ផ្លូវលំតូចមួយនៅឯតំបន់ Virginia ខាងលិច ក្បែរជើងភ្នំ Appalachia នាំទៅកាន់ជំរំមួយដែលស្ថិតនៅក្នុងព្រៃរបស់មនុស្សមួយក្រុមដែលគេចាត់ទុកថាជាអ្នកកាន់ “លទ្ធិការពារខ្លួន” (survivalism)។
ក្រុមនេះ បានចាប់ផ្ដើមត្រៀមតាំងពីយូរមកហើយ សម្រាប់ការដួលរលំនៃអរិយធម៌របស់មនុស្សជាតិ មុនពេលរោគរាតត្បាត COVID-19 បានមកដល់។
ជាមួយនឹងសម្ភារប្រើប្រាស់ ស្បៀងអាហារដែលមានសុពលភាពប្រើប្រាស់ដល់ទៅ25ឆ្នាំ រួមនឹងអង្ករ និងម្សៅមីជាដើម មនុស្សទាំងនេះ បាននាំគ្នាគេចចេញពីតំបន់ដែលអាចឆ្លងរោគ COVID-19 ទៅរស់នៅក្នុងតំបន់សុវត្ថិភាពដែលស្ថិតនៅក្នុងព្រៃជ្រៅ។ ស្បៀងអាហាររបស់ពួកគេត្រូវបានតម្រៀបយ៉ាងមានរបៀប នៅក្នុងឃ្លាំងក្រោមដី ដែលធ្វើអំពីបេតុង និងដែកយ៉ាងរឹងមាំ។
ក្រុមមនុស្សកាន់ “លទ្ធិការពារខ្លួន” ដែលគេហៅក្រុម Fortitude Ranchនេះ សម្បូរទៅដោយសម្ភារចាំបាច់ដែលកំពុងត្រូវបានគេតាម “ប្រមាញ់” នៅទូទាំងពិភពលោក នោះគឺ ក្រដាសអនាម័យ និងម៉ាស់។
Steve Rene ជាអ្នកគ្រប់គ្រងជំរំលាក់ខ្លួនដែលមានផ្ទៃដីទំហំ 40ហិកតា បានឱ្យដឹងថា “ពេលនេះ វា (ជំរំលាក់ខ្លួន) មានតម្លៃខ្លាំងណាស់”។
បាវចនារបស់ក្រុម Fortitude Ranch គឺ “ត្រៀមរួចរាល់សម្រាប់ស្ថានភាពអាក្រក់បំផុត និងរីករាយនឹងបច្ចុប្បន្នភាព!”។ ជារៀងរាល់ឆ្នាំ សមាជិកក្នុងក្រុមនេះ មានពេល2សប្ដាហ៍ដើម្បីមកលេង និងសម្រាកលម្ហែកាយក្នុងតំបន់ដាច់ស្រយាល និងពោរពេញដោយសម្រស់ធម្មជាតិ ព្រមទាំងអាចដើរកម្សាន្ត ឬស្ទូចត្រី នៅក្នុងទន្លេដែលមានឈ្មោះថា “Lost”។ ក្រុមនេះ ក៏មានសាខាមួយផ្សេងទៀត នៅក្នុងរដ្ឋ Colorado ផងដែរ។
លោក Rene ដែលសមាជិកម្នាក់ក្នុងក្រុម “លទ្ធិការពារខ្លួន” Fortitude Ranch បានឱ្យដឹងថា “នេះមិនមែនជាក្រុមមនុស្សល្ងង់ល្ងីល្ងើ ដែលចេះតែគិតអំពីថ្ងៃអវសាននៃពិភពលោកនោះទេ។ យើងមិនបានរើសអើង ហើយយើងក៏មិនមានទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធណាមួយនោះដែរ”។
ប៉ុន្តែ នៅលើទីតាំងនៃមុមទាំង4របស់ជំរំនៃក្រុម Fortitude Ranchនេះ សុទ្ធតែមានប៉មយាម ហើយក្នុងបន្ទប់ទទួលភ្ញៀវក៏មានកាំភ្លើងកាណុងវែង1ដើមផងដែរ ដើម្បីបង្ហាញថា ក្រុមនេះ ធ្វើសកម្មភាពយ៉ាងហ្មត់ចត់។ Rene និយាយថា “ក្រុមមនុស្សដែលអស់សង្ឃឹម គឺគេធ្វើរឿងអស់សង្ឃឹម”។
