ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី17 ខែមីនា ឆ្នាំ2020នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃនេះដល់ថ្ងៃទី23 ខែមីនា ឆ្នាំ 2020។
ក្រសួងបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា កម្រិតសម្ពាធទាបនៅលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈកម្ពស់ គ្របដណ្តប់លើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ ធាតុអាកាសបន្តក្តៅនៅពេលថ្ងៃ៖
1. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី 26-27°C
– សីតុណ្ហភាពអតិបរមា មានពី 37-39°C អាចមានភ្លៀងធ្លាក់ខ្សោយនៅផ្នែកខ្លះ ដោយឡែកនៅថ្ងៃទី 18-21 ខែមីនា ផ្នែកមួយចំនួននៃខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ប៉ៃលិន បាត់ដំបង និងខេត្តព្រះវិហារ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម ជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
2. បណ្តាខេត្តនៅខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី 26-28°C
– សីតុណ្ហភាពអតិបរមា មានពី 34-36°C ។
3. បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី 26-28°C
– សីតុណ្ហភាពអតិបរមា មានពី 35-37°C ។
ចាប់ពីថ្ងៃទី 17-23 ខែមីនា នឹងអាចមានភ្លៀងខ្សោយ ដោយឡែកតែ ខេត្តកោះកុង នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម ។
ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាពចំពោះការកើនឡើងនៃកម្តៅ និងសូមបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបណ្តាខេត្តនៅភាគពាយ័ព្យ ចាប់ពីថ្ងៃទី 18-21 ខែមីនា៕