ខ្សែប្រយុទ្ធ Marko Arnautovic បាននិយាយថា វាគឺជាការសម្រេចចិត្តដ៏ងាយស្រួលក្នុងការចាកចេញពីក្លិប Stoke City ទៅកាន់ក្លិបញញួរធំ West Ham ក្រោយពីបានបំពេញការផ្ទេរក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិបចំនួន 25លានផោន (ស្មើនឹង 32.5លានដុល្លារអាមេរិក) កាលពីថ្ងៃសៅរ៍។
ខ្សែប្រយុទ្ធអន្តរជាតិអូទ្រីសរូបនេះ បានចំណាយពេល 4រដូវកាល ដោយបានស៊ុតបាល់បញ្ចូលទី22 គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន23គ្រាប់ផ្សេងទៀតក្នុងការបង្ហាញខ្លួន125លើក របស់គេក្នុងក្របខ័ណ្ឌ Premier League។
Arnautovic វ័យ28ឆ្នាំ ដែលអាចលេងបានក្នុងតំបន់ប្រយុទ្ធទាំងមូលនោះ កំពុងតែស្រេកឃ្លានក្នុងការធ្វើការក្រោមការដឹកនាំរបស់លោក Slaven Bilic នៅឯក្លិប West Ham។ Arnautovic បានប្រាប់គេហទំព័ររបស់ក្លិប West Ham ថា៖ «អ្នកចាត់ការទូទៅបានផ្តល់ឲ្យខ្ញុំនូវអារម្មណ៍យ៉ាងល្អសម្រាប់ក្លិបនេះ និងខ្លួនរបស់ខ្ញុំថា ខ្ញុំអាចអភិវឌ្ឍកាន់តែល្អប្រសើរនៅទីនេះ។ ខ្ញុំមិនបានចំណាយពេលគិតយូរឡើយក្នុងការទទួលយកឱកាសនេះ»។
Arnautovic ដែលបានបង្ហាញខ្លួន62លើកសម្រាប់ប្រទេសរបស់គេនោះបាននិយាយថា៖ «វាជាអារម្មណ៍ដ៏ពិសេសមួយចំពោះខ្ញុំក្នុងការក្លាយជាកីឡាករម្នាក់របស់ West Ham»។ West Ham ក៏បានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនដែរថា៖ «ក្លិប West Ham ពិតជារីករាយណាស់ក្នុងការប្រកាសពីការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធអន្តរជាតិអូទ្រីសក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិប»។ ឯ Stoke វិញបានបញ្ជាក់ថា ពួកគេនឹងទទួលបានប្រាក់20លានផោនសម្រាប់ការផ្ទេរនេះ រួមជាមួយនឹងប្រាក់ឧបត្ថម្ភបន្ថែម5លានផោនទៀត៕
ប្រភពពី៖ ESPN