអ្នកសារព័ត៌មានរបស់ នីវយ៉ក ថាមស៍, វ៉ាស៊ីនតោន ប៉ុស្ត និងដឹ វ៉លស្ទ្រីត ជើណាល ផ្ញើលិខិតធានារ៉ាប់រងការធ្វើការងារត្រឡប់មកវិញក្នុងរយៈពេល 10ថ្ងៃ បើសិនវីសាធ្វើការក្នុងប្រទេសចិន ផុតកំណត់នៅចុងឆ្នាំ2020នេះ។
ក្រៅពីហាមធ្វើការនៅក្នុងចិនដីគោកហើយ អ្នកយកព័ត៌មានរបស់ទាំង 3ស្ថាប័នធំៗនោះ នៅមិនទាន់បានទទួលការអនុញ្ញាតឱ្យធ្វើការនៅក្នុងហុងកុង និងម៉ាកាវ ដែលជាតំបន់គ្រប់គ្រងពិសេសរបស់ចិនទៀតផង ដែលមានន័យស្មើនឹងការបិទដំណើរការការធ្វើការនៅក្នុងតំបន់ 2ទៀតនោះ ដែលជាមូលដ្ឋានរបស់សារព័ត៌មានក្រៅប្រទេសទូទៅ។
រដ្ឋបាលចិន ឱ្យអ្នកសារព័ត៌មានទាំង 3ស្ថាប័ននោះ ត្រូវធ្វើដំណើរចេញក្រៅប្រទេស នៅសល់តែស្ថាប័នព័ត៌មានចម្បងៗផ្សេងទៀត ដូចជា CNN និងសារព័ត៌មានបោះពុម្ពដទៃទៀតប៉ុណ្ណោះ ធ្វើឱ្យស្ថាប័នព័ត៌មានទាំង3 ចេញលិខិតតវ៉ា និងថ្កោលទោសការសម្រេចចិត្តរបស់រដ្ឋបាលចិននេះ ថាជាការរារាំងការរាយការណ៍ព័ត៌មាននៃហេតុការណ៍សំខាន់ៗ។ និងអាងថា ការរារាំងនេះ កើតឡើងក្នុងខណៈដែលចិននៅមានបញ្ហាការរាតត្បាតរបស់វីរុស COVID-19 នៅឡើយ។
ប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេ រដ្ឋាភិបាលចិននៅបានប្រកាសឱ្យ 5ស្ថាប័នព័ត៌មានចម្បងៗរបស់អាមេរិក ដែលរួមមាន 3ស្ថាប័នព័ត៌មានខាងលើ ត្រូវផ្ដល់របាយការណ៍ មានសេចក្ដីលម្អិតខាងការធ្វើការងាររបស់អ្នកយកព័ត៌មាន បញ្ជីឈ្មោះបុគ្គលិក ស្ថានភាពហិរញ្ញវត្ថុ ទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិក្នុងរូបបែបអចលនទ្រព្យ និង 2ស្ថាប័នទៀតគឺ “VOA” និង “Time”។
រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ បានត្រឹមតែប្រាប់ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលចិននេះ ជារឿងគួរឱ្យសោកស្ដាយ ជាទង្វើប៉ះដៃយកដៃ ប៉ះជើងយកជើង កំហឹងទល់កំហល់ ហើយនឹងធ្វើឱ្យចិនបាត់បង់ផលប្រយោជន៍ ព្រោះមនុស្សទូទាំងពិភពលោក នឹងបានដឹងព័ត៌មានហេតុការណ៍ផ្សេងៗក្នុងប្រទេស តិចជាងអ្វីដែលជាការពិត។
“ជាអំឡុងពេលដែលសំខាន់ សម្រាប់ដំណឹងព័ត៌មាន និងភាពស្មោះត្រង់” លោក ប៉ុមប៉េអូ ថ្លែង។
អ្នកគ្រប់គ្រងស្ថាប័នព័ត៌មានចម្បងៗទាំង 3នោះ ក៏បានចេញមកថ្លែងការណ៍ ពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់រដ្ឋបាលចិនដែរ តែមិនបាននិយាយពីវិធានការផ្សេងៗដែលសហរដ្ឋអាមេរិក បានធ្វើកាលពីពេលមុននេះឡើយ និងប្រហែលជាគ្មានជម្រើសអ្វីផ្សេងក្រៅពីនេះដែរ។
លោក ដូណាល់ ត្រាំ ប្រហែលជាមិនបន្ថយពាក្យសម្ដីឡើយ និងត្រូវតែរិះរកវិធីចាត់ការចិនបន្តទៅទៀត ព្រោះយល់ថា ខ្លួនឯងកំពុងកាន់សន្លឹកបៀធំជាងខាងផ្នែកពាណិជ្ជកម្ម តែក៏មិនទាន់ប្រាកដនៅឡើយដែរ ព្រោះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបកំពុងស្ថិតក្នុងសភាវថយចុះ ការគ្មានការងារធ្វើ ផ្នែកធុរកិច្ចឯកជនដែលកំពុងលំបាក បានស្រែកសុំជំនួយពីរដ្ឋបាល។
ហើយអឺរ៉ុប និងអាមេរិក ប្រហែលជាត្រូវប្រើប្រាស់លុយជាច្រើនទៀត តែត្រូវបញ្ឈប់ការឆ្លងរាតត្បាតរបស់វីរុស COVID-19 ឱ្យបានសិន!!
ប្រភព ៖ សារព័ត៌មានបរទេស