ដោយសារតែខណៈនេះ នៅមិនទាន់មានវ៉ាក់សាំងការពារមេរោគវីរុស COVID-19 ដ៏សាហាវមួយនេះ និងថែមទាំងមិនទាន់អាចគ្រប់គ្រងការឆ្លងរាលដាលបានទៀតនោះ មានវិធីទប់ទល់តែមួយគត់ ដែលយើងអាចការពារខ្លួនបាន គឺជំរុញ បង្កើន និងពង្រឹងប្រព័ន្ធការពាររាងកាយដើម្បីការពារការឆ្លងមេរោគ និងបំផ្លាញក្រោយពេលបានទទួលមេរោគហើយឱ្យកាន់តែឆាប់រហ័សឡើង មិនឱ្យមានអាការធ្ងន់ធ្ងរដល់ជីវិត នោះគឺការទទួលទានវីតាមីន និងសារធាតុអាហារដែលមានចំណែកជួយបង្កើន និងសាងប្រព័ន្ធការពាររាងកាយរបស់យើង ដែលមានដូចជា៖
1.វីតាមីនC (Vitamin C) មានប្រយោជន៍ចំពោះរាងកាយមនុស្សច្រើនផ្នែក រួមទាំងការបង្កើនភាពរឹងមាំរបស់ប្រព័ន្ធប្រឆាំងនឹងជំងឺឆ្លងទៀតផង។ អ្នកដែលមានកម្រិតវីតាមីន C ក្នុងរាងកាយខ្ពស់ នឹងឆាប់ជាសះស្បើយពីជំងឺគ្រុនផ្ដាសាយ និងការឆ្លងមេរោគបានលឿនជាងអ្នកដែលមិនបានទទួលវីតាមីន C បន្ថែម។ វីតាមីន C មានច្រើននៅក្នុងផ្លែឈើស្រស់ និងបន្លែមួយចំនួន ដូចជា ក្រូចឆ្មារ បន្លែប្រូខូលី(ផ្កាខាត់ណាពណ៌ខៀវ) ស្ពៃក្ដោប ប៉េងប៉ោះ ផ្លែស្វាយ និងផ្លែត្របែក។
2. មើមខ្ទឹមស (Garlic) គុណសម្បត្តិរបស់សារធាតុ អាល់លីស៊ីន(Allicin) ក្នុងខ្ទឹមស អាចប្រឆាំងមេរោគបាក់តេរី មេរោគវីរុស និងមេរោគជាច្រើនទៀត និងថែមទាំងជួយប្រព័ន្ធឈាមរត់ដំណើរការបានល្អ និងជួយឱ្យគ្រាប់ឈាមសធ្វើការយ៉ាងមានប្រសិទ្ធភាព។ អ្នកទទួលទានខ្ទឹមសជាប្រចាំ នឹងមិនសូវឈឺថ្កាត់ និងឆាប់ជាសះស្បើយពីជំងឺឆ្លងដោយមេរោគទៀតផង។
3. អេខៃណាសៀ(Echinacea) ជារុក្ខជាតិឱសថបុរាណមួយប្រភេទដែលជួយស្ដារប្រព័ន្ធការពាររាងកាយ និងប្រឆាំងជំងឺ។ តាមរយៈការស្រាវជ្រាវ បានរកឃើញថា ឱសថបុរាណអេខៃណាសៀ មានគុណសម្បត្តិជួយទប់ស្កាត់មេរោគបាក់តេរី វីរុស និងមេរោគផ្សិត និងជាអ្នកស្ទាក់ចាប់ និងកម្ទេចមេរោគដំបូងគេនៅពេលមេរោគចូលមកក្នុងរាងកាយ។
ទោះជាមេរោគមានគ្រោះថ្នាក់ខ្លាំងប៉ុនណាក៏ដោយ តែបើយើងបានត្រៀមរាងកាយឱ្យរឹងប៉ឹងជាប់ជានិច្ច នោះនឹងធ្វើឱ្យភាពប្រថុយប្រថានក្នុងការឆ្លងជំងឺ ថយចុះ និងកាត់បន្ថយភាពធ្ងន់ធ្ងរក្នុងការឆ្លងមេរោគបានទៀតផង៕
ប្រភព ៖ សារព័ត៌មានបរទេស