Skip to content

អ្នកដឹកនាំសម្ដែង បង្ហើបប្រាប់ពីអត្ដចរិតនាយគ្រឿនពេលធ្វើការងារ

ក្រោយពីមានការរិះគន់ទៅលើតារាល្បីឈ្មោះមួយចំនួនថា ចាប់តាំងពីពួកគេមានឈ្មោះបោះសំឡេងមកហាក់ដូចជាពិបាកធ្វើការជាមួយណាស់។ ថ្មីៗនេះលោក អ៊ុច រ៉ាវុឌ្ឍ ជាអ្នកដឹកនាំការផលិតស្ប៉តពាណិជ្ជកម្មបានប្រាប់មកថា លោកក៏ធ្លាប់ជួបតារាមួយចំនួនដូច្នោះដែរ ដែលវាមិនផ្ដោតលើតារាល្បី ឬមិនល្បីនោះទេ។

លោក អ៊ុច រ៉ាវុឌ្ឍ បញ្ជាក់ថា ក្នុងជីវិតជាអ្នកដឹកនាំការងារសម្ដែង និងស្ប៉តពាណិជ្ជកម្ម រឿងអ្វីក៏លោកធ្លាប់ជួបដែរ ពិសេសការលំបាករបស់តារាសម្ដែងពាក់ព័ន្ធនឹងពេលវេលា។ បើទោះជាកន្លងមក ការងាររបស់លោកបានទទួលជោគជ័យជាច្រើនក៏ដោយ តែក៏ក្នុងចំណោមនោះលោកធ្លាប់ជួបបញ្ហា និងឈឺក្បាលជាមួយតារាសម្ដែងមិនតិចដែរ។

អ្នកដឹកនាំសម្ដែងរូបនេះបញ្ជាក់ថា តារាដែលលំបាក ភាគច្រើនគាត់មានអត្ដចរិតឆ្មើងឆ្មៃមិនយល់ពីសិល្បៈ និងមិនគោរពពេលវេលា។ លោកបានអះអាងថា បញ្ហាទាំងនោះកើតឡើងមិនសំដៅលើភាពល្បី ឬមិនល្បីរបស់តារាទាំងនោះទេ ព្រោះអ្នកខ្លះមិនទាន់ល្បីផងក៏បង្កផលលំបាកទៅហើយ។ ផ្ទុយទៅវិញដូចជានាយ គ្រឿន ជាតារាកំប្លែងល្បីឈ្មោះមួយរូបទើបតែទទួលការងារពីលោក គឺធ្វើការងារជាមួយលោកយ៉ាងរលូន។

លោក អ៊ុច រ៉ាវុឌ្ឍ បញ្ជាក់ថា៖ «ពេលខ្លះគេធ្វើការងារសិល្បៈយូរទៅ យល់ពីសិល្បៈច្បាស់កាន់តែឱ្យតម្លៃការងារ។ ដូចជានាយគ្រឿន ខ្ញុំធ្វើការងារជាមួយគាត់តាំងពីមិនទាន់ល្បីខ្លាំងរហូតដល់គាត់ល្បីខ្លាំង តែខ្ញុំសង្កេតឃើញថា បច្ចុប្បន្នគាត់កាន់តែដាក់ខ្លួនខ្លាំង រួសរាយរាក់ទាក់ជាមួយក្រុមការងារ ជាពិសេសរឿងពេលវេលាវិញមិនធ្វើឱ្យខ្ញុំឈឺក្បាលទេ។ ខ្ញុំណាត់ម៉ោង6 គាត់មករង់ចាំដល់កន្លែងតាំងពីម៉ោង 5ម្ល៉េះ»។

លោកបន្ដថា ទាំងនេះជាចំណុចវិជ្ជមានមួយដែលបានបង្ហាញទៅដល់តារាសិល្បៈដទៃទៀតដែលគួរតែយកគំរូតាម។ អ្នកដឹកនាំសម្ដែងម្នាក់ណាក៏ចង់បានតារាសិល្បៈបែបនេះមកធ្វើការងារជាមួយដែរ ប្រសិនបើយើងចូលរួមធ្វើការងារនេះបានល្អទាំងអស់គ្នា វាក៏ជាការរួមចំណែកលើកស្ទួយវិស័យសិល្បៈម្យ៉ាងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *