ទ្រព្យសម្បត្តិមហាសាលរបស់មហាសេដ្ឋីលេខ1នៅវៀតណាម គឺលោក Pham Nhat Vuong បានថយចុះមួយកម្រិត នៅក្នុងដើមឆ្នាំ2020នេះ។
យោងតាមទិន្នន័យបច្ចុប្បន្នភាពនៃតារាងចំណាត់ថ្នាក់ស្ដីអំពីមហាសេដ្ឋីក្នុងលោក របស់ទស្សនាវដ្ដីអាមេរិកាំង Forbes គិតមកដល់ខែមីនា ឆ្នាំ2020នេះ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទី1នៃប្រទេសវៀតណាម លោក Pham Nhat Vuong មានការថយចុះមួយកម្រិត។ ទ្រព្យរបស់់មហាសេដ្ឋីរូបនេះ ត្រូវបាន Forbes ចុះផ្សាយ កាលពីថ្ងៃទី5មីនាថា មានចំនួន 6.6ពាន់លានដុល្លារអាមេរិក ដែលតួលេខនេះបង្ហាញថា បានថយចុះ 1.2ពាន់លានដុល្លារ បើធៀបនឹងខែមីនា ឆ្នាំមុន។ ជាងនេះ មកដល់ថ្ងៃនេះ (17មីនា ឆ្នាំ2020) តួលេខនៃទំហំទ្រព្យរបស់បុរសវ័យ 51ឆ្នាំនេះ ត្រូវបាន Forbes បន្ថយមកនៅត្រឹម 5.7ពាន់លានដុល្លារអាមេរិក ប៉ុន្តែ នៅ Vuong នៅតែឈរលំដាប់លេខ1 ក្នុងចំណោមមហាសេដ្ឋីនៅប្រទេសវៀតណាមដដែល។
មហាសេដ្ឋីវៀតណាម Tran Ba Duong និង Ho Hung Anh ក៏ជួបបញ្ហាស្រដៀងគ្នានេះដែរ ដោយទ្រព្យរបស់ Tran Ba Duong បានបាត់បង់ (ថយចុះ) 0.2ពាន់លានដុល្លារ និងមហាសេដ្ឋី Ho Hung Anh បាត់បង់ 0.6ពាន់លានដុល្លារ។
មហាសេដ្ឋី Pham Nhat Vuong មានស្រុកកំណើត និងទីលំនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ លោក Vuong មានអាយុ51ឆ្នាំ និងមានកូន3នាក់។ លោកគឺជាមហាសេដ្ឋីពិភពលោក លំដាប់ទី239 នៅក្នុងតារាងចំណាត់ថ្នាក់ របស់ Forbes។
លោក Pham Nhat Vuong ធ្លាប់បានសិក្សានៅឯប្រទេសរុស្ស៊ី និងបានចាប់ផ្ដើមអាជីវកម្មមីដ៏ពេញនិយម នៅអ៊ុយក្រែន អំឡុងទសវត្សរ៍ 1990 មុនពេលត្រឡប់មកប្រទេសវៀតណាម។
Pham Nhat Vuong គឺជាអគ្គនាយកនៃក្រុមហ៊ុន Vingruop ជាក្រុមហ៊ុនធំជាងគេមួយនៅវៀតណាម ដែលរកស៊ីក្នុងវិស័យអចលនទ្រព្យ លក់រាយ និងសុខាភិបាល។ លោក Pham Nhat Vuong ក៏ជាស្ថានិកនៃក្រុមហ៊ុនផលិតរថយន្ត VinFast ផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុន Vingroup របស់លោក Pham Nhat Vuong ក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនផ្សេងទៀង។
ក្នុងឆ្នាំ 2018 លោក Vuong បានចុះបញ្ជីក្រុមហ៊ុន Vinhomes ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកអចលនទ្រព្យរបស់ Vingroup ទៅក្នុងផ្សារហ៊ុន ហើយប្រមូលទុនបាន 1.3ពាន់លានដុល្លារអាមេរិក នៅក្នុងការបោះផ្សាយមូលបត្រ (IPO)លើកដំបូងមួយ ដែលបានកំណត់តម្លៃរបស់ក្រុមហ៊ុននេះ ឡើងដល់ 13ពាន់លានដុល្លារអាមេរិក៕
ប្រភព៖ សារព័ត៌មានបរទេស