ក្រុម Fortitude Ranch នេះ មិនបានចាត់ទុកកម្លាំងបរទេស ឬកម្លាំងពិភពខាងក្រៅ ជាការគំរាមកំហែងលើពួកគេនោះទេ ប៉ុន្តែ ពួកគេបានចាត់ទុកជនជាតិអាមេរិកាំងខ្លួនឯង ដែលមានភាពច្របូកច្របល់ អាចមានសកម្មភាពប្លន់ស្បៀងអាហាររបស់ពួកគេ នៅពេលមានការវាយប្រហារដោយអាវុធនុយក្លេអែរ ឬអាវុធជីវសាស្ត្រ ការបះបោរផ្នែកនយោបាយ និងមហារោគរោគរាតត្បាត។ល។
“ជាក់ស្ដែងបញ្ហាខាងលើនេះ កម្រនឹងកើតឡើង ប៉ុន្តែ វានៅតែមានលទ្ធភាពអាចកើតឡើង។ បើសិនអ្នកមិនបានត្រៀមខ្លួន អ្នកនឹងមិនដឹងថាត្រូវទៅណា និងធ្វើអ្វីនោះទេ។ ពេលមានអាសន្នធំកើតឡើង ភាពច្របូកប្របល់នឹងធ្វើឱ្យមនុស្សអាចដណ្ដើមគ្នារស់ ហើយនិងមានបញ្ហាជាច្រើនហួសពីសមត្ថភាពទប់ទល់របស់យើង” លោក Rene រៀបរាប់។
គណៈកម្មការនៃក្រុមខាងលើនេះ មានសមាជិកចំនួន5នាក់ ក្នុងនោះមាន Rene ផងដែរ។ ក្នុងករណីបន្ទាន់ Rene នឹងសម្រេចចិត្តថាតើត្រូវប្រកាសអាសន្នដែរ ឬអត់។ ពេលនោះ សមាជិកនៃគណៈកម្មការ នឹងត្រូវបានអញ្ជើញមកកាន់ជំរំខាងលើ។ អ្នកដែលមានបំណងចូលកាន់ជំរំរបស់ក្រុម Fortitude Ranch គឺត្រូវតែប្រើប្រាស់ពាក្យសម្ងាត់ដែលក្រុមនេះបានកំណត់។
ករណីមានមហារោគរាតត្បាតកើតឡើងទូទាំងប្រទេស អ្នកចំណូលថ្មីដែលចូលមកកាន់ជំរំនេះ នឹងត្រូវវាស់កម្ដៅខ្លួន មុនពេលត្រូវបានអនុញ្ញាតឱ្យចូលក្នុងតំបន់ដែលមានប្រព័ន្ធអេកូឡូស៊ី ដែលអាចចិញ្ចឹមជីវិតដោយខ្លួនឯងបាន។ នៅក្នុងជំរំនេះ មានអណ្ដូងទឹក ប្រព័ន្ធថាមពលព្រះអាទិត្យ វិទ្យុ ផ្ទះកញ្ចក់ សត្វចិញ្ចឹមផ្សេងៗ ដូចជា មាន់ ពពែ គោ រួមនឹងកន្លែងរំលាយសាកសពអ្នកជំងឺដែលស្លាប់ដោយសាររោគរាតត្បាត។
ស្ថាបនិករបស់ Fortitude Ranch គឺ Drew Miller ដែលជាអតីតអ្នកជំនាញផ្នែកចារកម្មយោធា ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Harvard។
ខុសពីប្រព័ន្ធបន្ទប់លាក់ខ្លួននៅក្រោមដីដ៏មានតម្លៃថ្លៃ ដែលមហាសេដ្ឋីនានាបានសាងសង់ Fortitude Ranch របស់ Drew Miller ផ្ដោតទៅលើក្រុមមនុស្សដែលមានទ្រព្យធម្យម និងទាប។ អ្នកដែលចូលមកសម្រាកនៅទីនេះ គ្រាន់តែចំណាយ1,000ដុល្លារអាមេរិកប៉ុណ្ណោះក្នុង1ឆ្នាំ សម្រាប់កញ្ចប់ទាបបំផុតដែលមានគ្រែ1នៅក្នុងបន្ទប់ក្រោមដី។
ថ្មីៗនេះ Rene ទទួលបានការស្នើ និងសាកសួរព័ត៌មានជាច្រើនតាមរយៈអ៊ីម៉េល ខណៈដែលរោគរាតត្បាត COVID-19 កំពុងបង្កភាពវឹកវរនៅពាសពេញសហរដ្ឋអាមេរិក៕
ប្រភព៖ សារព័ត៌មានបរទេស